លោកស្រីនាយករដ្ឋមន្រ្តី Jacinda Ardern បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលនូវែលហ្សេឡង់នឹងទិញវ៉ាក់សាំងកូវីដ ១៩ ពីក្រុមហ៊ុនឱសថអង់គ្លេស AstraZeneca និងក្រុមហ៊ុនអាមេរិក Novavax ពោលរាល់ពលរដ្ឋនូវែលហ្សេឡង់នឹងអាចត្រូវបានចាក់វ៉ាក់សាំង ។
យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបានឲ្យដឹងថា កិច្ចព្រមព្រៀងថ្មីនេះមានន័យថានូវែលហ្សេឡង់ទទួលបានវ៉ាក់សាំង ៧.៦ លានដូសពីក្រុមហ៊ុន AstraZeneca ពោលគ្រប់គ្រាន់សម្រាប់មនុស្ស ៣.៨ លាននាក់ និង ១០.៧២ លានដូសពីក្រុមហ៊ុន Novavax គ្រប់គ្រាន់សម្រាប់មនុស្ស ៥.៣៦ លាននាក់ ខណៈវ៉ាក់សាំងទាំងពីរតម្រូវឲ្យចាក់ចំនួនពីរដូស ។
ទន្ទឹមនោះនូវែលហ្សេឡង់ក៏មានកិច្ចព្រមព្រៀងទិញមុននៃវ៉ាក់សាំងពីក្រុមហ៊ុនចំនួន ៤ ដែលរហូតមកដល់ពេលនេះនឹងទទួលបានចំនួន ៧៥០,០០០ ដូសពីក្រុមហ៊ុន Pfizer-BioNTech ៥ លានដូសពីក្រុមហ៊ុនប៊ែលហ្សិក Janssen ៣.៨ លានដូសពីក្រុមហ៊ុន Oxford/AstraZeneca និង ៥.៣៦ លានដូសពីក្រុមហ៊ុនអាមេរិក Novavax ។
លោកស្រី Ardern បានមានប្រសាសន៍ថា “ឥឡូវនេះយើងមានកិច្ចព្រមព្រៀងជាផ្លូវការជាមួយក្រុមហ៊ុនចំនួន ៤ ដែលគ្របដណ្តប់លើបច្ចេកវិទ្យាវ៉ាក់សាំងចំនួន ៣ ប្រភេទផ្សេងៗគ្នា ហើយយើងបានទទួលចំនួនវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ប្រជាជនទាំងមូលរបស់យើង និងនៅតំបន់ប៉ាស៊ីហ្វិក” ។
លោកស្រីបានបន្ថែមថា វ៉ាក់សាំងក្រុមហ៊ុន AstraZeneca និងក្រុមហ៊ុន Novavax ក៏បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះពីការបំពេញបន្ថែមការទិញផ្សេងទៀត ហើយត្រូវគ្នាជាមួយហេដ្ឋារចនាសម្ព័ន្ធ និងកន្លែងស្តុកទុកដែលមានស្រាប់នៅក្នុងប្រទេសនូវែលហ្សេឡង់ ។
លោក Ardern បាននិយាយថា “ប្រសិនបើត្រូវបានបង្ហាញថាមានសុវត្ថិភាព និងប្រសិទ្ធភាពដោយនិយតករឱសថរបស់ប្រទេសនូវែលសេឡង់ ពួកគេនឹងផ្តល់ការចាក់វ៉ាក់សាំងដល់ប្រជាជននូវែលហ្សេឡង់ទ្រង់ទ្រាយធំ និងប្រទេសជិតខាងនៅតំបន់ប៉ាស៊ីហ្វិករបស់យើង” ។
ទន្ទឹមនោះវានឹងក្លាយជាការដាក់ឲ្យប្រើប្រាស់នូវការចាក់ថ្នាំបង្ការរោគដ៏ធំបំផុតរបស់ប្រទេសនូវែលហ្សេឡង់ ។ លោកស្រីបាននិយាយថា បណ្តាប្រទេសភាគច្រើនកំពុងដំណើរការនៃការទទួលយកវ៉ាក់សាំងនៅឆ្នាំ ២០២១ និងមួយចំនួនទៀតនៃឆ្នាំ ២០២២ ដោយសារតែពេលវេលាផលិត និងការចែកចាយ ។
បន្ថែមពីនេះលោកស្រីនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា “អាទិភាពដំបូងរបស់យើងគឺការចាក់វ៉ាក់សាំងដល់កម្មករនៅតាមព្រំដែន និងបុគ្គលិកចាំបាច់ដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងកូវីដ ១៩ ។ យើងរំពឹងថាវ៉ាក់សាំងនឹងត្រូវបញ្ជូនទៅឲ្យបុគ្គលិកជួរមុខរបស់យើងនៅត្រីមាសទី ២ ឆ្នាំ ២០២១ ខណៈការចាក់វ៉ាក់សាំងចំពោះមនុស្សទូទៅនឹងចាប់ផ្តើមនៅឆមាសទី ២ នៃឆ្នាំ ២០២១ ផងដែរ” ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសនូវែលហ្សេឡង់មានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ២,១០០ ករណី និងមានអ្នកស្លាប់ចំនួន ២៥ នាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
ចុចអាន ៖ លោក Biden នឹងចាក់វ៉ាក់សាំងកូវីដនៅដើមសប្តាហ៍ក្រោយ
ចុចអាន ៖ ទីបំផុត WHO បញ្ជូនក្រុមអ្នកវិទ្យាសាស្ត្រទៅ អ៊ូហាន ដើម្បីរកប្រភពដើមនៃវីរុសកូរ៉ូណា