អ្នកជំនាញ៖ បើ Biden ឈ្នះ កូរ៉េខាងជើង នឹងជូនកាដូភ្ញាក់ផ្អើលមួយសម្រាប់សហរដ្ឋអាមេរិក – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកជំនាញ៖ បើ Biden ឈ្នះ កូរ៉េខាងជើង នឹងជូនកាដូភ្ញាក់ផ្អើលមួយសម្រាប់សហរដ្ឋអាមេរិក

Published

on

ក្រុមអ្នក​វិភាគ​នយោបាយ​ពិភពលោក បានធ្វើ​ការ​ប៉ាន់ស្មាន​ថា លោក Joe Biden អតីត​អនុប្រធានាធិបតី ៨ឆ្នាំ នៃ​រដ្ឋបាល​លោក Barak Obama អាច​នឹង​ប្រើ​យុទ្ធ​សាស្ត្រ​អត់ធ្មត់ របស់​លោក Obama ដើម្បី​ដោះ​ស្រាយ​ជាមួយ​កូរ៉េខាងជើង នៅ​ពេល​ដែល​ប្រជាជាតិ​ទាំង​ពីរ មិន​អាច​បង្កើត​ឲ្យ​មាន​ចំណង​ការទូត​ជាមួយ​គ្នា។

អ្វី​ដែល​ក្រុម​អ្នក​វិភាគ​ព្រួយបារម្ភ​ខ្លាំង​បំផុត​នោះ គឺ​ការ​ពន្យារពេលប្រកាស​លទ្ធផល​ឆ្នោត​ប្រ​ធានាធិបតី​នៅ​អាមេរិក និង​ភាព​ចម្រូង​ចម្រាស់​រវាង​ការ​រាប់សន្លឹក​ឆ្នោត អាច​នឹង​ធ្វើ​ឲ្យ​កូរ៉េខាង បង្ក​ភាព​ភ្ញាក់​ផ្អើល​ជាថ្មី ដោយ​បាញ់​សាកល្បង​មីស៊ីលរបស់​ខ្លួន ពញ្ញាក់​ចំណាប់​អារម្មណ៍របស់​លោក Biden ដែល​ជាមនុស្ស​ម្នាក់​គត់​ត្រូវ​គេ​ជឿ​ថា នឹង​ឡើង​ជា​ប្រធានាធិបតី​ទី ៤៦ របស់​អាមេរិក ដែល​ផ្តោត​សំខាន់​លើ​របៀប​វារៈ​គោលនយោបាយ​របស់​លោក ដូច​ជាការ​ស្រោចស្រង់សេដ្ឋកិច្ច ជម្លោះ​ពូជសាសន៍ និង​ការ​ទប់​ស្កាត់​ជំងឺកូវីដ ១៩ ជាដើម។

ថ្លែង​ទៅ​កាន់​ភ្នាក់​ងារ​ព័ត៌មាន The Korea Times សាស្ត្រាចារ្យ Leif-Eric Easley នៃ​សាកល​វិទ្យាល័យ Ewha ទីក្រុងសេអ៊ូល បាននិយាយថា “បើ Biden ឈ្នះឆ្នោត របបមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អាចនឹង​បង្ក​ហេតុជាមួយ​កាដូស្វាគមន៍ដ៏ភ្ញាក់ផ្អើល និង​ទាមទារ​ផល​ប្រយោជន៍សេដ្ឋកិច្ច​សម្រាប់​ប្រទេស​របស់​ខ្លួន ជាថ្នូរនូវការ​កាត់​បន្ថយ​ភាព​តានតឹង​ផ្លូវ​យោធា”។    

លោក Donald Kirk សកម្មជន​មួយ​រូប​តាមដាន​ស្ថានភាព​ឧបទ្វីប​កូរ៉េ បាន​ប្រាប់ The Korea Times ដូច​គ្នា​ថា “ចំពោះ Biden ច្បាស់​ជាបញ្ជា​ឲ្យ​មាន​ការ​ពិនិត្យ​ឡើង​វិញ​នៃ​គោលនយោបាយ​អាមេរិក លើ​កូរ៉េខាងជើង ដែល​ទាម​ទារ​ពេល​វេលា​ខ្លះ​សម្រាប់​ការ​ងារ​នេះ ហើយ​ក៏​អាច​ផ្តល់​ឱកាស​ឲ្យ​ គីម ជុងអ៊ុន បាញ់​សាកល្បង​មីស៊ីល​ជាថ្មី។ អាច​ប្រហែលជាមិន​មែន​ជាមីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ ICBM ប៉ុន្តែ​ជា​មីស៊ីល​រយៈ​ចម្ងាយ​ជិត ដែល​កូរ៉េខាងជើងបាញ់​សាកល្បងជារឿយៗ អំឡុង​ពេល​ លោក Trump កាន់​ដំណែង​ជាប្រធានាធិបតី”។

លោក Victor Cha ប្រធានមជ្ឈមណ្ឌលសិក្សាសម្រាប់យុទ្ធសាស្ត្រ និង​កិច្ចការ​អន្តរជាតិ CSIS របស់​កូរ៉េខាងត្បូង លើកឡើង​ថា “បើ​ Biden ឈ្នះ ខ្ញុំក៏​មិន​ភ្ញាក់​ផ្អើល​ដែល បើ​កូរ៉េខាងជើងបង្ហហេតុ​ក្រោយ​ការ​បោះឆ្នោត​នោះ”។ លោកថា វាព្រោះលោកគិតថា យុទ្ធ​សាស្ត្រ​អត់ធ្មត់​របស់លោក Obama រយៈ​ពេល ៨ឆ្នាំ អាច​នឹង​ត្រូវ​លោក Biden ប្រើប្រាស់​ជាថ្មី ហើយ​កូរ៉េខាងជើង ក៏​មិនឈរនៅ​ស្ងៀម​ដែរ គេ​នឹង​បង្ក​ហេតុ​ដើម្បី​ជា​សញ្ញា​ទៅ​កាន់​សហរដ្ឋអាមេរិក។ បើ Biden ឈ្នះ មិនមែន​ជារឿង​ល្អ​ទេ ពិភពលោក​អាច​​នឹង​ឃើញ​សកម្ម​ភាព​បង្ក​ហេតុ​ពី​កូរ៉េខាងជើង​មិន​ខាន៕

ប្រែសម្រួល៖ សុភា
ប្រភព៖ The Korea Times

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម