Connect with us

ព័ត៌មានអន្ដរជាតិ

អាហ្រ្វិកខាងត្បូងផ្អាកប្រើវ៉ាក់សាំង AstraZeneca ក្រោយការសិក្សាបង្ហាញថា ប្រសិទ្ធភាពរបស់វានៅមានកម្រិតប្រឆាំងវីរុសប្រភេទថ្មី

បានផុស

នៅ

អាហ្រ្វិកខាងត្បូងកំពុងផ្អាកប្រើវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ របស់ក្រុមហ៊ុន Oxford/AstraZeneca  បន្ទាប់ពីលទ្ធផលនៃការសិក្សាស្រាវជ្រាវដ៏ខកចិត្តមួយបានបង្ហាញថា ការចាក់វ៉ាក់សាំងនេះផ្តល់នូវការការពារតិចជាងមុនប្រឆាំងនឹងវីរុសកូរ៉ូណាបម្លែងខ្លួនប្រភេទថ្មីដែលមាននៅក្នុងតំបន់ ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Zweli Mkhize បាននិយាយក្នុងសន្និសីទសារព័ត៌មានតាមអ៊ីនធឺណិតកាលពីថ្ងៃអាទិត្យថា “វ៉ាក់សាំងក្រុមហ៊ុន AstraZeneca ហាក់ដូចជាមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសប្រភេទដើម ប៉ុន្តែមិនប្រឆាំងនឹងវីរុសប្រភេទថ្មី B.1.351 របស់អាហ្វ្រិកខាងត្បូងនោះទេ ។ យើងបានសម្រេចចិត្តបញ្ឈប់ការចាក់វ៉ាក់សាំងនេះជាបណ្តោះអាសន្ន” ។

បើយោងតាមសារព័ត៌មាន Financial Times បានឲ្យដឹងថា ការផ្អាកនេះកើតឡើង បន្ទាប់ពីការសិក្សាស្រាវជ្រាវពីសាកលវិទ្យាល័យ Witwatersrand របស់អាហ្វ្រិកខាងត្បូង និងសាកលវិទ្យាល័យ Oxford ហើយវាមិនទាន់ត្រូវបានពិនិត្យឡើងវិញនៅឡើយទេ ប៉ុន្តែបានបង្ហាញពីប្រសិទ្ធភាពតិចជាងមុនគួរឲ្យកត់សម្គាល់នៃការចាក់វ៉ាក់សាំង AstraZeneca ប្រឆាំងនឹងវីរុសអាហ្វ្រិកខាងត្បូង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខណៈពេលដែលមិនមានអ្នកចូលរួមក្នុងការសាកល្បងប្រមាណ ២,០០០ នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាមួយរោគសញ្ញាធ្ងន់ធ្ងរ ឬស្លាប់ ប៉ុន្តែមនុស្ស ៣៩ បានឆ្លងវីរុសនេះដោយក្នុងនោះមាន ១៩ នាក់មកពីការវ៉ាក់សាំង និង ២០ នាក់ទៀតមកពីក្រុមប្រើថ្នាំ Placebo ។ ចំនួនទាំងនេះអាចធ្វើឲ្យប្រសិទ្ធភាពវ៉ាក់សាំងការពារករណីស្រាលស្ទើរតែមិនគួរឲ្យកត់សម្គាល់ ទោះបីជាអ្នកជំនាញខ្លះអះអាងថា ការសិក្សាខ្លួនវានៅមានកម្រិតក៏ដោយ ។

ក្រុមហ៊ុនផលិតឱសថចម្រុះជាតិស៊ុយអ៊ែត-អង់គ្លេសបានទទួលស្គាល់លទ្ធផលនៃការស្រាវជ្រាវដែលគួរឲ្យខកចិត្តនេះ ប៉ុន្តែបាននិយាយថា វាលឿនពេកហើយក្នុងការទាញសេចក្តីសន្និដ្ឋានចុងក្រោយនេះ ។

អ្នកនាំពាក្យក្រុមហ៊ុន AstraZeneca បានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា ក្នុងការសាកល្បងដំណាក់កាលទី ១ និងទី ២ ទិន្នន័យដំបូងបានបង្ហាញពីប្រសិទ្ធភាពមានកម្រិតលើការប្រឆាំងនឹងករណីឆ្លងស្រាលនៃវីរុសអាហ្វ្រិកខាងត្បូង B.1.351 ។

ស្របពេលជាមួយគ្នានេះក្រុមហ៊ុន AstraZeneca ក៏បាននិយាយផងដែរថា ខណៈពេលដែលខ្លួនបានចាប់ផ្តើមអនុវត្តវ៉ាក់សាំងរបស់ខ្លួនប្រឆាំងនឹងវីរុសប្រភេទថ្មីនៅអាហ្វ្រិកខាងត្បូង ខ្លួនសង្ឃឹមថាការសិក្សាបន្ថែមទៀតនឹងបង្ហាញថា វ៉ាក់សាំងរបស់ពួកគេមានប្រសិទ្ធភាពក្នុងការការពារករណីធ្ងន់ធ្ងរដែលបណ្តាលមកពីវីរុសនេះ និងវីរុសកូរ៉ូណាបម្លែងខ្លួនប្រភេទថ្មីផ្សេងទៀត ។

អាហ្រ្វិកខាងត្បូងទទួលបានការដឹកជញ្ជូនដំបូងនៃវ៉ាក់សាំងរបស់ក្រុមហ៊ុនយក្សស៊ុយអែត-អង់គ្លេសចំនួន ១ លានដូសដែលផលិតដោយវិទ្យាស្ថាន Serum ឥណ្ឌា (SII) កាលពីសប្តាហ៍មុន ហើយគ្រោងនឹងចាប់ផ្តើមចាក់វ៉ាក់សាំងដល់បុគ្គលិកសុខាភិបាលនៅពាក់កណ្តាលខែកុម្ភៈ ។ លោករដ្ឋមន្រ្តីបានសម្តែងក្តីសង្ឃឹមថា កម្មវិធីចាក់វ៉ាក់សាំងនឹងចាប់ផ្តើមឆាប់ៗនៅសប្តាហ៍ខាងមុខនេះ ខណៈដែលក៏មានវ៉ាក់សាំងផ្សេងទៀតនឹងមកដល់ផងដែរ ។

អាហ្រ្វិកខាងត្បូងមានករណីឆ្លង និងស្លាប់ដោយសារជំងឺកូវីដ ១៩ ច្រើនបំផុតនៅទ្វីបអាហ្វ្រិកដោយមានអ្នកឆ្លងជាង ១.៤៥ លាននាក់ និងមនុស្សជាង ៤៦,០០០ នាក់បានស្លាប់ដោយសារជំងឺនេះ ។ ទន្ទឹមនោះប្រទេសនេះក៏បានប្រឈមនឹងការឆ្លងវីរុសកូរ៉ូណាបម្លែងខ្លួនប្រភេទថ្មីដែលត្រូវបានរកឃើញនៅចុងឆ្នាំ ២០២០ ផងដែរ ។ ទោះបីជាមានការឆ្លងកាន់តែច្រើនក៏ដោយក៏វីរុសនេះមិនត្រូវបានគេជឿថាបង្កឲ្យមានរោគសញ្ញាជំងឺកូវីដ ១៩ ធ្ងន់ធ្ងរជាងវីរុសប្រភេទមុនៗឡើយ ។ វីរុសប្រភេទថ្មីនៅអាហ្វ្រិកខាងត្បូងបានរីករាលដាលនៅទូទាំងពិភពលោករួចទៅហើយដោយមានករណីជាច្រើនត្រូវបានគេរាយការណ៍នៅអាមេរិក អឺរ៉ុប និងអាស៊ី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ បុរសអាយុ ៨២ ឆ្នាំក្លាយជាមនុស្សដំបូងគេដែលទទួលបានវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca/Oxford

ចុចអាន ៖ ឥណ្ឌាអនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់នូវវ៉ាក់សាំងកូវីដចំនួនពីរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម