Connect with us

ព័ត៌មានអន្ដរជាតិ

គណ​បក្ស​របស់​បព្វជិត​ Al-Sadr ឈ្នះ​ការ​បោះ​ឆ្នោត​សភាអ៉ីរ៉ាក់

បានផុស

នៅ

គណបក្ស​របស់​បព្វជិត Moqtada al-Sadr ទទួល​បាន​សំឡេង​ឆ្នោត​ច្រើន​ជាង​គេ​នៅ​​ក្នុង​ការ​បោះ​ឆ្នោត​សភា​អ៉ីរ៉ាក់។ នេះ​បើ​យោង​តាម​លទ្ធផល​បឋម​បាន​បង្ហាញ​កាល​ពី​ថ្ងៃ​ចន្ទម្សិល​មិញ។

លទ្ធផល​បឋម​បាន​បង្ហាញ​ថា គណបក្ស​បព្វជិត​មូស្លីម​នីកាយ​ស៊ីអ៉ិត​ (Shiite Muslim) ​ទទួល​បាន​ជាង​៧០​អាសនៈ​នៅ​ក្នុង​សភា​ដែល​មាន​៣២៩​អាសនៈ។ គណបក្ស​របស់​លោក Al-Sadr បាន​និយាយ​ថា ខ្លួន​ទទួល​បាន​៧៣​អាសនៈ​ដែល​បានកើន​៥៤​អាសនៈ និង​​ផ្តល់​ឲ្យ​គណបក្ស​នេះ​មាន​ឥទ្ធិពល​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល។

លោក Moqtada al-Sadr
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទី​ភ្នាក់​ងារ​សារព័ត៌មាន Reuters បាន​ផ្សាយ​ថា យោង​តាម​លទ្ធផល​បឋម​ អតីត​នាយក​រដ្ឋ​មន្ត្រី Nouri al-Maliki ទំនង​ជា​ទទួល​បាន​សំឡេង​ច្រើន​បំផុត​លំដាប់​ទី​២​ក្នុង​ចំណោម​គណបក្សនិកាយ​ស៊ីអ៉ិត។

ក្រុម​និកាយ​ស៊ីអ៉ិត​លេច​ធ្លោ​ខ្លាំង​នៅ​ក្នុង​នយោបាយ​ប្រទេស​អ៉ីរ៉ាក់ បន្ទាប់​ពី​ដួល​រលំ​របស់​មេ​ដឹក​នាំ​និកាយ​ស៊ុននីលោក Saddam Hussein ក្នុង​ឆ្នាំ​២០០៣។

បើ​យោង​តាម​គណៈកម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត​អ៉ីរ៉ាក់​បាន​ឲ្យដឹង​ថា ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ​​មិន​សូវ​ដំណើរ​ការ​ល្អ​ប្រសើរ​ឡើយ ដោយ​សារ​អ្នក​ទៅ​បោះ​ឆ្នោត​ទាប​បំផុត​គឺ​បាន​ត្រឹម​តែ​៤១​%​ប៉ុណ្ណោះ។ ប្រការ​នេះ​គឺ​ទាប​ជាងកំណត់​ត្រា​កាល​ពី​ឆ្នាំ​២០១៨​ដែល​មាន​អ្នក​ទៅ​បោះ​ឆ្នោត​៤៤.៥​%​ គិត​គ្រប់​សម័យ​កាល​បោះ​ឆ្នោត។

ការ​បោះ​ឆ្នោត​ត្រូវ​បាន​ធ្វើ​ឡើងមុន​ពេល​កាល​កំណត់​ច្រើន​ខែ​ដើម្បី​ឆ្លើយ​តប​នឹង​ការ​តវ៉ា​ដែល​ដឹក​នាំ​ដោយ​យុវជន​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ និង​សេវា​សាធារណៈ​មិន​ល្អ។ ការ​តវ៉ា​បាន​នាំ​មនុស្ស​រាប់​ពាន់​នាក់​ដើរ​តាម​ផ្លូវ​នៅ​ចុង​ឆ្នាំ​២០១៩ និង​ដើម​ឆ្នាំ​២០២០ ខណៈ​ក្រុម​បាតុករ​បាន​អំពាវ​នាវ​ឲ្យមានកំណែ​ទម្រង់ និង​ការ​បោះ​ឆ្នោត​ថ្មី។

ជា​លទ្ធផល​នៃ​ការ​បង្ក្រាបរបស់​ប៉ូលិស​លើ​ការ​តវ៉ា​បាន​បណ្តាល​ឲ្យ​មនុស្ស​ជិត​៦០០​នាក់​បាន​ស្លាប់​។

អ្នក​គាំទ្រ​លោក Moqtada al-Sadr អបអរជ័យជម្នះ

ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​ធ្វើ​ឡើង​ក្រោម​ច្បាប់​ថ្មី​ដែល​ធ្វើ​ឲ្យ​កាន់​តែ​ងាយ​ស្រួល​សម្រាប់​ឯករាជ្យ និង​កែ​ទម្រង់​​បេក្ខភាព​ដែល​ត្រូវ​បានជ្រើស​រើស ក្នុងង​នោះ​រាប់​ទាំង​ការ​បោះ​ឆ្នោត​ថ្នាក់​ស្រុក។ ទោះ​បី​ជា​យ៉ាង​ណា គណបក្ស​ដែល​មាន​ឥទ្ធិពល​ខ្លាំង​នៅ​តែ​អាច​​​ទាក់ទាញ​អ្នក​គាំទ្រស្ថិត​ក្រោម​ច្បាប់​ថ្មី។

បែប​ណា​ក្តី ដោយ​គ្មាន​បក្ស​ណា​មួយ​ឈ្នះ​អាសនៈ​ភាគ​ច្រើន​នៅ​រដ្ឋសភា ការ​ចរចា​ដើម្បីជ្រើស​រើស​នាយក​រដ្ឋ​មន្ត្រី​ត្រូវ​ធ្វើ​ដើម្បី​ដឹក​នាំ​រដ្ឋាភិបាល ហើយ​ត្រូវ​គេ​រំពឹង​ថា នឹង​ចំណាយ​ពេល​ច្រើន​សប្តាហ៍ ឬ​ខែ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម