Connect with us

ព័ត៌មានអន្ដរជាតិ

សំណាងម្ល៉េះ! អ្នកនេសាទថៃរកឃើញកំអួតត្រីបាឡែនដែលមានតម្លៃរាប់លានដុល្លារ

បានផុស

នៅ

អ្នកនេសាទម្នាក់ដែលធ្វើការបានប្រាក់ ៥០០ ផោន (ជាង ៦៥០ ដុល្លារ) ក្នុងមួយខែបានរកឃើញដុំកំអួតត្រីបាឡែនដ៏ធំបំផុតនៅលើពិភពលោកដែលមានតម្លៃ ២.៤ លានផោន (ជិត ៣.២ លានដុល្លារ) ។ កំអួតត្រីបាឡែន ឬ Ambergris ត្រូវបានគេចាត់ទុកថាជាកំណប់នៅសមុទ្រ និងមាសអណ្តែត ដោយសារតែជាតិអាល់កុលនៃកំអួតគ្មានក្លិនរបស់វាត្រូវបានគេយកទៅធ្វើក្លិនទឹកអប់ដោយទុកបានរយៈពេលយូរ និងមានតម្លៃថ្លៃកប់ពពក ។

លោក Naris Suwannasang អាយុ ៦០ ឆ្នាំក៏បានឃើញដុំម្យ៉ាងស្រដៀងនឹងដុំថ្មជាច្រើនត្រូវបានទើរលើឆ្នេរខ្សាច់ នៅពេលដែលគាត់កំពុងដើរតាមសមុទ្រនៅខេត្ត Nakhon Si Thammarat ភាគខាងត្បូងប្រទេសថៃ ។ គាត់បានទូរស័ព្ទទៅបងប្អូនជីដូនមួយរបស់គាត់ឲ្យជួយគាត់យករបស់របរទាំងនេះទៅផ្ទះដើម្បីចាប់ផ្តើមពិនិត្យមើលការរកឃើញមិនធម្មតានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Suwannasang បាននិយាយថា ដុំកំអួតនេះអាចមានទម្ងន់ ២២០ ផោន (១០០ គីឡូក្រាម) ដែលអាចធ្វើឲ្យវាក្លាយជាប្រាក់ចំណូលដ៏ធំបំផុតមួយនៃអាថ៌កំបាំងត្រីបាឡែនដែលត្រូវបានគេរកឃើញ ។ អ្នកនេសាទរូបនេះថែមទាំងបានអះអាងថា គាត់ត្រូវបានទាក់ទងដោយពាណិជ្ជករម្នាក់ដែលផ្តល់ប្រាក់ចំនួន ៩៦០,០០០ បាតថៃ (៣១,៧០៨ ដុល្លារ) ក្នុងមួយគីឡូក្រាម ប្រសិនបើដុំកំអួតត្រូវបានបង្ហាញថាមានគុណភាពគ្រប់គ្រាន់ ។ សរុបទៅវានឹងធ្វើដុំកំអួតនេះមានតម្លៃ ៩៦,០០០,០០០ បាតថៃ (ជិត ៣.២ លានដុល្លារ) ។

លោកបាននិយាយថា “អ្នកជំនួញបានប្រាប់ខ្ញុំថា គាត់នឹងមកពិនិត្យមើលគុណភាពរបស់ដុំកំអួតនេះ នៅពេលក្រោយ ហើយតម្លៃបានធ្វើឲ្យខ្ញុំភ្ញាក់ផ្អើល ។ ឥឡូវនេះដុំកំអួតត្រីបាឡែនកំពុងរង់ចាំអ្នកឯកទេសដើម្បីបញ្ជាក់ថាសម្ភារៈដែលត្រូវបានរកឃើញគឺជាដុំកំអួតត្រីបាឡែនពិតប្រាកដ  ។ ហើយខ្ញុំក៏ចង់ដឹងបន្ថែមទៀតអំពីវា និងចង់ឲ្យអ្នកជំនាញត្រួតពិនិត្យពួកវាណាស់” ។

គាត់បានបន្ថែមទៀតថា គាត់មានបំណងទៅរកប៉ូលិសដើម្បីធ្វើកំណត់ហេតុនៃការរកឃើញរបស់គាត់ដូច្នេះវាមានកំណត់ត្រាខ្លះដែលជាកម្មសិទ្ធិរបស់គាត់ក្នុងករណីដែលនរណាម្នាក់ព្យាយាមលួចយកវត្ថុមានតម្លៃដែលមិនគួរឲ្យជឿនេះចេញពីផ្ទះរបស់គាត់ ។

Ambergris កើតចេញពីត្រីបាឡែនមេជីវិតឈ្មោលដែលស៊ីសាច់ពពួកសិរបាទសត្វដូចជា ត្រីបបែល មឹកជាដើម ។ កាលពីខែមេសា ឆ្នាំ ២០១៦ កំអួតត្រីបាឡែនមួយដុំទម្ងន់ ១.៥៧ គីឡូក្រាមត្រូវបានរកឃើញនៅក្នុងទីក្រុង Lancashire ប្រទេសអង់គ្លេស លក់ក្នុងតម្លៃ ៥០,០០០ ផោន (៦៦,៧៩៥ ដុល្លារ) ខណៈនៅខែវិច្ឆិកានៃឆ្នាំដដែលអ្នកនេសាទអូម៉ង់ ៣ នាក់បានរកឃើញកំអួតត្រីបាឡែនទម្ងន់ ៨០ គីឡូក្រាម ហើយលក់វាក្នុងតម្លៃ ២.៣ លានផោន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Daily Mail

ចុចអាន ៖ ថៃរកឃើញគ្រោងឆ្អឹងត្រីបាឡែនដែលមានអាយុកាលរាប់ពាន់ឆ្នាំ

ចុចអាន ៖ ថៃពង្រីកច្បាប់ដាក់ប្រទេសក្នុងភាពអាសន្នប្រឆាំងកូវីដ រហូតដល់ពាក់កណ្តាលខែមករា ឆ្នាំ ២០២១

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម