Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ី ​កាត់​ប្រាក់​ឧបត្ថម្ភ​សមាជិក​សភាវិញ ​បន្ទាប់​ពី​ផ្ទុះ​មាន​ការ​តវ៉ា​ដ៏​សាហាវ​

បានផុស

នៅ

ក្រោយ​ប្រឈមមុខនឹងការតវ៉ាទូទាំងប្រទេសអស់​រយៈពេលមួយសប្តាហ៍ ដែលបានបណ្តាលឲ្យមនុស្សយ៉ាងតិច​៥​នាក់ស្លាប់ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានប្រកាសកាលពីថ្ងៃអាទិត្យ​ទី​៣១​ខែ​សីហា​ថា រដ្ឋាភិបាល​​របស់​លោក​នឹងកាត់​ប្រាក់ឧបត្ថម្ភលំនៅដ្ឋានដ៏ចម្រូងចម្រាសចំនួន ៣ ០៣០​ដុល្លារ​ សម្រាប់សមាជិកសភា​វិញ​ ដែល​ជាដើម​ហេតុ​​បញ្ឆេះកំហឹងជាសាធារណៈជុំវិញវិសមភាពសេដ្ឋកិច្ច។

លោក Prabowo Subianto (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីបាតុកម្មកើនឡើងពីការប្រមូលផ្តុំដោយសន្តិវិធីទៅជាកុបកម្ម ដោយក្រុមបាតុករបានកំណត់គោលដៅផ្ទះសមាជិកសភាជាមួយនឹងការលួចប្លន់ និងការបំផ្លិចបំផ្លាញ។

ភាពចលាចលបានចាប់ផ្តើមបន្ទាប់ពី​មាន​ការ​បង្ហាញថា សមាជិកសភាបានអនុម័តការកើនឡើងយ៉ាងច្រើនចំពោះប្រាក់ឧបត្ថម្ភលំនៅដ្ឋានរបស់ពួកគេ។ ប្រាក់​ឧបត្ថម្ភ​នេះ​​ស្មើនឹង​​ច្រើនដងនៃប្រាក់ឈ្នួលអប្បបរមាប្រចាំឆ្នាំរបស់​ពលរដ្ឋ​​ឥណ្ឌូណេស៊ី ខណៈ​ប្រទេស​អាស៊ី​​មួយ​នេះ​​កំពុងជួបបញ្ហា​កើនឡើងតម្លៃនៃការរស់នៅ និងអត្រា​អត់ការងារធ្វើខ្ពស់។

ការ​តវ៉ា​បាន​រីករាលដាល​ទៅ​ជាទ្រង់ទ្រាយ​ធំ បន្ទាប់​ពី​អ្នក​ជិះ​ម៉ូតូ​ដឹក​​ជញ្ជូន​ម្នាក់​អាយុ​២១​ឆ្នាំ ត្រូវ​បាន​រថយន្ត​ប៉ូលិស​បុក​ស្លាប់ នៅ​ក្នុង​ទីក្រុង​ហ្សាការតា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​មនុស្ស​រាប់​រយ​នាក់​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​រង​របួស។

វិបត្តិ​ក្នុង​ស្រុក​នេះបានបង្ខំ​ឲ្យ​លោក​ប្រធានាធិបតី Subianto លុបចោលការធ្វើដំណើរដែលបានគ្រោងទុកទៅសន្និសីទសន្តិសុខក្នុងប្រទេសចិនកាលពីថ្ងៃសៅរ៍។ នៅក្នុងសុន្ទរកថា​កាលពីថ្ងៃអាទិត្យ ​លោក​ Subianto បាននិយាយថា លោក​យល់អំពីកង្វល់សេដ្ឋកិច្ចរបស់សាធារណៈជន ហើយថា សមាជិកសភាសហព័ន្ធនឹង​ត្រូវ​កាត់បន្ថយ​ប្រាក់ឧបត្ថម្ភរបស់ពួកគេ៕

បាតុកម្ម​នៅ​ឥណ្ឌូណេស៊ី​កាល​ពី​សប្ដាហ៍​មុន (រូបថត៖ Reuters)
(រូបថត៖ Reuters)
(រូបថត៖ Reuters)

ដោយ៖ ឈាង

ចុចអាន៖ មនុស្ស៣នាក់ទៀតស្លាប់ ក្នុងបាតុកម្មនៅឥណ្ឌូណេស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម