Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ បង្កើនការតេស្តរកកូវីដ ៣ ដងលើអ្នកមកដល់ ការពារផ្ទុះវីរុសបំប្លែងខ្លួន Omicron

បានផុស

នៅ

អ្នកមកដល់ប្រទេសថៃពីប្រទេសនានាដែលមិនត្រូវបានហាមឃាត់ក្នុងទ្វីបអាហ្រ្វិកនឹងនៅតែត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ ហើយនឹងត្រូវធ្វើតេស្តរកកូវីដម្តងហើយម្តងទៀត ចំពេលមានការព្រួយបារម្ភទូទាំងពិភពលោកអំពីវីរុសបំប្លែងខ្លួនថ្មី Omicron ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Apisamai Srirangson អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ (CCSA) បានបញ្ជាក់នៅថ្ងៃចន្ទនេះថា អ្នកដំណើរនឹងមិនត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងប្រទេសថៃនោះទេ ប្រសិនបើមកពីប្រទេសអាហ្វ្រិកចំនួន ៨ ដូចជា បុតស្វាណា អេស្វាទីនី ឡេសូតូ ម៉ាឡាវី ម៉ូសំប៊ិក ណាមីប៊ី អាហ្រ្វិកខាងត្បូង និងស៊ីមបាវ៉េ ចាប់ពីថ្ងៃព្រហស្បតិ៍នេះ ។

លោកស្រីវេជ្ជបណ្ឌិត Apisamai បាននិយាយថា មនុស្សដែលមកពីប្រទេសអាហ្រ្វិកផ្សេងទៀត នឹងត្រូវធ្វើចត្តាឡីស័កក្នុងកន្លែងជាក់លាក់រយៈពេល ១៤ ថ្ងៃ និងត្រូវបានធ្វើតេស្តរកកូវីដតាមម៉ាស៊ីន PCR ចំនួន ៣ ដង ហើយពួកគេមិនអាចចូលទៅក្នុងកម្មវិធីទេសចរណ៍ Sandbox និងកម្មវិធី Test and GO បាននោះទេ ។

អ្នកដែលបានមកដល់តាំងពីថ្ងៃទី ១៥ ខែវិច្ឆិកា ហើយដល់ថ្ងៃរួចខ្លួនចេញពីការធ្វើចត្តាឡីស័កមុន ១៤ ថ្ងៃ កំពុងត្រូវបានតាមដាន និងត្រួតពិនិត្យរហូតដល់ថ្ងៃទី ១៤ បន្ទាប់ពីពួកគេមកដល់ ហើយក្នុងនោះមាន​ជិត ២០០ ​នាក់ ។

លោកស្រីវេជ្ជបណ្ឌិត Apisamai បាននិយាយថា បច្ចុប្បន្នវីរុសកូវីដបំប្លែងខ្លួន Omicron ត្រូវបានរកឃើញនៅក្នុងប្រទេសអាហ្វ្រិកចំនួន ៨ និងនៅអឺរ៉ុបដូចជា អ៊ីតាលី អាល្លឺម៉ង់ ហូឡង់ ចក្រភពអង់គ្លេស បែលហ្ស៊ិក សាធារណរដ្ឋឆេក និងដាណឺម៉ាក ។ ចំណែកអាស៊ីមានហុងកុង និងអ៊ីស្រាអែល រួមជាមួយនឹងប្រទេសអូស្ត្រាលី ។

ជាចុងក្រោយលោកស្រីបញ្ជាក់ថា ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ២៧ ខែវិច្ឆិកា មនុស្សចំនួន ១,០០៧ នាក់បានមកដល់ប្រទេសថៃពីអាហ្វ្រិកខាងត្បូង ហើយគ្មាននរណាម្នាក់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ ឡើយ ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post

ចុចអាន ៖ ថៃ ធ្វើតេស្តរក Omicron លើអ្នកដំណើរមកពីអាហ្វ្រិកខាងត្បូង ជាង១ពាន់នាក់ ពេលនេះចេញលទ្ធផលហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម