ព័ត៌មានអន្ដរជាតិ
យោធាអាមេរិកប្រចាំអឺរ៉ុបចងក្រងប្រព័ន្ធសព្វាវុធដែលអាចជួយអ៊ុយក្រែន
មេបញ្ជាការកំពូលរបស់យោធាអាមេរិកប្រចាំនៅអឺរ៉ុប បានចងក្រងបញ្ជីប្រព័ន្ធសព្វាវុធដែលអាមេរិកមាន ដែលអាចជួយអ៊ុយក្រែនក្នុងការទប់ទល់នឹងរុស្ស៊ី ដែលរដ្ឋបាលរបស់ប្រធានាធិតី ចូ បៃដិន មិនទាន់ផ្តល់ឱ្យអ៊ុយក្រែន រួមទាំងមីស៊ីលពីអាកាសទៅដី និងបណ្តាញទំនាក់ទំនងសុវត្ថិភាពដែលប្រើដោយណាតូ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី៩ខែតុលានេះ។
នៅក្នុងឧបសម្ព័ន្ធមួយភ្ជាប់ទៅនឹងរបាយការណ៍ដែលបានចាត់ថ្នាក់អំពីយុទ្ធសាស្ត្រអ៊ុយក្រែនរបស់រដ្ឋបាលលោក Biden ដែលត្រូវបានបញ្ជូនទៅសភាកាលពីដើមខែមុន ឧត្តមសេនីយ៍ Chris Cavoli បានគូសបញ្ជាក់ពីបញ្ជីសមត្ថភាពរបស់សហរដ្ឋអាមេរិកដែលអាចជួយឱ្យយោធាអ៊ុយក្រែនប្រយុទ្ធកាន់តែមានប្រសិទ្ធភាព។ នេះបើយោងតាមមនុស្សដែលស្គាល់ពីរបាយការណ៍នេះ។ .
បញ្ជីនេះរួមមាន Joint Air-to-Surface Standoff Missile ដែលជាប្រភេទមីស៊ីលវាយប្រហារតាមអាកាស និងប្រព័ន្ធទំនាក់ទំនងដែលគេស្គាល់ថា Link16 ដែលជាបណ្តាញចែករំលែកទិន្នន័យដែលប្រើប្រាស់ដោយសហរដ្ឋអាមេរិក និងអង្គការណាតូ ដែលត្រូវបានគេសន្មត់ថា ធ្វើឱ្យទំនាក់ទំនងកាន់តែរលូន។ ប្រភពមួយទៀតដែលដឹងពីសំណើរបស់ពួកគេ បាននិយាយថា អ៊ុយក្រែនបានស្នើសុំប្រព័ន្ធទាំងពីរនេះម្តងហើយម្តងទៀត។
ជិតបីឆ្នាំក្នុងសង្រ្គាម ភាគីអ៊ុយក្រែននៅតែអង្វរអាមេរិកឲ្យផ្តល់អាវុធទំនើបៗបន្ថែមទៀត និងដកការរឹតត្បិតលើការប្រើប្រាស់ ខណៈការបោះឆ្នោតប្រធានាធិបតីអាមេរិកដែលនៅសល់តិចជាងមួយខែទៀតនេះបានធ្វើឲ្យអនាគតនៃការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែនមានភាពមិនច្បាស់លាស់ ទោះបីជាសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនកំពុងធ្វើការដើម្បីធ្វើឱ្យប្រាកដថាអ៊ុយក្រែនមានអ្វីដែលខ្លួនត្រូវការហូតដល់ចុងឆ្នាំ២០២៥ក៏ដោយ។
រដ្ឋាភិបាលអ៊ុយក្រែននៅតែបន្តបញ្ចុះបញ្ចូលយ៉ាងខ្លាំង នៅពេលដែលប្រធានាធិបតី វ៉ុលឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) បានជួបជាមួយប្រធានាធិបតី ចូ បៃដិននៅសេតវិមានកាលពីចុងខែមុន។ ពេលនោះលោក ហ្សេលេនស្គី មកជាមួយនូវបញ្ជីលម្អិត ដែលមិនមែនអាវុធនោះទេ ប៉ុន្តែជាគោលដៅនៅក្នុងប្រទេសរុស្ស៊ី ដែលគាត់ចង់វាយប្រហារដោយមីស៊ីលរយៈចម្ងាយឆ្ងាយដែលផ្តល់ដោយសហរដ្ឋអាមេរិក ដែលគេស្គាល់ថាជា ATACMS។ បញ្ជីនេះគឺជាផ្នែកសំខាន់នៃ «ផែនការជ័យជំនះ»របស់លោក ហ្សេលេនស្គី ក្នុងការឈ្នះសង្រ្គាម។
ប្រភពបាននិយាយថា លោក បៃដិន ដែលរហូតមកដល់បច្ចុប្បន្នបានហាមប្រាមអ៊ុយក្រែនពីការដាក់ពង្រាយប្រព័ន្ធមីស៊ីលសម្រាប់ការវាយប្រហារចម្ងាយឆ្ងាយទៅក្នុងប្រទេសរុស្ស៊ីនោះ មិនបានច្រានចោលទាំងស្រុងចំពោះសំណើនេះទេ។ ថ្នាក់ដឹកនាំបានយល់ព្រមបន្តពិភាក្សាអំពីបញ្ហានេះ។
ប៉ុន្តែលោក បៃដិន នឹងមិនជួបជាមួយ ហ្សេលេនស្គី ម្តងទៀតក្នុងពេលដ៏ខ្លីខាងមុខនេះទេ បន្ទាប់ពីលោកបានលុបចោលការធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់សម្រាប់ការប្រមូលផ្តុំក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែនក្នុងសប្តាហ៍នេះ ហើយវានៅតែមិនទំនងដែលសហរដ្ឋអាមេរិកនឹងផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនលើមីស៊ីលរយៈចម្ងាយឆ្ងាយ។
ជាទូទៅ មន្ត្រីអាមេរិកនិយាយថា ពួកគេកំពុងផ្តល់ឱ្យអ៊ុយក្រែននូវអ្វីគ្រប់យ៉ាងដែលយោធាអាមេរិកវាយតម្លៃថាទីក្រុងគៀវ ត្រូវការនៅពេលនេះ ដើម្បីគាំទ្រដល់ការប្រយុទ្ធរបស់ខ្លួន។ ក្រុមមន្ត្រីក៏បានអះអាងផងដែរថាការផ្គត់ផ្គង់មានកំណត់របស់សហរដ្ឋអាមេរិកនៃប្រព័ន្ធ ATACMS រយៈចម្ងាយឆ្ងាយត្រូវបានប្រើប្រាស់កាន់តែប្រសើរឡើងប្រឆាំងនឹងគោលដៅនៅគ្រីមៀ។
មន្ត្រីអាមេរិកបានកត់សម្គាល់ថា អ៊ុយក្រែនបានធ្វើការវាយប្រហារដោយជោគជ័យជាច្រើនរួចមកហើយនៅក្នុងរយៈចម្ងាយឆ្ងាយនៅក្នុងប្រទេសរុស្ស៊ីដោយប្រើយន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយរបស់ពួកគេផ្ទាល់ដែលបានបំផ្លាញមូលដ្ឋានឧស្សាហកម្មការពារជាតិរបស់រុស្ស៊ី ។
ទោះជាយ៉ាងណា អ្នករិះគន់និយាយថា ផែនការរបស់រដ្ឋបាលអាមេរិកសម្រាប់ជ័យជម្នះរបស់អ៊ុយក្រែននៅតែមានភាពស្រពិចស្រពិល។ ចំពោះពេលនេះ រូបភាពនៅសមរភូមិនៅតែមានភាពរលូន បើទោះបីជារុស្ស៊ីបានចំណេញយ៉ាងខ្លាំងនៅភាគខាងកើតរបស់ប្រទេស តែអ៊ុយក្រែនកាលពីដើមឆ្នាំនេះ បានដណ្តើមយកទឹកដីដ៏ធំនៅក្នុងប្រទេសរុស្ស៊ី ដែលខ្លួននៅតែបន្តកាន់កាប់មកដល់ពេលនេះ៕
អត្ថបទ៖ ប៊ុន សុភាព
-
វប្បធម៌ ជំនឿ៣ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ ចេញកើតពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
សន្តិសុខសង្គម១៣ ម៉ោង ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទឹកជំនន់នៅភាគខាងត្បូងថៃ រឹតតែធ្ងន់ ឯមនុស្សស្លាប់ កើនច្រើនឡើងៗ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន