Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសកំពុងមានអំពើហិង្សា បែរជាឥណ្ឌាបញ្ជូនជនរ៉ូហ៊ីងយ៉ាងមកមីយ៉ាន់ម៉ាវិញ

បានផុស

នៅ

ប៉ូលិសឥណ្ឌាបានឃុំខ្លួនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង ១៥០ នាក់ដែលត្រូវបានរកឃើញថាកំពុងរស់នៅដោយខុសច្បាប់នៅក្នុងទឹកដីភាគខាងជើងនៃទីក្រុង Jammu និងតំបន់កាស្មៀរ ហើយបានចាប់ផ្តើមបញ្ជូនពួកគេទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញដែលកំពុងមានអំពើហិង្សា និងការបង្ក្រាបរបស់យោធាលើក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បញ្ហានេះកើតឡើងនៅពេលដែលប្រទេសមីយ៉ាន់ម៉ាឆ្ពោះទៅរកវិបត្តិកាន់តែជ្រៅ ។ របបយោធាដែលដណ្តើមអំណាចកាលពីថ្ងៃទី ១ ខែកុម្ភៈបានកាន់កាប់មន្ទីរពេទ្យ និងធ្វើការវាយឆ្មក់យ៉ាងឃោរឃៅដើម្បីពង្រឹងការគ្រប់គ្រងប្រទេសរបស់ខ្លួន ។ ទន្ទឹមនឹងនេះដែរបាតុកម្មទ្រង់ទ្រាយធំប្រឆាំងនឹងរដ្ឋប្រហារ និងការគ្រប់គ្រងយោធាបានបន្តអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ។ មនុស្សជាង ៥៤ នាក់បានស្លាប់នៅក្នុងការបង្ក្រាបលើការតវ៉ារួមទាំងក្មេងជំទង់ និងយុវជនជាច្រើននាក់ ។

ជនរ៉ូហ៊ីងយ៉ារាប់សិបនាក់ដែលជាប្រជាជនភាគតិចមូស្លីមឥឡូវនេះកំពុងស្ថិតនៅក្នុងមជ្ឈមណ្ឌលឃុំឃាំងបណ្តោះអាសន្ននៅពន្ធនាគារ Hira Nagar របស់ទីក្រុង Jammu ។ ពួកគេត្រូវបានកំណត់អត្តសញ្ញាណ បន្ទាប់ពីអាជ្ញាធរមូលដ្ឋានបានធ្វើការធ្វើពិនិត្យ និងការធ្វើតេស្តផ្សេងៗលើមនុស្សរាប់រយនាក់ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ពួកគេ ។

ជនជាតិរ៉ូហ៊ីងយ៉ាដែលរស់នៅក្នុងទីក្រុង Jammu បាននិយាយថា ពួកគេមានការព្រួយបារម្ភអំពីការឃុំខ្លួនកាលពីចុងសប្តាហ៍ និងការគំរាមកំហែងនៃការនិរទេស ។

រដ្ឋាភិបាលជាតិនិយមហិណ្ឌូរបស់លោកនាយករដ្ឋមន្រ្តី Narendra Modi ចាត់ទុកជនជាតិរ៉ូហ៊ីងយ៉ាជាជនអន្តោប្រវេសន៍ខុសច្បាប់ និងជាហានិភ័យសន្តិសុខ ហើយបានបញ្ជាឲ្យពួកគេរាប់ពាន់នាក់ដែលរស់នៅក្នុងកន្លែងតាំងទីលំនៅរាយប៉ាយត្រូវបានកំណត់អត្តសញ្ញាណ និងត្រូវបាននិរទេស ។

យោធាមីយ៉ាន់ម៉ាត្រូវបានគេចោទប្រកាន់ពីបទប្រព្រឹត្តិអំពើឃោរឃៅរួមមានការសម្លាប់ និងការរំលោភសេពសន្ថវៈប្រឆាំងនឹងជនជាតិភាគតិចមូស្លីមដែលបង្ខំឲ្យប្រជាជនជិតមួយលាននាក់រត់ភៀសខ្លួន ។ បច្ចុប្បន្ននេះភាគច្រើនពួកគេរស់នៅជំរុំជនភៀសខ្លួននៅព្រំដែនជាមួយប្រទេសបង់ក្លាដែស ខណៈ UN បានណែនាំថា មន្រ្តីយោធាជាន់ខ្ពស់ត្រូវប្រឈមនឹងការចោទប្រកាន់ពីអំពើប្រល័យពូជសាសន៍ ។

ទន្ទឹមនោះមីយ៉ាន់ម៉ាបានបដិសេធរាល់ការចោទប្រកាន់ពីអំពើប្រល័យពូជសាសន៍ ហើយនិយាយថាកងទ័ពកំពុងប្រយុទ្ធប្រឆាំងនឹងកុបកម្មស្របច្បាប់ ។

ឥណ្ឌាជាកន្លែងប្រមូលផ្តុំជនជាតិរ៉ូហ៊ីងយ៉ាដ៏ធំបំផុតមួយនៅក្រៅប្រទេសបង់ក្លាដែស ។ ជនជាតិរ៉ូហ៊ីងយ៉ានៅក្នុងប្រទេសនេះបាននិយាយថា បច្ចុប្បន្នលក្ខខណ្ឌមិនអំណោយផលនោះទេសម្រាប់ពួកគេដើម្បីវិលត្រឡប់ទៅប្រទេសមីយ៉ាន់ម៉ាវិញដែលកំពុងជួបប្រទះនឹងការធ្វើរដ្ឋប្រហារយោធា បន្ទាប់ពីបានភៀសខ្លួនពីអំពើហិង្សា និងការធ្វើទុក្ខបុកម្នេញអស់រយៈពេលជាច្រើនឆ្នាំ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNN

ចុចអាន ៖ យោធាមីយ៉ាន់ម៉ាដកហូតអាជ្ញាប័ណ្ណប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកលែងឲ្យរាយការណ៍ពីបាតុកម្ម

ចុចអាន ៖ អ្នក​ស្រុកកាន់តែវេទនា! យោធា​​មីយ៉ាន់ម៉ា​​កាន់​កាប់​សាលារៀន ស.វិទ្យាល័យ និង​មន្ទីរពេទ្យធ្វើជាជំរំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម