ប្រេសិតពិសេសនៃសហភាពអាហ្រ្វិក (AU) បាននិយាយកាលពីថ្ងៃពុធថា បណ្ដាប្រទេសនៅទ្វីបអាហ្វ្រិកនឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចាប់ពីចុងខែមករារហូតដល់ត្រីមាសទី ១ នៃឆ្នាំ ២០២១ ។
លោកស្រី Ngozi Okonjo-Iweala ប្រេសិតពិសេសរបស់ AU ស្តីពីការគៀងគរការគាំទ្រសេដ្ឋកិច្ចអន្តរជាតិសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ របស់ទ្វីបបានផ្តល់ការធានា បន្ទាប់ពីកិច្ចប្រជុំបិទទ្វារជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសនីហ្សេរីយ៉ាលោក Geoffrey Onyeama នៅរដ្ឋធានី Abuja ។
លោកស្រី Okonjo-Iweala បាននិយាយថា “ដរាបណាមនុស្សនៅលើពិភពលោកនៅតែមិនមានសុវត្ថិភាពនៃជំងឺកូវីដ នោះហើយជាមូលហេតុដែលបណ្តាប្រទេសក្រីក្រដែលមានប្រាក់ចំណូលទាបមធ្យមដូចជា នីហ្សេរីយ៉ាត្រូវការវ៉ាក់សាំងឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន” ។
លោកស្រីបាននិយាយថា ការផ្តួចផ្តើមគំនិតអន្តរជាតិដើម្បីទទួលបានវ៉ាក់សាំងកូវីដ ១៩ ត្រូវបានចែកចាយទៅប្រទេសកំពុងអភិវឌ្ឍន៍ និងក្រីក្រក្នុងលក្ខណៈលឿន និងមានតម្លៃសមរម្យដោយមានការចូលរួមពីអង្គការសុខភាពពិភពលោក (WHO) សម្ព័ន្ធភាពសម្រាប់ការត្រៀមបង្ការរោគរាតត្បាត និងសហគមន៍អន្តរជាតិ ។
លោកស្រី Okonjo-Iweala កត់សម្គាល់ថា កម្មវិធីវ៉ាក់សាំង COVAX របស់ WHO ដែលត្រូវបានបង្កើតឡើងដោយ ១៨៦ ប្រទេសនៅក្នុងក្រុមប្រឹក្សានេះគឺចាប់អារម្មណ៍ក្នុងការបម្រើប្រទេសក្រីក្ររួមមាន ៩២ ប្រទេសក្នុងគោលបំណងចែកចាយវ៉ាក់សាំង ។ វ៉ាក់សាំងទាំងនេះដំបូងឡើយនឹងផ្តល់ជូនសម្រាប់បុគ្គលិកសុខាភិបាលជួរមុខ បន្ទាប់មកក្រុមគោលដៅមួយចំនួនទៀតគឺមនុស្សវ័យចំណាស់ ។
លោកស្រី Okonjo-Iweala បាននិយាយថា “ខ្ញុំគិតថាកម្មវិធីវ៉ាក់សាំង COVAX អាចគ្របដណ្តប់ប្រហែល ២០ ទៅ ២៣ ភាគរយនៃចំនួនប្រជាជននៅចុងឆ្នាំក្រោយ” ។
យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាហ្រ្វិកបានឲ្យដឹងកាលពីថ្ងៃពុធថា ចំនួនករណីឆ្លងជំងឺកូវីដ ១៩ នៅក្នុងទ្វីបអាហ្វ្រិកបានកើនឡើងដល់ ២,២៨៤,៩០៧ ករណី ខណៈអ្នកស្លាប់មានចំនួន ៥៤,៥០៣ នាក់ និងមានអ្នកជាសះស្បើយសរុបចំនួន ១,៩៦១,៤៧១ នាក់រហូតមកដល់ពេលនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
ចុចអាន ៖ អ្នកវិទ្យាសាស្រ្តបង្ហាញរោគសញ្ញានៃប្រតិកម្មអាឡ័កស៊ីក្រោយចាក់វ៉ាក់សាំងកូវីដ
ចុចអាន ៖ ច្បាប់ថ្មីរបស់រុស្ស៊ី៖ មួយជីវិតនេះ ពូទីន ធ្វើអ្វីក៏គ្មានទោសដែរ