Connect with us

ព័ត៌មានអន្ដរជាតិ

មន្ត្រីអាវុធហត្ថម្នាក់ ត្រូវបានស្តីបន្ទោស តាមទណ្ឌកម្មផ្នែកវិន័យ ក្រោយមានការផ្សាយថា បង្កគ្រោះថ្នាក់ចរាចរណ៍ហើយរត់គេចខ្លួន

បានផុស

នៅ

មន្ត្រីកងរាជអាវុធហត្ថម្នាក់ នៅខេត្តព្រះសីហនុ បន្ទាប់ពីមានការផ្សព្វផ្សាយថា បង្កគ្រោះថ្នាក់ចរាចរណ៍ហើយរត់គេចខ្លួន ថែមទាំងជេរប្រមាថទៅលើអ្នកសារព័ត៌មាននោះ ត្រូវបានមេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះ​សីហនុ ហៅមកសាកសួរ និងបំភ្លឺអំពីករណីនេះ។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងនៅថ្ងៃទី២៥ ខែសីហានេះថា រយៈពេលកន្លងទៅនេះ មានបណ្ដាញព័ត៌មានសង្គមមួយចំនួនបានបង្ហោះផ្សព្វផ្សាយ អំពីមន្ត្រីអាវុធហត្ថម្នាក់ មានឋានន្តរសក្តិអនុសេនីយ៍ឯក បង្កគ្រោះថ្នាក់ចរាចរណ៍ហើយរត់គេចខ្លួន ថែមទាំងជេរប្រមាថទៅលើអ្នកសារព័ត៌មាន។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានឲ្យដឹងបន្តថា យោងសេចក្តីរាយការណ៍ របស់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្រោយពីទទួលបានព័ត៌មាន នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ លោកបានឲ្យជំនាញហៅលោកអនុសេនីយ៍ឯក ផឹង កុសល អត្តលេខ០៥៨៤៧៧ មុខងារ មេបញ្ជាការកងអនុសេនាធំចល័ត គ២០ មកសាកសួរបំភ្លឺអំពីករណីគ្រោះថ្នាក់ចរាចរណ៍ និងការជេរប្រមាថ។

តាមការបំភ្លឺរបស់លោកអនុសេនីយ៍ឯក ផឹង កុសល ថា នៅវេលាម៉ោង១១ និង០០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ពិតជាមានករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង។ ប៉ុន្តែពុំមានបុគ្គលណាម្នាក់ រងរបួសនោះទេ ភាគីទាំង២ បានសុំទោសគ្នាទៅវិញទៅមករួចហើយ ក៏បានចាកចេញពីកន្លែងកើតហេតុរៀងៗខ្លួន។ លោកអនុសេនីយ៍ឯក ផឹង កុសល បានបន្តដំណើរ ស្រាប់តែមានរថយន្ត១គ្រឿង ដែលជាក្រុមសារព័ត៌មាន មកឈប់ពីមុខរថយន្តរបស់គាត់ ហើយក៏ប្រកែកគ្នា អំពីករណីគ្រោះថ្នាក់ចរាចរណ៍នោះ ឈានដល់ការប្រើពាក្យសម្តីមិនសមរម្យ។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់បន្ថែមថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះ សីហនុ បានធ្វើការស្តីបន្ទោសតាមទណ្ឌកម្ម ផ្នែកវិន័យចំពោះឈ្មោះ ផឹង កុសល ឋានន្តរសក្តិអនុសេនីយ៍ឯក អត្តលេខ០៥៨៤៧៧ មុខងារ មេបញ្ជាការកងអនុសេនាធំចល័ត គ២០ កងរាជអាវុធហត្ថខេត្តព្រះសីហនុ និងបានអប់រំណែនាំដោយធ្វើកិច្ចសន្យាទទួលកំហុសអំពីសីលធម៌ ក្នុងនាមជានាយទាហាននៃកងរាជអាវុធហត្ថ ត្រូវប្រកាន់ខ្ជាប់ខ្ជួននូវវិន័យ ក្រមសីលធម៌ វិជ្ជាជីវៈ បម្រើប្រជាជន ការពារ និងសង្គ្រោះប្រជាពលរដ្ឋ ស្របតាមតួនាទី ភារកិច្ចរបស់ខ្លួន៕ (ដោយ)៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម