Connect with us

ព័ត៌មានអន្ដរជាតិ

ផែនការលែងឲ្យម៉ូតូធ្វើចរាចរណ៍នៅហាណូយ កំពុង​ធ្វើ​ឲ្យ​ពលរដ្ឋវៀតណាមមិនពេញចិត្តជាខ្លាំង

បានផុស

នៅ

ដើម្បី​ដោះ​ស្រាយ​វិបត្តិកក​ស្ទះ​ចរាចរណ៍​តាម​ដង​ផ្លូវ​សំខាន់ៗ​ទូទាំងរដ្ឋ​ធានី​ហាណូយ រដ្ឋាភិបាល​វៀតណាម បាន​កំពុង​រៀប​ចំលក្ខខណ្ឌ​ផ្សេង​ទៀត សម្រាប់​បម្រាម​លើ​ទោចក្រយានយន្ត មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរលើ​ដង​ផ្លូវ​សំខាន់ៗរបស់​ទីក្រុងចាប់​ពី​ឆ្នាំ២០៣០​តទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ន ត្រឹម​ទីក្រុងហាណូយមួយប៉ុណ្ណោះ គឺ​មានរថយន្ត និង​ទោចក្រយានយន្ត​ចុះ​បញ្ជី​សរុបដល់​ទៅ ៦លាន​គ្រឿង នាំ​ឲ្យ​មាន​ការ​កក​ស្ទះ​ស្ទើរ​គ្រប់​ពេល​វេលា។

ដើម្បី​សម្រេច​បាន​គោលដៅ​លែង​ឲ្យ​មាន​ម៉ូតូ​ធ្វើ​ដំណើរ​ក្នុង​ទីក្រុង រដ្ឋបាល​ក្រុង​ហាណូយ បាន​សម្រេចពង្រីក​បណ្តាញ​ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ​ទូទាំងទីក្រុងឲ្យ​រួច​រាល់​មុខ​ឆ្នាំ ២០៣០។

ក្រៅ​ពី​ពង្រីកវិសាលភាពនៃសេវា​ដឹកជញ្ជូនសាធារណៈទូទាំង​រដ្ឋធានី​ហើយ​នោះ រដ្ឋបាល​ក្រុងហាណូយ ក៏រំពឹង​នឹង​ប្រើបច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់​ជួយគ្រប់​គ្រង និង​ប្រតិបត្តិការ​ដឹកជញ្ជូន​ទៀត​ផង។

ជាមួយគ្នា​នេះ មន្ទីរដឹកជញ្ជូន​ក្រុងហាណូយ ក៏​រំពឹង​ចាត់​វិធានការ​ផ្សេងៗ​ដើម្បីអាច​ជួយ​ឲ្យ​ផែន​ការ​កាត់​ទោចក្រយានយន្ត​ចេញ​ពី​ទីក្រុង​របស់​ខ្លួ​នបាន​ជោគជ័យ​មុនឆ្នាំ ២០៣០ រាប់បញ្ចូល​ទាំង​បញ្ចប់​ការ​ផ្តល់​ប័ណ្ណបើកបរ​ម៉ូតូថ្មីជាដើម។

បច្ចុប្បន្ន ហាណូយ មានពលរដ្ឋរស់នៅ​សរុបជិត ៨លាននាក់ ខណៈរថយន្ត និង​ទោចក្រយានយន្តចុះបញ្ជីរួចសរុបជាង ៦លានគ្រឿង កំពុង​ចរាចរទូទាំងទីក្រុង ស្របពេល​ប្រមាណ ២លានគ្រឿង​មក​ពី​តំបន់​ផ្សេង និង​ ១លានគ្រឿងទៀត ជារបស់អង្គភាពប៉ូលិស និងកងកម្លាំង​ការពារ​ជាតិ។

ទោះ​ជាយ៉ាងណា ច្បាប់​ចរាចរណ៍​ថ្មី​របស់​រដ្ឋធានីហាណូយ បានធ្វើ​ឲ្យ​​អ្នក​ជំនាញ និង​សាធារណជន​មក​ពេញ​ចិត្ត​នោះ​ទេ ដោយ​អះអាង សេវា​ដឹកជញ្ជូនសាធារណៈ មិន​ទាន់​អាច​បំពេញ​តម្រូវ​ការ​ពលរដ្ឋ​ក្នុង​ទីក្រុងបាន​នៅ​ឡើយ។ ពួកគេ​ក៏​ទាមទារ​គួរ​ឲ្យ​រឹត​បន្តឹង​ទៅ​លើ​រថយន្ត​ដូចគ្នា ព្រោះ​ថា​រថយន្ត​ជាមូលហេតុចម្បង​បង្ក​ឲ្យមានការ​កកស្ទះ មិនមែនម៉ូតូនោះទេ។

គួរបញ្ជាក់​ថា វៀតណាម ត្រូវ​ចាត់​ទុក​ជា​ប្រទេស​មួយនៅអាស៊ាន ដែល​មាន​ចំនួន​ម៉ូតូ​ចុះ​បញ្ជី​ច្រើនជាងគេ​ ដោយត្រឹម​ឆ្នាំ ២០១៨ វៀតណាម មានម៉ូតូ​ចុះ​បញ្ចីសរុប ៥៨លានគ្រឿង ហើយ​កាល​ពីឆ្នាំ ២០១៩ វៀតណាម ជាប្រទេស​ឈរនៅ​លេខរៀងទី ៤ មានម៉ូតូច្រើនបំផុត​លើលោក បន្ទាប់ឥណ្ឌា ចិន និងឥណ្ឌូនេស៊ី៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Hanoi Times

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម