Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក បញ្ជាក់ពេលវេលាធ្វើសមយុទ្ធយោធា “ពស់វែកមាស” ជាមួយ ថៃ

បានផុស

នៅ

អាមេរិកសង្ឃឹមថា ការធ្វើសមយុទ្ធយោធាអន្តរជាតិថៃ-អាមេរិក មានឈ្មោះថា “ពស់វែកមាស” ដែលជាសមយុទ្ធរួមគ្នាប្រចាំឆ្នាំធំបំផុតនៅអាស៊ីអាគ្នេយ៍ នឹងត្រូវធ្វើឡើងនាឆ្នាំ ២០២២ បន្ទាប់ពីត្រូវបានផ្អាកដោយសាររោគរាតត្បាតកូវីដ ១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ មេបញ្ជាការប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាមេរិកលោកឧត្តមនាវីឯក John Aquilino បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែត Bangkok Post កាលពីថ្ងៃព្រហស្បតិ៍ថា សមយុទ្ធប្រចាំឆ្នាំនេះត្រូវបានកាត់បន្ថយទាហានអាមេរិកមកត្រឹម ៦០០ នាក់ប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងចំនួនកងកម្លាំង ៧,០០០ នាក់ មុនពេលមានជំងឺរាតត្បាត ។

លោក Aquilino បាននិយាយថា “យើងបានរួមគ្នាជាមួយមេបញ្ជាការថៃលោក Chalermpol Srisawat ហើយយើងនឹងធ្វើការដើម្បីឲ្យវាវិលត្រឡប់មករកភាពប្រក្រតីវិញក្នុងពេលឆាប់ៗនេះ ខណៈសមយុទ្ធនេះក៏នឹងត្រូវអនុវត្តតាមបទបញ្ជាកូវីដ ១៩ ដែលភាគីថៃកំណត់” ។ មេបញ្ជាការរូបនេះបានបន្ថែមថា សមយុទ្ធ “ពស់វែកមាស” ត្រូវបានគេរំពឹងថានឹងពង្រីកបន្ថែមទៀតនៅឆ្នាំ ២០២៣ ។

ចំណែកពាក់ព័ន្ធនឹង ការបន្តដំណើរទស្សនកិច្ចជាលក្ខណៈមិត្តភាពជាទៀងទាត់ របស់នាវាចម្បាំងអាមេរិកមកកាន់ប្រទេសថៃ ដែលត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយសារជំងឺរាតត្បាត លោក Aquilino បាននិយាយថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេច ក្នុងការដាក់ពង្រាយនាវារបស់ខ្លួនភ្លាមៗ នៅពេលដែលមានការយល់ព្រមពីទីក្រុងបាងកក ។

ជាចុងក្រោយ លោក Aquilino ក៏បានកត់សម្គាល់ផងដែរថា ទំនាក់ទំនងសម្ព័ន្ធមិត្តរវាងអាមេរិក និងថៃមានសារៈសំខាន់សម្រាប់ធានាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅអាស៊ីអាគ្នេយ៍ នៅពេលធ្វើអត្ថាធិប្បាយអំពីលទ្ធភាពនៃការប្រឈមមុខដាក់គ្នា ជាមួយចិននៅសមុទ្រចិនខាងត្បូង ។

គួរបញ្ជាក់ថា នៅឆ្នាំនេះប្រទេសចំនួន ២៧ បានចូលរួមសមយុទ្ធ “ពស់វែកមាស” ដើម្បីបង្កើនការសម្របសម្រួលផ្នែកយោធា និងមនុស្សធម៌រវាងកងកម្លាំងប្រដាប់អាវុធជាតិ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ប្រធានសភា អាមេរិក Nancy Pelosi បានប្រាក់ខែប្រចាំឆ្នាំ ២២៣,០០០ ដុល្លារ តែមានទ្រព្យសម្បត្តិ ១២០ លានដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម