Connect with us

ព័ត៌មានអន្ដរជាតិ

កុំ​ភ្លេច​ខ្លួន​ឲ្យ​សោះ​ ប្រទេស​២​នេះ​គ្រាន់​តែបន្ធូរបន្ថយ​បំរាម Delta វាយលុកភ្លាម

បានផុស

នៅ

ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភព​លោក​​កំពុង​​ដុន​ដាប​ដោយ​វិបត្តិ​កូវីដ-១៩។ ប្រទេស​ខ្លះ​បាន​ដាក់​បំរាម​ទប់​ស្កាត់ និង​ចាក់​វ៉ាក់សាំង​បង្ការ​បាន​ជោគជ័យ​ ហើយក៏​បាន​ឈប់​ដាក់​បំរាម​រឹត​ត្បិត។ យ៉ាង​ណា ក្រោយ​ពេល​បើក​សង្គម​ធម្មតា​វិញ ប្រជា​ជន​ហាក់​ដូច​ភ្លេច​ខ្លួន​បាន​ដៃ Delta វាយ​លុក​ភ្លាម។

ជាក់​ស្តែង​ប្រទេស​អ៉ីស្រាអែល និងហុល្លង់​ត្រូវ​បាន​គេ​ដឹងចាក់​វ៉ាក់សាំង​បាន​ជោគជ័យ​ដើម្បី​បញ្ឈប់​ដំណើរ​ឆ្លង​កូវីដ-១៩ ប៉ុន្តែ​ទើប​បន្ធូរ​បន្ថយ​សង្គម​បានមួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ ករណី​ឆ្លង​ក៏​ងើប​ឡើង​វិញ។

ប្រទេស​អ៉ីស្រាអែល​

ប្រទេស​អ៉ីស្រាអែលបាន​ឈាន​មុខ​គេ​ក្នុង​ពិភព​លោក​ពី​ការ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩ បន្ទាប់​ពី​ចាប់​ផ្តើម​កាល​ពី​ខែ​ធ្នូ ឆ្នាំ​មុន និង​គិត​ត្រឹម​ថ្ងៃ​ទី​២០ ខែ​មីនា មនុស្ស​ជាង​ពាក់​កណ្តាល​នៃ​ប្រជា​ជន​ជាង​៩​លាន​នាក់​របស់​ខ្លួន​បាន​ចាក់​ពេញ​លេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ពេល​ពិភព​លោក​កំពុង​ស្រែក​រក​វ៉ាក់សាំង អ៉ីស្រាអែល​បាន​ធានា​ការ​ចាក់​វ៉ាក់សាំង​ Pfizer-BioNTech ​​ហោច​ណាស់​៤​ម៉ឺន​ដូសជា​រៀង​រាល់​សប្តាហ៍។ ការ​ចាក់​ដំណើរ​ការ​យ៉ាង​រលូន​ បូក​រួម​ទាំង​បំរាម​រឹត​ត្បិត​ផង​នោះ​បាន​ធ្វើ​ឲ្យ​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​បាន​ធ្លាក់​ចុះ​យ៉ាង​ឆាប់​រហ័ស។

កាល​ពី​ខែមករា​មាន​ករណី​ឆ្លង​កូវីដខ្ពស់​ដល់​​១២០០០​នាក់ ប៉ុន្តែ​បាន​​ធ្លាក់​ចុះ​មក​ក្រោម​១០០​នាក់​ក្នុង​ខែ​មេសា ហើយ​មិន​មាន​ស្លាប់​​​សោះ​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​១០​ខែ​ចុង​ក្រោយ។​

ពេល​នោះ​ហើយ បំរាម​រឹត​ត្បិត​ត្រូវ​​បាន​បន្ធូរ​បន្ថយ និង​ទី​តាំង​សាធារណៈ​ដូច​ជាហាង​កាហ្វេ ភោជនីយដ្ឋាន រោង​កុន​ជា​ដើម​បើក​ដំណើរ​ការ​ឡើង​វិញ​ មនុស្ស​ចូល​ពេញ​ៗ។ កាល​ពី​ខែ​មិថុនា បំរាម​ពាក់​ម៉ាស់​ត្រូវ​បាន​បញ្ចប់​ដើម្បី​វិល​ត្រឡប់​ទៅ​សង្គម​ធម្មតា​វិញ។

បន្ទាប់​មក​វីរុស​កាច និង​ឆ្លង​លឿន Delta បាន​ដៃ​វាយ​លុក​ភ្លាម។ ករណី​ឆ្លង​ថ្មី​បាន​ឡើង​ខ្ពស់​​ដែល​ជា​មធ្យមរយៈ​ពេល​៧​ថ្ងៃជាង​១​ពាន់​នាក់​កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ដែល​នេះ​ជា​ចំនួន​ខ្ពស់​លើក​ដំបូង​គិត​ចាប់​ពី​ខែ​មីនា។

ពេល​នោះ ការ​ពាក់​ម៉ាស់​ត្រូវ​បាន​អនុវត្ត​ឡើង​វិញ បន្ទាប់​ពី​លែង​ពាក់​ទាំង​ក្នុង និង​ក្រៅ​ផ្ទះ​បាន​ប្រមាណ​១០​ថ្ងៃ​ប៉ុណ្ណោះ។ ថ្ងៃ​ពាក់​ម៉ាស់​ត្រូវ​បាន​អនុវត្ត​ឡើង​វិញ រដ្ឋាភិបាល​បាន​ចេញ​បទ​បញ្ជា​ឲ្យ​ធ្វើ​ចត្តាឡីស័ក​១៤​ថ្ងៃ​សម្រាប់​អ្នក​ដែល​ប៉ះ​ពាល់​ផ្ទាល់​ជា​មួយ​អ្នក​ជំងឺ​កូវីដ-១៩ ខណៈ​វីរុស Delta រក​ឃើញ​ច្រើន​ជាង​គេ​ដល់​ទៅ​៩០​%​ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មី​ទូទាំង​ប្រទេស។

ការ​ស្រាវ​ជ្រាវ​រក​ឃើញ​ថា ឥទ្ធិពល​គួរ​ឲ្យ​ព្រួយ​បារម្ភ​គឺ Delta ឆ្លង​អ្នក​ដែល​ចាក់​វ៉ាក់សាំង​រួច​ហើយ។ ទិន្នន័យ​នៅ​អ៉ីស្រាអែល​​ក៏​បង្ហាញ​ថា Pfizer-BioNTech មាន​ប្រសិទ្ធភាព​តែ​៤១​%​ប៉ុណ្ណោះ​ការពារមិនឲ្យ​​កើត​​រោគសញ្ញា​កូវីដ។

យ៉ាង​ណា លោកនាយក​រដ្ឋ​មន្ត្រី​អ៉ីស្រាអែល Naftali Bennett មិន​ទាន់​ដាក់​ចេញ​បំរាម​ជា​ថ្មី​ទេ​ដោយ​ត្រូវ​អនុវត្តវិធាន​ការ​ទន់​សិន​ដូច​ជា​ប្រើ​ប័ណ្ណ​បៃតងសម្រាប់​បញ្ជាក់​អ្នក​ចាក់​វ៉ាក់សាំង ឬ​ជា​សះ​ស្បើយ​ពីជំងឺ​កូវីដដែល​អាច​ចូល​ទៅ​កន្លែង​ផ្សេង​ៗ​ដូច​ជា​ភោគជនីយដ្ឋាន​ និង​ត្រូវ​ចាក់​វ៉ាក់សាំង​បន្ថែម​ដូស​ទី​៣​ជា​ដើម។

ប្រទេស​ហុល្លង់​

ហុល្លង់​ចាប់​ផ្តើម​ទទួល​រង​ធ្ងន់​ធ្ងរ​ឡើង​វិញ​ហើយ បន្ទាប់​ពី​បើក​ដំណើរ​ការ​ប្រទេស​​ត្រឹម​តែ​មួយ​ខែ​ប៉ុណ្ណោះ ដោយ​មាន​សេចក្តី​រាយការណ៍​ពី​ការ​ឆ្លង​ថ្មី​ដ៏​អាក្រក់​បំផុត​មួយក្នុង​ពិភព​លោក។

ការ​រឹត​ត្បិតត្រូវ​បាន​បន្ធូរ​បន្ថយ​កាល​ពី​ថ្ងៃ​ចន្ទ ប៉ុន្តែ​ទិន្នន័យ​រដ្ឋាភិបាល​ហុល្លង់​បង្ហាញ​ថា មាន​ករណី​ឆ្លង​ថ្មី ៥២០០០​នាក់​នៅ​ក្នុង​សប្តាហ៍​នេះ​ចាប់​តាំង​ពី​ថ្ងៃ​ទី​១២ ខែ​កក្កដា​មក  ដែល​បាន​កើន​ឡើងជាង​៥០០​%​ប្រៀប​ធៀប​នឹង​កាល​ពី​សប្តាហ៍​មុន។

ការ​ផ្ទុះ​ឆ្លង​ថ្មី​មិន​ធ្លាប់​មាន​បាន​ជំរុញ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី Mark Rutte ធ្វើ​ការ​សុំ​ទោសចំពោះ​​ការ​វិនិច្ឆ័យ​មិន​ល្អ​ដើម្បី​បន្ធូរ​បន្ថយ​បំរាម​គោចរ​លឿន​ពេក។

ការ​បំពាន​បំរាម​ភាគ​ច្រើន​ក្រុម​យុវវ័យ​ដែល​ដើរ​កម្សាន្ត​ពេល​យប់​​ជា​ហេតុ​ធ្វើ​ឲ្យ​ករណី​ឆ្លង​ថ្មី​ងើប​ឡើង​វិញ។

យោង​តាម​សារព័ត៌មាន​ក្នុង​ស្រុក​បាន​ផ្សាយ​ថា ២៦២​%​នៃ​ករណី​ឆ្លង​​ថ្មី​ត្រូវ​បាន​រក​​ឃើញ​​ក្នុង​ចំណោម​មនុស្ស​វ័យ​ក្មេង​អាយុ​១៨​ទៅ​២៤​ឆ្នាំ។ ៤​នាក់​ក្នុង​ចំណោម​​ករណី​ឆ្លង​ថ្មី​១០​នាក់​គឺ​រក​ឃើញ​ឆ្លងចេញ​ពី​​​ក្នុង​បារ និង​ក្លឹប​កម្សាន្ត​ ហើយ​ការ​ធ្វើ​តេស្ត​អ្នក​ដែល​ចូល​បារ ឬ​ក្លឹប​កម្សាន្ត​ទាំង​នោះ​ភាគ​ច្រើន​លទ្ធផល​វិជ្ជមាន។

ទោះ​ជា​បំរាម​ខ្លះ​ត្រូវ​បាន​ដាក់​ជា​ថ្មី រាប់​ទាំង​ធ្វើ​ការងារ​ពី​ផ្ទះ ក៏​រដ្ឋាភិបាល​មិន​អាច​ទប់​ស្កាត់​ការ​រាល​ដាល​ឆ្លង​យ៉ាង​ឆាប់​រហ័ស​បាន​ទេ។

ភោជនីយដ្ឋាន និង​បារ​នៅ​តែ​បន្ត​អនុញ្ញាតបើក ដោយ​ម្ចាស់​ត្រូវ​បាន​ជំរុញ​ឲ្យ​អនុវត្ត​វិធានការ​គម្លាត​សង្គមជា​ដើម។ ​

ដូច​អ៉ីស្រាអែល​ដែរ ប្រទេស​ហុល្លង់​បាន​រក​ឃើញ​វីរុស Delta គ្រប់​ដណ្តប់​ខ្លាំង​ដល់​ទី​៩១​%​នៃ​ចំនួន​ឆ្លង​ថ្មី​នៅ​ទី​ក្រុង Amsterdam។ ហុល្លង់​បាន​ចាក់​វ៉ាក់សាំងបង្ការ​កូវីដ-១៩​ពេញ​លេញ​ដល់​ប្រជាជាង​៤៨​%៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ straitstimes

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម