Connect with us

ព័ត៌មានអន្ដរជាតិ

ចិន បង្ហាញមីស៊ីលដ៏អស្ចារ្យ មានសមត្ថភាពបាញ់ដល់អាមេរិក

បានផុស

នៅ

មីស៊ីល ដ្រូន រថក្រោះ រថពាសដែក យន្តហោះចម្បាំង និងសព្វាវុធទំនើបៗបានបង្អួតរាងឡើងរង្គើទីលាន Tiananmen ក្នុងទីក្រុងប៉េកាំង ក្នុងក្បួនព្យុហយាត្រាដ៏ធំសម្បើមរំលឹកខួបលើកទី​៨០​ នៃការចុះចាញ់របស់ជប៉ុនក្នុងសង្គ្រាមលោកលើកទី​២​ ហើយក្នុងនោះ គេឃើញសព្វាវុធមួយដែលទាក់ទាញចំណាប់អារម្មណ៍ខ្លាំងបំផុត, នោះគឺមីស៊ីលអន្តរទ្វីប (ICBM) «Dongfeng-5C (DF-5C)» ដែលអ្នកជំនាញអះអាងថា វាមានសមត្ថភាពបាញ់រហូតដល់ទឹកដីសហរដ្ឋអាមេរិក និងអឺរ៉ុបខាងលិចឯណោះ។

មីស៊ីល DF-5C (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

DF-5C គឺជាមីស៊ីលពីរថ្នាក់ប្រើឥន្ធនៈរាវ, មានន័យថា វាត្រូវបានបាញ់ដោយរ៉ុកកែតពីរជាប់គ្នា ដែលមួយថ្នាក់មានម៉ាស៊ីនផ្ទាល់ខ្លួនចំនួនមួយ ហើយបាញ់ចេញពីក្រោមដី។

DF-5 មានប្រវែង ៣២.៦ ម៉ែត្រ អង្កត់ផ្ចិត ៣.៣៥ ម៉ែត្រ និងទម្ងន់ ១៨៣ ០០០ គីឡូក្រាមនៅពេលបាញ់បង្ហោះ។ របាយការណ៍កាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ ២០១៧ បានបង្ហាញថា ប្រទេសចិនបានសាកល្បងមីស៊ីលកូនកាត់ប្រភេទថ្មីនេះរួចទៅហើយ។

មីស៊ីល DF-5C (រូបថត៖ Reuters)

យោងតាមគេហទំព័រ Missile Threat, DF-5 មានរយៈចម្ងាយចន្លោះពី ១៣ ០០០ ទៅ ១៦ ០០០ គីឡូម៉ែត្រ និងអាចផ្ទុកបន្ទុកបាន ៣ ៩០០គីឡូក្រាម ដោយបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរទម្ងន់ ១ ទៅ ៣ មេហ្គាតោន។ វាក៏បំពាក់ជាមួយឧបករណ៍បោកប្រាស់ (Chaff), ឧបករណ៍បញ្ឆោត (Decoys) ឬឧបករណ៍ជំនួយការជ្រៀតចូលផ្សេងទៀតផងដែរ ដើម្បីគេចពីប្រព័ន្ធការពារមីស៊ីល។

ក្រៅពី DF-5C, មីស៊ីល ICBM របស់ចិនដែល​ត្រូវ​គេ​ស្គាល់​ថា​ DF-61 ក៏លេចវត្តមាន​ក្នុងអំឡុងព្យុហយាត្រាយោធាដ៏ធំនេះដែរ។ ក្រុមអ្នកវិភាគនិយាយថា មីស៊ីល​ដ៏​​ទំនើប​ DF-61 គឺ​ជាអ្នកស្នងតំណែងរបស់ DF-41 ដែលជា​មីស៊ីល​អន្តរទ្វីប​​បច្ចុប្បន្នរបស់ប្រទេសចិន ដែលធ្លាប់ត្រូវ​ដាក់បង្ហាញជាលើកដំបូងក្នុងឆ្នាំ​២០១៩ បន្ទាប់ពីការអភិវឌ្ឍ​អស់​ជាច្រើនទសវត្សរ៍។

មីស៊ីល DF-5C (រូបថត៖ Reuters)

សមត្ថភាព​របស់ DF-61 មិន​ទាន់​ត្រូវ​បាន​លាត​ត្រដាង​នៅ​ឡើយ​តែ ប៉ុន្តែ​គេ​ដឹង​ថា DF-41 អាច​​បាញ់​ក្នុង​ចម្ងាយរហូតដល់ ១៥ ០០០​គីឡូម៉ែត្រ និងអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរដែលអាចកំណត់គោលដៅដោយឯករាជ្យ​ដល់ទៅ ១០គ្រាប់។ របាយការណ៍ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បានចង្អុលបង្ហាញថា ចិន​កំពុង​សម្ងំ​ធ្វើការអាប់ដេត​លើប្រព័ន្ធ​មីស៊ីល​ជំនាន់ក្រោយ ដែលនឹង​មាន​សមត្ថភាព​ខ្លាំង​លើសពី DF-41 ទាំង​សមត្ថភាព​ផ្ទុក​ក្បាលគ្រាប់ រយៈ​ចម្ងាយ និង​ភាព​បត់បែន​ខ្លាំង​ជាង​មុន​ពិបាក​ឲ្យ​សត្រូវ​ស្ទាក់​ចាប់។

លើសពីនេះ ចិន​ក៏​​​បង្ហាញ​ពី​វត្តមាន​មីស៊ីល​ប្រភេទ​ថ្មី​ជា​ច្រើន​ទៀតដែរ ​ដូចជា មីស៊ីល​អន្តរទ្វីប DF-31BJ, មីស៊ីល​អន្តរទ្វីប DF-5C, មីស៊ីល​បាលិស្ទិក​បាញ់​ចេញ​ពី​នាវា​មុជ​ទឹក JL-3, មីស៊ីល​បាលិស្ទិក​ប្រឆាំង​នាវា​ល្បឿន​លឿន​ជាង​សំឡេង YJ-21 និង​មីស៊ីល​បាលិស្ទិក​បាញ់​ចេញ​ពី​នាវា​មុជទឹក​នុយក្លេអ៊ែរ JL-1៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ចិន​បង្អួត​មីស៊ីល​អន្តរទ្វីបថ្មី DF-61 ក្នុង​​ក្បួន​ដង្ហែយោធា​ក្រុង​ប៉េកាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម