Connect with us

ព័ត៌មានអន្ដរជាតិ

លើក​ដំបូង​ក្នុង​លោក​ វេជ្ជ​បណ្ឌិត​ជប៉ុន​វះ​កាត់​ប្តូរ​សួត​របស់​​អ្នក​បរិច្ចាគ​នៅ​រស់​​ទៅ​អ្នក​ជំងឺ​កូវីដ​-​១៩​

បានផុស

នៅ

ស្ត្រី​ជន​ជាតិ​ជប៉ុន​​ម្នាក់​ដែល​សួត​​រង​ការ​​ខូច​ខាត​យ៉ាង​ធ្ងន់​ធ្ងរ​ដោយ​ជំងឺ​កូវីដ-១៩​​ទទួល​បាន​នូវ​អ្វី​ដែល​ក្រុម​វេជ្ជបណ្ឌិត​ហៅ​ថា ជា​ការ​វះ​កាត់​ប្តូរ​សួត​​លើក​ដំបូង​បង្អស់​​ក្នុង​ពិភព​លោក​នេះ ដែល​​ទទួល​បានពី​​អ្នក​បរិច្ចាគ​​នៅ​រស់​​​ផ្តល់​​ឲ្យ​គាត់។

មន្ទីរ​​ពេទ្យ​សកល​វិទ្យាល័យ​​ក្យូតូ​បាន​និយាយ​​ថា ការ​វះ​កាត់​​ប្តូរ​សួត​នេះ​​បាន​ចំណាយ​​​ពេល​១១​ម៉ោង​ដោយ​ក្រុមវេជ្ជបណ្ឌិត​ជំនាញ​៣០​នាក់​កាល​ពីថ្ងៃ​ពុធ​ដើម្បី​ប្តូរជាលីកា​សួត​ពីប្តី និង​កូន​ប្រុស​ដែល​ជា​អ្នក​បរិច្ចាគ​។

សួត
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំងឺ​កូវីដ-១៩​ត្រូវ​បាន​គេ​ដឹង​ថា​ ធ្វើ​​ទុក្ខ​ខ្លាំង​ដល់​សួត​អ្នក​ជំងឺ ហើយ​ប្រជា​ជន​ទូទាំង​ពិភព​លោក រាប់​បញ្ចូល​ទាំង​សហរដ្ឋ​អាមេរិក​ផង​ទទួល​បាន​ការ​ប្តូរ​សួត​​​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ជា​សះ​ស្បើយ​​របស់​ពួក​គេ​ផង​ដែរ។

ប៉ុន្តែ​មន្ទីរ​ពេទ្យ​ក្យូតូ​បាន​និយាយ​ថា ករណី​នេះ​គឺ​ជា​ករណី​ដំបូង​បង្អស់​ដែល​ជា​លិកា​សួត​ត្រូវ​បាន​ប្តូរ​ពី​​អ្នក​បរិច្ចាគ​​​ជា​អ្នក​នៅ​រស់​​​​ទៅ​ឲ្យ​​​អ្នក​ជំងឺ​កូវីដ-១៩។

លោក​វេជ្ជបណ្ឌិត​ Hiroshi Date អ្នក​ឯកទេស​វះ​កាត់​នៅ​មន្ទីរ​ពេទ្យ​ដែល​បាន​ដឹក​នាំ​ការ​វះ​កាត់​នេះ​បាន​និយាយ​ថា វា​ផ្តល់​ក្តី​សង្ឃឹម​ដល់​អ្នក​ជំងឺ​ដែល​ទទួល​​រង​ការ​ខូច​ខាត​សួត​ធ្ងន់​ធ្ងរ​ពី​កូវីដ-១៩។

លោក​វេជ្ជបណ្ឌិត​​បាន​និយាយ​នៅ​ក្នុង​សន្និសីទសារព័ត៌មាន​កាល​ពី​ថ្ងៃព្រហស្បតិ៍​ថា​ ៖«យើង​បាន​បង្ហាញ​ថា ឥឡូវ​នេះ​យើង​មាន​ជម្រើស​នៃ​ការ​ប្តូរសួត​ (ពី​​អ្នក​បរិច្ចាគ​​​នៅ​​រស់​​)»។

យោង​តាម​មន្ទីរ​ពេទ្យ​សាកល​វិទ្យាល័យ​ក្យូតូ​បាន​ឱ្យ​ដឹង​ថា​ អ្នក​ជំងឺ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ស្ត្រី​មក​ពី​តំបន់​កាន​ស៊ី​ភាគ​ខាង​លិច​ប្រទេស​ជប៉ុន​បាន​​ឆ្លង​កូវីដ-១៩​ កាល​ពី​ចុង​ឆ្នាំ​មុន​ និង​​បាន​ចំណាយ​ពេល​ជា​ច្រើន​ខែ​​ដោយ​ប្រើ​ម៉ាស៊ីន​​ជំនួយ​ជីវិត​ដែល​ធ្វើ​​ជា​សួត​សិប្បនិម្មិត។​

កូវីដ-១៩​បាន​បំផ្លាញ​សួត​របស់​​គាត់​យ៉ាង​ខ្លាំង​ធ្វើ​ឲ្យ​​លែង​ដំណើរ​ការ ហើយ​គាត់​ក៏​បាន​ស្នើ​សុំ​ប្តូរ​សួត​ដើម្បី​មាន​ជីវិត​រស់។

យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​​មន្ទីរ​ពេទ្យ​បង្ហាញ​ថា ប្តី និង​កូន​ប្រុស​របស់​គាត់បាន​បរិច្ចាគ​ផ្នែក​ខ្លះ​នៃ​សួត​របស់​ពួក​គេ។​ ការ​ប្តូរ​ពី​អ្នក​បរិច្ចាគ​ខួរ​ក្បាល​ស្លាប់​គឺ​ជា​រឿង​កម្រ​ណាស់​នៅ​ប្រទេស​ជប៉ុន ហើយ​អ្នក​បរិច្ចាគ​មាន​ជីវិត​រស់​​​ត្រូវបាន​គេ​ចាត់​ទុក​ថា​ជា​ជំរើស​ប្រសើរ​ជាង​នេះ។

ក្រុមគ្រួ​ពេទ្យ​វះ​កាត់

យោង​តាម​មន្ទីរ​ពេទ្យ​ថា ប្តី​និង​កូន​ប្រុស​ស្ថិត​ក្នុង​ស្ថាន​ភាព​ស្ថិត​ស្ថេរ​ ហើយ​ស្ត្រី​រូប​នេះ​នៅ​តែ​ស្ថិត​ក្នុង​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់។ គេ​រំពឹង​ថា គាត់​អាច​នឹង​ចេញ​ពី​មន្ទីរ​ពេទ្យ​ក្នុង​រយៈ​ពេលប្រហែល​ជា​២​ខែ​ខាង​មុខ។

កាល​ពី​ខែ​មិថុនា ឆ្នាំ​មុន វេជ្ជបណ្ឌិត​វះ​កាត់​អាមេរិក​បាន​វះ​កាត់​ប្តូរ​សសួត​ជោគជ័យ​ទ្វេ​​ដង​ចំពោះ​អ្នក​ជំងឺ​កូវីដ-១៩​ម្នាក់ ដែល​ត្រូវ​បាន​គេ​ជឿថា​ជា​ការ​វះ​កាត់​បែប​នេះ​លើក​ដំបូង​សម្រាប់​អ្នក​ជំងឺ​កូវីដ-១៩។

កាល​ពី​ខែ​មុន គ្រូ​ពេទ្យ​វះកាត់​អាមេរិក​បាន​ធ្វើ​ការ​វះ​កាត់«កូវីដទៅ​កូវីដ»​​ដោយ​ទទួល​បាន​​ជោគជ័យ​ទ្វេ​ដង​ ពី​ការ​​ប្រើ​សួត​​របស់​​អ្នកបរិច្ចាគ​​ម្នាក់​ដែល​បាន​ជា​សះ​ស្បើយ​ពី​កូវីដ-១៩ ប៉ុន្តែ​បាន​ស្លាប់​ដោយមូលហេតុ​ផ្សេង ដាក់​ទៅ​បុរស​​វ័យ​ខ្ទង់​៦០​ឆ្នាំ​ដែល​សួត​របស់​​គាត់​រង​ការ​ខួច​ខាត​ខ្លាំង​ដោយ​កូវីដ-១៩។

ការ​សិក្សា​មួយ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយកាល​ពី​ដើម​ឆ្នាំ​នេះ​លើ​អ្នក​ជំងឺ​ជាង​​១​៧០០​ នាក់​ដែល​ត្រូវ​​បាន​​​ព្យាបាល​នៅ​ទី​ក្រុង​អ៊ូហាន​ ប្រទេស​ចិន​​​បាន​រក​ឃើញ​ថា​ កាំ​រស្មី​អ៊ិច​​របស់​អ្នក​ជំងឺ​​ធ្ងន់​ធ្ងរ​​​​​បង្ហាញ​ពី​ភស្តុតាង​នៃ​សួត​​បាន​ខូត​ខាត​រយៈ​ពេល​ជា​ច្រើន​ខែ បន្ទាប់​ពី​ការ​ឆ្លង៕


ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម