Connect with us

ព័ត៌មានអន្ដរជាតិ

លោក ហ្សេលេនស្គី ថា ចិន គឺជាឧបករណ៍របស់ ពូទីន

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ CNN កាលពីថ្ងៃអាទិត្យទី២ខែមិថុនា, ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានវាយប្រហារផ្នែកការទូតដ៏កម្រដាក់ទីក្រុងប៉េកាំង ពេលលោកថ្លែងក្នុងសន្និសីទកាសែតមួយបន្ទាប់ពីបង្ហាញខ្លួនយ៉ាងភ្ញាក់ផ្អើលនៅឯកិច្ចសន្ទនាសន្តិសុខ Shangri-La ប្រចាំឆ្នាំ នៅប្រទេសសិង្ហបុរី ដោយលោកនិយាយថា ចិន គឺជាឧបករណ៍របស់លោក ពូទីន ហើយកំពុងធ្វើសកម្មភាពជំនួសមុខឲ្យរុស្ស៊ី។

លោក ហ្សេលេនស្គី​ ​អះអាង​ថា ​រុស្ស៊ី​កំពុង​ប្រើ​ឥទ្ធិពល​ចិន​ដាក់​លើ​តំបន់ ហើយក៏​កំពុងប្រើ​ការទូត​ចិនផងដែរនិង​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​រំខាន​ដល់​ជំនួប​កំពូល​សន្តិភាពដែលគ្រោងរៀបចំឡើងនៅប្រទេសស្វីស។ ចិនបានផ្តល់ជំនួយយោធាដល់រុស្ស៊ី ចំពេលមានអរិភាព។ មានរបស់ខ្លះចូលទីផ្សាររុស្ស៊ី តាមរយៈប្រទេសចិន ជាពិសេសសព្វាវុធរបស់រុស្ស៊ី ដែលផ្តល់មកពីប្រទេសចិន។

ការចោទប្រកាន់របស់លោក ហ្សេលេនស្គី កើតឡើងភ្លាមៗបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចិន Dong Jun បានបញ្ជាក់ជាថ្មី នូវជំហរអព្យាក្រឹតរបស់ទីក្រុងប៉េកាំងចំពោះជម្លោះរវាងទីក្រុងមូស្គូនិងកៀវ ដោយអះអាងថា ខ្លួនបាននិងកំពុងឈរយ៉ាងរឹងមាំលើផ្នែកសន្តិភាព និងកិច្ចសន្ទនា។

លោក Dong ក៏បាននិយាយក្នុងសន្និសីទ Shangri-La ដែរថា ទីក្រុងប៉េកាំងមិនបានផ្តល់អាវុធដល់ភាគីណាមួយទេ ហើយគ្រប់គ្រងយ៉ាងតឹងរ៉ឹង លើការនាំចេញទំនិញប្រើប្រាស់។

ពាក់ព័ន្ធនឹង “សន្និសីទសន្តិភាព” ដែលឧបត្ថម្ភដោយអ៊ុយក្រែនឯណោះវិញ, ព្រឹត្តិការណ៍នោះគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី១៥-១៦ខែមិថុនា ក្នុងរមណីយដ្ឋាន Burgenstock ជិតទីក្រុង Lucerne នៃប្រទេសស្វីស។

ថ្វីបើប្រទេសជាង១៦០ ត្រូវបានអញ្ជើញឲ្យចូលរួមក៏ដោយ ប៉ុន្តែមិនទាន់មានការបញ្ជាក់ពីតំណាងពិតប្រាកដដែលត្រូវចូលរួមទេ ខណៈប្រទេសជាច្រើនរាយការណ៍ថា ពិចារណាមិនព្រមចូលរួម ឬបញ្ជូនត្រឹមមន្ត្រីតូចតាចទៅប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូ ត្រូវបានដកឈ្មោះចេញ ព្រោះទីក្រុងកៀវចោទថា រុស្ស៊ីនឹងព្យាយាមបំផ្លាញព្រឹត្តិការណ៍នេះ ចំណែកឯទីក្រុងប៉េកាំង ក៏អះអាងនឹងមិនដាក់គណៈប្រតិភូទៅដែរ ដោយលើកហេតុផលថា ភាគីជម្លោះទាំងពីរត្រូវតែមានវត្តមាននៅក្នុងកិច្ចចរចាសន្តិភាពណាមួយ៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម