ថៃរកឃើញគ្រោងឆ្អឹងត្រីបាឡែនដែលមានអាយុកាលរាប់ពាន់ឆ្នាំ – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

ថៃរកឃើញគ្រោងឆ្អឹងត្រីបាឡែនដែលមានអាយុកាលរាប់ពាន់ឆ្នាំ

Published

on

គ្រោងឆ្អឹងត្រីបាឡែនដែលត្រូវបានថែរក្សាស្ទើរតែល្អដូចដើម ហើយគេគិតថាមានអាយុចន្លោះពី ៣,០០០ ទៅ ៥,០០០ ឆ្នាំត្រូវបានគេរកឃើញនៅក្នុងប្រទេសថៃ ។ ឆ្អឹងនេះត្រូវបានគេរកឃើញនៅដើមខែវិច្ឆិកា ប្រហែល ១២ គីឡូម៉ែត្រពីឆ្នេរសមុទ្រនៅប៉ែកខាងលិចនៃរដ្ឋធានីបាងកក ។

គ្រោងឆ្អឹងដ៏វែងដែលមានប្រវែង ១២ ម៉ែត្រ ត្រូវបានគេគិតថាជាត្រីបាឡែនយក្ស Bryde ។ គេសង្ឃឹមថាការរកឃើញនេះអាចជួយក្នុងការស្រាវជ្រាវអំពីកម្រិតទឹកសមុទ្រ និងជីវចម្រុះផងដែរ ។

រូបភាពដែលចែករំលែកដោយរដ្ឋមន្រ្តីក្រសួងបរិស្ថានថៃលោក Varawut Silpa-archa បង្ហាញថា ឆ្អឹងស្ទើរតែមានសភាពដូចដើមទាំងស្រុង ។ បើតាមលោករដ្ឋមន្រ្តីបានឲ្យដឹងថា រហូតមកដល់ពេលនេះគ្រោងឆ្អឹងជាង ៨០ ភាគរយត្រូវបានរកឃើញរួមមាន ឆ្អឹងខ្នង ឆ្អឹងជំនីរ ព្រុយ និងឆ្អឹងស្មាមួយចំហៀង ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃបានឲ្យដឹងថា គ្រាន់តែគ្រោងឆ្អឹងរបស់ក្បាលត្រីមានប្រវែងប្រហែល ៣ ម៉ែត្រ ។ ឆ្អឹងមិនទាន់ត្រូវបានចុះកាលបរិច្ឆេទដើម្បីកំណត់អាយុពិតប្រាកដរបស់វានៅឡើយទេ ខណៈលទ្ធផលត្រូវបានគេរំពឹងទុកនៅក្នុងខែធ្នូ ។ ផូស៊ីលនៃឆ្អឹងនៃផ្នែកខ្លះត្រូវបានគេរកឃើញនៅក្បែរឆ្នេរសមុទ្រនៃខេត្តសាមុតសាខន ។

បើតាមលោករដ្ឋមន្រ្តីបានឲ្យដឹងថា គ្រោងឆ្អឹងនឹងមានប្រយោជន៍សម្រាប់ការស្រាវជ្រាវអំពីការផ្លាស់ប្តូរកម្រិតទឹកសមុទ្រ ការវិវត្តរបស់ត្រីបាឡែន និងជីវៈចម្រុះនៅក្នុងតំបន់ ។

ត្រីបាឡែនយក្ស Bryde ដែលរស់នៅលើពិភពលោកក្នុងសីតុណ្ហភាពក្ដៅ ហើយសើម និងក្នុងទឹកត្រជាក់នៅតែត្រូវបានគេរកឃើញនៅក្នុងទឹកជុំវិញប្រទេសថៃសព្វថ្ងៃ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ BBC

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម