Connect with us

ព័ត៌មានអន្ដរជាតិ

ឯកសារសម្ងាត់របស់ FBI បង្ហាញពីទំនាក់ទំនងរបស់អារ៉ាប៊ីសាអ៊ូឌីត ទៅនឹងការវាយប្រហារ ថ្ងៃ១១ កញ្ញា

បានផុស

នៅ

FBI បានបញ្ចេញឯកសារសម្ងាត់ថ្មីមួយ អំពីការវាយប្រហារថ្ងៃទី១១ខែកញ្ញា ដោយបង្ហាញលម្អិតអំពីការគាំទ្រផ្នែកភស្តុភារ ទៅឲ្យចោរប្លន់ជនជាតិអារ៉ាប៊ីសាអ៊ូឌីតពីរនាក់ ដែលឈានទៅដល់ប្រតិបត្តិការភេរវកម្ម។

ឯកសារកម្រាស់១៦ទំព័រនេះ គឺជាកំណត់ត្រាស៊ើបអង្កេតដំបូងបំផុត ដែលត្រូវបានចែករំលែកចាប់តាំងពីលោកប្រធានាធិបតី ចូ បៃដិន បានបញ្ជាកាលពីសប្តាហ៍មុន ឲ្យមានការត្រួតពិនិត្យឡើងវិញ អំពីឯកសារពាក់ព័ន្ធការវាយប្រហារថ្ងៃទី១១ខែកញ្ញា។

ឯកសារនេះ បានសង្ខេបបទសម្ភាសន៍របស់ FBI ក្នុងឆ្នាំ២០១៥ ជាមួយបុរសម្នាក់ ដែលមានទំនាក់ទំនងទៀងទាត់ជាមួយជនជាតិអារ៉ាប៊ីសាអ៊ូឌីតនៅសហរដ្ឋអាមេរិក។ បុរសម្នាក់នោះ បានជួយលោក Nawaf al-Hazmi និង Khalid al-Mihdhar ដែលជាចោរប្លន់ដំបូង បានមកដល់សហរដ្ឋអាមេរិក។

ឯកសារនេះ លម្អិតអំពីទំនាក់ទំនងរវាងក្រុមចោរប្លន់ ជាមួយសហការីអារ៉ាប៊ីសាអ៊ូឌីត នៅសហរដ្ឋអាមេរិក។ ទោះបីជាយ៉ាងណាក៏ដោយ វាមិនបានផ្តល់ភស្តុតាងដែលថា មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់អារ៉ាប៊ីសាអ៊ូឌីត ជាប់ពាក់ព័ន្ធនឹងការផ្សំគំនិតក្នុងការវាយប្រហារនេះទេ។

ឯកសារនេះ ត្រូវបានបញ្ចេញមិនយូរប៉ុន្មាន បន្ទាប់ពីលោក បៃដិន ប្រារព្ធខួបលើកទី២០ នៃការវាយប្រហារភេរវកម្ម។

រដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីត ដែលបានបដិសេធជាយូរមកហើយថាមិនមានតួនាទីណាមួយនៅក្នុងការវាយប្រហារនោះ គឺមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយឡើយ។

ស្ថានទូតអារ៉ាប៊ីសាអ៊ូឌីតនៅទីក្រុង វ៉ាស៊ីនតោន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍មុនពេលឯកសារនេះត្រូវបានចេញផ្សាយថា ខ្លួនស្វាគមន៍ចំពោះការបង្ហាញកំណត់ត្រានេះ ដើម្បីបញ្ចប់ការចោទប្រកាន់គ្មានមូលដ្ឋានប្រឆាំងនឹងព្រះរាជាណាចក្រនេះម្តងហើយម្តងទៀត។

ការលើកឡើងណាមួយ ដែលថាអារ៉ាប៊ីសាអ៊ូឌីត ជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនេះគឺ “ខុសទាំងស្រុង”។

របាយការណ៍របស់គណៈកម្មការ ៩/១១ មិនបានរកឃើញភស្តុតាងថា មេដឹកនាំអារ៉ាប៊ីសាអ៊ូឌីត ពាក់ព័ន្ធក្នុងការវាយប្រហារនេះឡើយ ប៉ុន្តែនិយាយថា ជនជាតិអារ៉ាប៊ីសាអូឌីតបានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់មូលនិធិដល់ក្រុមអាល់កៃដា។

ព័ត៌មានបន្ថែមអំពីការវាយប្រហារនេះ អាចនឹងលេចចេញក្នុងពេលឆាប់ៗ ដោយសារតែលោក បៃដិន បានបញ្ជាឲ្យក្រសួងយុត្តិធម៌និងទីភ្នាក់ងារដទៃទៀត ពិនិត្យមើលឡើងវិញថាតើឯកសារណាខ្លះដែលអាចត្រូវបានបញ្ចេញជាសាធារណៈក្នុងរយៈពេលប្រាំមួយខែខាងមុខ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NBC

ចុចអាន៖ ២០ឆ្នាំនៅតែឈឺចាប់៖ ជីកកកាយ មូលហេតុដែល អាល់កៃដា វាយប្រហារភេរវកម្ម លើ អាមេរិក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម