Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ចាប់បានមេគ្រឿងញៀនម្នាក់ទៀត រឹបអូសថ្នាំមេតំហ្វេតាមីនជិត ៥០ ០០០គ្រាប់

បានផុស

នៅ

ប៉ូលិសថៃ ចាប់បានមេគ្រឿងញៀនម្នាក់ទៀតហើយ កាលពីថ្ងៃចន្ទទី៤ខែសីហាឆ្នាំ២០២៥ ដោយក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចរឹបអូសថ្នាំមេតំហ្វេតាមីន ចំនួន ៤៦ ៨០០គ្រាប់និងម៉ាទឹកកក ៦០.៨ក្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការនេះធ្វើឡើងនៅខេត្តភាគខាងត្បូង Nakhon Si Thammarat ដោយចាប់បានមេគ្រឿងញៀនឈ្មោះ Nan Tha Pho ដែលទើបចេញពីពន្ធនាគារប៉ុណ្ណោះ។

ការចាប់ខ្លួននេះកើតឡើងមួយថ្ងៃ បន្ទាប់ពីប៉ូលិសនៅខេត្ត Loei ឯណោះក៏បើកប្រតិបត្តិការ Re-X បង្ក្រាបបណ្តាញគ្រឿងញៀនអន្តរជាតិ ចាប់បានអ្នកជួញដូរ២នាក់ និងរឹបអូសថ្នាំមេតំហ្វេតាមីន ៣ ៨២០ ០០០គ្រាប់ផងដែរ។

តាមការបញ្ជាក់ពីប៉ូលិស ក្រុមនេះគឺជាបណ្តាញជួញដូរអន្តរជាតិ ហើយសមត្ថកិច្ចបានតាមដានពួកគេជាយូរមកហើយ។ ពួកគេបានដឹកជញ្ជូនគ្រឿងញៀន១២ថង់ធំតាមម៉ូតូទឹក យកទៅដាក់រថយន្តភីកអាប់ម៉ាក MG ពណ៌ប្រផេះមួយគ្រឿងដែលចតចាំ ប៉ុន្តែត្រូវប៉ូលិសបង្ក្រាបបាន។

នៅថ្ងៃអាទិត្យដដែលនោះ ក្នុងខេត្តឈៀងម៉ៃ ទាហានបានបើកឆាកប្រយុទ្ធជាមួយអ្នកជួញដូរ សម្លាប់មនុស្ស៥នាក់និងរឹបអូសបានថ្នាំមេតំហ្វេតាមីនប្រមាណ ១.៣៥លានគ្រាប់។

ក្រុមជួញដូរនោះ មានប្រដាប់ដោយអាវុធ ហើយការបាញ់តដៃគ្នាមានរយៈពេល១០នាទី។ ក្រោយការបាញ់គ្នា ទាហានថៃ រកឃើញថ្នាំញៀន៩បាវ ដែលក្នុងមួយបាវៗមានផ្ទុកមេតំហ្វេតាមីន ១៥០ ០០០គ្រាប់ បើសរុបចូលគ្នាមានចំនួន ១ ៣៥០ ០០០គ្រាប់។

បើសរុបចូលគ្នា ត្រឹម២ថ្ងៃ ថៃរឹបអូសបានថ្នាំញៀនជាង ៥លានគ្រាប់ ដែលនេះបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសថៃគឺជាសម្បុកនិងជាកន្លែងចែកចាយគ្រឿងញៀនដ៏ធំ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទាហានថៃ ប្រយុទ្ធជាមួយក្រុមជួញដូរគ្រឿងញៀន សម្លាប់មនុស្ស៥នាក់ និងរឹបអូសបានមេតំហ្វេតាមីន ជាង១លានគ្រាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម