Connect with us

ព័ត៌មានអន្ដរជាតិ

ដោះស្រាយករណីនារីអូតែសមិនចេញ ហ្វីលីពីនបញ្ជាឲ្យដកមេប៉ូលិសក្រុង Makati

បានផុស

នៅ

អគ្គស្នងការប៉ូលិសជាតិហ្វីលីពីន លោកឧត្តមសេនីយ៍ Debold Sinas បានចេញបញ្ជាឲ្យដកមេប៉ូលិសតំបន់អ្នកមានមួយក្នុងរដ្ឋធានី ហ្វីលីពីន ដោយសារការដោះស្រាយមិនបានល្អលើករណីដែលគេសង្ស័យថាជា ការចាប់រំលោភនិងធ្វើឃាតអ្នកបម្រើការតាមយន្តហោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីរបស់នាង Christine Dacera ដែលត្រូវបានគេរកឃើញស្លាប់នៅក្នុងបន្ទប់សណ្ឋាគារបន្ទាប់ពីពិធីជប់លៀងថ្ងៃចូលឆ្នាំសកល បានបង្កឲ្យមានភាពល្បីល្បាញក្នុងបណ្តាញផ្សព្វផ្សាយអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ។

ភ្លាមៗនោះ ប៉ូលិសបាននិយាយថា នាងត្រូវបានគេចាប់រំលោភនិងសម្លាប់ ហើយបានចាប់ខ្លួនបុរសចំនួន៣នាក់។ ប៉ុន្តែបុរសទាំងនេះត្រូវបានដោះលែងវិញព្រោះគ្មានភ័ស្តុតាងគ្រប់គ្រាន់។

ការបញ្ជាឲ្យដកតំណែងមេបញ្ជាការប៉ូលិសក្រុង Makati លោក Harold Depositar គឺជាការវិវឌ្ឍន៍ចុងក្រោយបង្អស់ហើយបានកើតឡើង បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងចំពោះការដោះស្រាយរឿងក្ដីនេះ។

នៅថ្ងៃទី៤ខែមករា ប៉ូលិសបានចេញសេចក្តីថ្លែងការណ៍មួយថា ពួកគេបានដោះស្រាយករណីស្លាប់របស់អ្នកបម្រើការតាមយន្តហោះអាយុ២៣ឆ្នាំរួចរាល់ហើយ។ ប៉ូលិសបន្ថែមថា នាងត្រូវបានគេចាប់រំលោភនិងសម្លាប់។

សេចក្តីថ្លែងការណ៍បានបន្ថែមទៀតថា ប៉ូលិសបានចាប់ខ្លួនជនសង្ស័យ៣នាក់ខណៈ៩នាក់ផ្សេងទៀត កំពុងរត់គេច។ បុរសទាំង១២នាក់នោះ បាននៅជាមួយនាងក្នុងយប់កើតហេតុ។

ទោះបីជាមានការត្រួតពិនិត្យផ្នែកវេជ្ជសាស្រ្តដោយស្របច្បាប់លើការស្លាប់នេះក៏ដោយ ក៏លោ​ក Depositar នៅតែបញ្ជាក់ថា ពួកគេបានចាត់ទុកថានេះ ជាករណីរំលោភសម្លាប់រួចទៅហើយ។

ការធ្វើកោសល្យវិច័យលើកទី២ ត្រូវបានធ្វើឡើងលើសពរបស់នារីអូតែស ហើយមន្ត្រីកំពុងរង់ចាំលទ្ធផល។ ក្រុមគ្រួសាររបស់នាងជឿជាក់ថា លទ្ធផលនឹងបង្ហាញថា Dacera ត្រូវបានគេបង្ខំឲ្យប្រើគ្រឿងញៀន ហើយចាប់រំលោភនិងសម្លាប់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ការធ្វើកោសល្យវិច្ច័យលើសពនារីអូតែសហ្វីលីពីន ត្រូវបិទបញ្ចប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម