Connect with us

ព័ត៌មានអន្ដរជាតិ

WHO ​បញ្ជាក់​៖​ វ៉ាក់សាំង​អាចកាត់​បន្ថយ​ការ​ឆ្លង​​កូវីដ​៤០​%​ប៉ុណ្ណោះ មិន​ត្រូវ​ភ្លេច​ការពារ​ខ្លួន

បានផុស

នៅ

កាល​ពី​ថ្ងៃ​ពុធ ទី​២៤ ខែ​វិច្ឆិកា​នេះ អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​បញ្ជាក់​ហើយ​ថា វ៉ាក់សាំង​អាច​កាត់​បន្ថយ​ការ​ឆ្លង​កូវីដ-១៩​ជា​ពិសេស​វីរុស​បំប្លែង​ឆ្លង​លឿន Delta បាន​ប្រហែល​ជា​៤០​%ប៉ុណ្ណោះ និង​បាន​ព្រមាន​ថា អ្នក​ចាក់​វ៉ាក់សាំង​រួច​មិន​ត្រូវ​មាន​អារម្មណ៍​សុវត្ថិភាព​ទាំង​ស្រុង​ឡើយ។

អគ្គលេខាធិការ​អង្គការសុខភាព​ពិភព​លោក​ លោក Tedros​ Adhanom​ Ghebreyesus បាន​និយាយ​ថា មនុស្ស​ដែល​បាន​ចាក់​វ៉ាក់សាំង​ជា​ច្រើន​កំពុង​គិត​ខុស​ពីការ​ចាក់​វ៉ាក់សាំង​លែង​ធ្វើ​ឲ្យ​ពួក​គេ​ត្រូវ​ការ​ប្រុង​ប្រយ័ត្ន​​​ទៀតហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Tedros ទទួច​​ថា អ្នក​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ត្រូវ​តែ​ប្រកាន់​ភ្ជាប់​វិធាន​ការ​ការពារ​ដដែល​ដើម្បី​ជៀស​វាង​​ការ​ឆ្លង​វីរុស​កូវីដ។ ចំពោះ​វីរុស​បំប្លែង​ខ្លួន​ឆ្លង​លឿន​រហ័ស Delta ​គឺ​វ៉ាក់សាំង​មិនមាន​ប្រសិទ្ធភាព​​ប្រឆាំង​ខ្ពស់​នោះ​ទេ។

លោក Tedros មាន​ប្រសាសន៍​ថា ៖«យើង​បារម្ភ​អំពី​អារម្មណ៍​ខុស​ពី​សុវត្ថិភាព​ដែល​វ៉ាក់សាំង​បញ្ចប់​កូវីដ-១៩ ហើយ​ប្រជា​ជន​ដែល​បាន​ចាក់​វ៉ាក់លែង​ត្រូវ​ការ​វិធានការ​ការពារ​ខ្លួន​ផ្សេង​ៗ​ទៀត។ វ៉ាក់សាំង​អាច​រក្សា​ជីវិត​បាន ប៉ុន្តែ​​ពួក​គេ​មិន​អាច​ការពារ​ពី​ការ​ចម្លង​បាន​​ទាំង​ស្រុង​នោះ​ទេ»។

លោក​បន្ត​ថា ៖«ទិន្នន័យ​បាន​បង្ហាញ​ថា មុន​ពេល​វីរុស​បំប្លែង​ Delta មក​ដល់ វ៉ាក់សាំង​អាច​កាត់​បន្ថយ​ការឆ្លង​បាន​ប្រហែល​ជា​៦០​%។ ពេល​ Delta រាត​ត្បាត​ឡើង ប្រសិទ្ធភាព​វ៉ាក់សាំង​​​ការពារមិន​ឲ្យ​​ឆ្លង​​បាន​ធ្លាក់​មក​សល់​ប្រហែល​ជា​៤០​%​ប៉ុណ្ណោះ»។

វីរុស​បំប្លែង​ខ្លួន​ Delta ឥឡូវ​នេះ​​នៅ​តែ​កំពុង​គ្រប​ដណ្តប់​ទូទាំង​ពិភព​លោក​ដដែរ។

លោក Tedros បាន​បញ្ជាក់​ថា ៖«ប្រសិន​បើ​អ្នក​បាន​ចាក់​វ៉ាក់សាំង​រួច​ហើយ អ្នក​មាន​ហានិភ័យ​ទាប​ខ្លាំង​​ដែល​បណ្តាល​ឲ្យ​ឈឺ​ធ្ងន់ និង​ស្លាប់ ប៉ុន្តែ​អ្នក​នៅ​តែ​ប្រឈម​ហានិភ័យ​នៃ​ការ​ឆ្លង​កូវីដ និង​ចម្លង​ទៅ​អ្នក​ដទៃ​ដដែល»។

«យើង​មិន​អាច​និយាយ​ចំណុច​នេះ​ឲ្យ​ច្បាស់​គ្រប់​គ្រាន់​នោះ​ទេ បើ​ទោះ​ជា​អ្នក​ចាក់​វ៉ាក់សាំង​រួច អ្នក​ត្រូវ​តែ​កុំ​ធ្វេស​ប្រហែស បន្ត​ការពារ​ខ្លួន​កុំ​ឲ្យ​ឆ្លង និង​ចម្លង​ទៅ​អ្នក​​ដទៃ»។ លោក​បាន​បញ្ជាក់ និង​បន្ថែម​ថា អ្នក​ត្រូវ​ពាក់​ម៉ាស់ រក្សា​គម្លាត​សង្គម ជៀស​វាង​ទៅ​កន្លែង​មនុស្ស​ច្រើន និង​ជួប​ជុំនៅ​ខាង​ក្រៅ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម