Connect with us

ព័ត៌មានអន្ដរជាតិ

ព័ត៌មានល្បីកក្រើកប្រចាំឆ្នាំ២០២០នៅជុំវិញពិភពលោកក្រៅពីជំងឺកូវីដ១៩

បានផុស

នៅ

ខណៈពេលដែលជំងឺកូវីដ១៩គឺជារឿងធំបំផុតប្រចាំឆ្នាំនោះ វាមិនមែនមានតែរឿងមួយនេះទេ។ ចាប់ពីរឿងនយោបាយរហូតដល់គ្រោះមហន្តរាយដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ, ឆ្នាំ២០២០នេះ ពិភពលោកបានជួបប្រទះនូវព្រឹត្តិការណ៍ជាច្រើន។

កម្ពុជាថ្មីសូមនាំលោកអ្នកទៅមើលព្រឹត្តិការណ៍អន្តរជាតិធំៗមួយចំនួនប្រចាំឆ្នាំនេះ។

ភ្លើងឆេះព្រៃនៅ អូស្រ្តាលី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលឆ្នាំ២០២០ចាប់ផ្តើម ប្រទេសអូស្រ្តាលីបានឈានចូលដល់ពាក់កណ្តាលនៃរដូវកាលភ្លើងឆេះព្រៃដ៏អាក្រក់បំផុតដែលយើងមិនធ្លាប់បានឃើញរួចទៅហើយ។ អគ្គិភ័យបានឆាបឆេះពាសពេញប្រទេសជាពិសេសតាមបណ្តោយឆ្នេរភាគខាងកើតដែលបង្កើតជាផ្សែងដ៏ក្រាស់និងប្រែផ្ទៃមេឃទៅជាពណ៌ទឹកក្រូច។

មនុស្សជាច្រើនត្រូវជម្លៀសចេញពីផ្ទះនិងទីប្រជុំជនរបស់ពួកគេ។ ប៉ុន្តែគួរឲ្យស្តាយ មិនមែនគ្រប់គ្នាសុទ្ធតែអាចរួចផុតពីអគ្គិភ័យនេះបានឡើយ។ មនុស្សចំនួន៣៤នាក់បានបាត់បង់ជីវិត។

ហើយដោយសារតែផ្ទៃដីជាង១៨លានហិកតាត្រូវបានដុតបំផ្លាញ, ផ្ទះសម្បែង អាជីវកម្មនិងកសិដ្ឋានរាប់ពាន់ត្រូវបានកម្ទេចឬខូចខាតដោយធ្វើឲ្យមនុស្សរាប់ពាន់នាក់គ្មានផ្ទះសម្បែងរស់នៅ។ សត្វព្រៃអូស្រ្តាលីបានទទួលរងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ។

ភាពចលាចលនៅ ហុងកុង

នៅផ្នែកខ្លះទៀតនៃពិភពលោក មនុស្សបានប្រឈមមុខនឹងគ្រោះមហន្តរាយធម្មជាតិនិងមិនមែនធម្មជាតិផ្សេងៗគ្នា។ មានភាពវឹកវរផ្នែកនយោបាយនិងការតវ៉ាកាន់តែពុះកញ្ជ្រោលក្នុងទីក្រុង ហុងកុង។

ច្បាប់ថ្មីដ៏ចម្រូងចម្រាសដែលពង្រីកអំណាចរបស់រដ្ឋាភិបាលកណ្តាលចិនក្នុងទីក្រុង ហុងកុង ត្រូវបានអនុម័តក្រោមការបិទបាំងស្របពេលប៉ូលិសប្រឆាំងកុបកម្មត្រូវបានដាក់ពង្រាយពាសពេញទីក្រុង។

បន្ទាប់មកទីក្រុងនេះបានឈានដល់ការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើងៗអស់រយៈពេលជាច្រើនខែ។

នៅឆ្នាំនេះ ប៉ូលិសបានហាមឃាត់ការដង្ហែក្បួនតវ៉ាប្រចាំឆ្នាំមុនពេលវាចាប់ផ្តើមហើយភ្លាមៗនោះបានចាប់ក្រុមបាតុករពីបទរំលោភលើច្បាប់សន្តិសុខជាតិ។

ចលនា BLACKLIVES MATTER នៅ សហរដ្ឋអាមេរិក

នៅសហរដ្ឋអាមេរិក ការស្លាប់បុរសជនជាតិអាមេរិកស្បែកខ្មៅម្នាក់ដោយស្នាដៃរបស់មន្រ្តីប៉ូលិសបានបង្កឲ្យមានការតវ៉ាយ៉ាងធំធេង។

ប្រទេសនេះបានធ្លាក់ចូលក្នុងភាពវឹកវរ អំពើហិង្សានិងការបំផ្លិចបំផ្លាញទ្រង់ទ្រាយធំ។ ទីក្រុងអាមេរិករាប់សិបត្រូវឆាបឆេះយ៉ាងសន្ធោសន្ធៅបន្ទាប់ពីការតវ៉ាមួយចំនួនបានប្រែក្លាយទៅជាកុបកម្មហើយជារឿយៗមានការលួចប្លន់អីវ៉ាន់។

អ្វីទាំងអស់គឺបង្កឡើងដោយមរណភាពរបស់បុរសស្បែកខ្មៅម្នាក់ឈ្មោះ George Flloyd ដែលការស្លាប់របស់គាត់ត្រូវបានគេមើលឃើញនៅក្នុងវីដេអូរយៈពេល៨នាទី។ មន្រ្តីប៉ូលិសស្បែកសម្នាក់បានលត់ជង្គង់លើកញ្ចឹងករហូតដល់បេះដូងរបស់គាត់លែងដើរ។

នៅប្រទេសខ្លះ ប្រជាជនថែមទាំងផ្តួលរូបសំណាកប្រវត្តិសាស្ត្រដ៏ចម្រូងចម្រាសនិងទាមទារឲ្យមានការផ្លាស់ប្តូរទៀតផង។

លោក ត្រាំ ចាញ់លោក បៃដិន

និយាយអំពីការផ្លាស់ប្តូរវិញ, ប្រជាជនអាមេរិកភាគច្រើនបានបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនិងស្រ្តីដំបូងគេដែលជាប់ឆ្នោតជាអនុប្រធានាធិបតី។

អតីតអនុប្រធានាធិបតី ចូ បៃដិន ឥឡូវនេះក្លាយជាប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក។ គាត់បានទទួលជោគជ័យបន្ទាប់ពីការប្រកួតប្រជែងដ៏ក្តៅគគុកជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានអះអាងដោយគ្មានភស្តុតាងអំពីការលួចបន្លំសន្លឹកឆ្នោត។

លោក ត្រាំ បានទម្លាក់តួនាទីរបស់សហរដ្ឋអាមេរិកនៅលើពិភពលោកដោយទាញប្រទេសនេះចេញពីកិច្ចព្រមព្រៀងអន្តរជាតិ ដកខ្លួនចេញពីស្ថាប័នពិភពលោកនានានិងធ្វើឲ្យអន្តរាយដល់សម្ព័ន្ធភាពជាច្រើន។

ជម្លោះព្រំដែន ចិន-ឥណ្ឌា

នៅទ្វីបអាស៊ីឆ្នាំនេះ ភាពតានតឹងបានឡើងកម្តៅខ្លាំងរវាងចិននិងឥណ្ឌាដោយទាហានមកពីប្រទេសទាំងពីរបានប៉ះទង្គិចគ្នានៅតាមព្រំដែនដែលបណ្តាលឲ្យមនុស្សយ៉ាងតិច២០នាក់ស្លាប់។

ជម្លោះនេះគឺពាក់ព័ន្ធនឹងទីតាំងដែលមានការប្រកួតប្រជែងក្នុងតំបន់ហិម៉ាល័យ។ ប្រទេសមហាអំណាចនុយក្លេអ៊ែរជិតខាងទាំងពីរបានប្រយុទ្ធគ្នានៅតាមព្រំដែនកាលពីមុនប៉ុន្តែនេះជាលើកទីមួយហើយក្នុងរយៈពេលជិត៦ទសវត្សរ៍ដែលបណ្តាលឲ្យមានមនុស្សស្លាប់។

ទោះបីជាយ៉ាងណាក៏ដោយ ទាហានទាំងសងខាងមិនបានប្រើកាំភ្លើងទេតែផ្ទុយទៅវិញគឺជាការប្រយុទ្ធដោយដៃ ដុំថ្មនិងដំបង។

ការផ្ទុះនៅ បេរូត

ខណៈពេលដែលគ្រោះមហន្តរាយធម្មជាតិគឺជាផ្នែកមួយដ៏ធំនៃការបំផ្លាញក្នុងឆ្នាំ២០២០នេះនោះ បញ្ហាដែលបង្កើតឡើងដោយមនុស្សក៏មិនតិចដែរ។

ឧប្បត្តិហេតុអាក្រក់បំផុតគឺការផ្ទុះនៅទីក្រុង បេរូត ដែលបានបណ្តាលឲ្យមនុស្សរាប់ពាន់នាក់បាត់បង់អ្វីៗទាំងអស់ដែលពួកគេមានចាប់ពីទ្រព្យសម្បត្តិទៅដល់សមាជិកគ្រួសារ។

ការផ្ទុះចំនួន២លើកបានកើតឡើងនៅកំពង់ផែបេរូតកាលពីថ្ងៃទី៤ខែសីហាខណៈការផ្ទុះលើកទី២ធំជាងការផ្ទុះលើកទី១ដោយបណ្តាលឲ្យមនុស្សស្លាប់យ៉ាងតិច១៩០នាក់, រងរបួសប្រមាណ៦,០០០នាក់និងខូចខាតទ្រព្យសម្បត្តិគិតជាទឹកប្រាក់ពី១០ទៅ១៥ពាន់លានដុល្លារហើយបណ្តាលឲ្យមនុស្ស៣០០,០០០នាក់គ្មានផ្ទះសម្បែង។

ការផ្ទុះដ៏មហន្តរាយនេះបានចាប់ផ្តើមពីអគ្គិភ័យមួយដែលបានឆាបឆេះសារធាតុអាម៉ូញ៉ូមនីត្រាតជិត៣,០០០តោនដែលទុកចោលរយៈពេលជាច្រើនឆ្នាំមកហើយ។

ព្យុះទីហ្វុងនៅ អាស៊ីអាគ្នេយ៍

ព្យុះដ៏សាហាវជាបន្តបន្ទាប់រយៈពេលមួយសប្តាហ៍នៅអាស៊ីអាគ្នេយ៍បានឆក់យកជីវិតមនុស្សរាប់រយនាក់ចំពេលមានការរាតត្បាតនៃជំងឺកូវីដ១៩។

Vamco គឺជាព្យុះទីហ្វុងចុងក្រោយបង្អស់ដែលវាយប្រហារទាំងប្រទេសហ្វីលីពីននិងវៀតណាមចាប់តាំងពីដើមខែតុលាមក។

ព្យុះ Vamco បានវាយប្រហារភាគកណ្តាលប្រទេសវៀតណាមដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំងនិងរលកសមុទ្រខ្ពស់ៗ។

អាជ្ញាធរហ្វីលីពីនបាននិយាយថា មនុស្សយ៉ាងតិច៨០នាក់បានស្លាប់ឬបាត់ខ្លួនបន្ទាប់ពីព្យុះ Vamco បានបណ្តាលឲ្យទីក្រុងជាច្រើនត្រូវជន់លិចដោយកន្លែងខ្លះទឹកបានជន់លិចផ្ទះដល់ដំបូលឯណោះ។

មនុស្សយ៉ាងតិច២៣៩នាក់បានស្លាប់ឬបាត់ខ្លួនពីគ្រោះមហន្តរាយនៅប្រទេសវៀតណាម។

ធ្លាក់យន្តហោះ អ៊ុយក្រែន

មុនពេលការធ្វើដំណើរតាមផ្លូវអាកាសត្រូវបានរឹតត្បិតដោយសារតែជំងឺរាតត្បាតកូវីដ១៩នោះ គ្រោះថ្នាក់យន្ដហោះបានកើតឡើងនៅក្នុងប្រទេសអ៊ីរ៉ង់នៅពេលដែលជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍អន្ដរជាតិអ៊ុយក្រែន (UIS) បានធ្លាក់ភ្លាមៗបន្ទាប់ពីហោះហើរក្នុងទីក្រុងតេអេរ៉ង់។

មនុស្សទាំងអស់១៧៦នាក់ដោយក្នុងនោះមានយ៉ាងតិច៣០នាក់ជាកុមារ ត្រូវបានសម្លាប់នៅពេលយន្តហោះ Boeing 737 ធ្លាក់។

ភាគច្រើននៅលើយន្តហោះគឺមកពីប្រទេសអ៊ីរ៉ង់និងកាណាដា។ វាបានធ្លាក់ចុះត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីអ៊ីរ៉ង់បាញ់មីស៊ីលផ្លោងទៅលើមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសអ៊ីរ៉ាក់ដើម្បីសងសឹកប្រឆាំងនឹងសហរដ្ឋអាមេរិកចំពោះការសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ម្នាក់។

ប្រទេសអ៊ីរ៉ង់បានសារភាពថា ខ្លួនច្រឡំដៃបាញ់ទម្លាក់យន្ដហោះ Boeing នេះ។

តារាបាល់បោះ KOBE BRYANT

ឆ្នាំ២០២០មិនមែនជាឆ្នាំងាយស្រួលសម្រាប់អ្នកទាំងអស់គ្នាឡើយដោយសារតែការបាត់បង់បុគ្គលល្បីៗគួរឲ្យសោកសៅ។ ទោះបីជាយ៉ាងណាក៏ដោយ កេរ្តិ៍ដំណែលរបស់ពួកគេនិងការចងចាំដែលពួកគេបានបន្សល់ទុកនឹងស្ថិតនៅក្នុងចិត្តមនុស្សជាទីស្រឡាញ់របស់ពួកគេជានិច្ច។

Kobe Bryant បានទទួលមរណភាពក្នុងអាយុ៤១ឆ្នាំក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅរដ្ឋកាលីហ្វ័រនីញ៉ាជាមួយកូនស្រីអាយុ១៣ឆ្នាំរបស់គាត់។

Bryant ត្រូវបានគេចាត់ទុកថាជាកីឡាករបាល់បោះដ៏អស្ចារ្យម្នាក់នៅលើពិភពលោក។ គាត់បានឈ្នះជើងឯក NBA ៥ដងនិងជាប់ឈ្មោះជាកីឡាករលេងល្អបំផុតក្នុងវគ្គផ្តាច់ព្រ័ត្រនៃក្របខណ្ឌ NBA ចំនួន២ដង។ គាត់ក៏ជាអ្នកឈ្នះពានរង្វាន់អូស្ការសម្រាប់ខ្សែភាពយន្តគំនូរជីវចលខ្លីរបស់គាត់ដែលមានចំណងជើងថា Dear Basketball ក្នុងឆ្នាំ២០១៨ផងដែរ។

ទឹកនៅលើព្រះចន្ទ

អង្គការណាសានិយាយថា ខ្លួនបានរកឃើញម៉ូលេគុលទឹកនៅលើផ្ទៃព្រះចន្ទ។ អ្នកវិទ្យាសាស្ត្របានរកឃើញទឹកកកនៅផ្នែកខ្លះរួចទៅហើយប៉ុន្តែទឹកដែលមានពាសពេញលើព្រះចន្ទនឹងផ្តល់ភាពងាយស្រួលដល់អវកាសយានិកក្នុងការរស់នៅនិងធ្វើការនៅទីនោះ។

ទឹកនោះអាចត្រូវបានប្រើដើម្បីបង្កើតឥន្ធនៈរ៉ុកកែតដែលអាចនាំមនុស្សឲ្យឆ្ពោះទៅកាន់ភពអង្គារ។ល។

====

នៅពេលយើងបិទទំព័រនៃឆ្នាំ២០២០ សង្ឃឹមថាឆ្នាំខាងមុខនេះនឹងនាំមកនូវពត៌មានល្អនិងសន្តិភាពនៅតាមបណ្តាប្រទេសនានាលើពិភពលោក៕

ប្រែសម្រួលដោយ៖ Vann Vann

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤៦ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៥០ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ២ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម