Connect with us

សុខភាព

កើត​ដុំ​គីស​នៅ​ចុង​ឫស​ធ្មេញ​? តើ​ត្រូវធ្វើ​យ៉ាងដូចម្តេច​?

បានផុស

នៅ

​ជំងឺ​គីស គឺអាច​កើតឡើង​នៅ​តំបន់​ឆ្អឹងថ្គាម​លើ និង​ក្រោម ហើយ​មាន​ច្រើន​ប្រភេទ​ដែល​អាច​ចែកជា ៣​ក្រុម​ធំៗ គឺ​៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

– គីស​ដែល​វិវត្តន៍​ពី​ការកកើត​ធ្មេញ

– គីស​ដែល​កើតឡើង​មិន​ពាក់ព័ន្ធ​បញ្ហា​ធ្មេញ

– គីស​ដែល​កើតឡើង​ពី​ការ​រលាក​ធ្មេញ

​ក្នុង​ចំណោម​នោះ​ប្រភេទ​គីស​ដែល​ជួបប្រទះ​ជា​ញឹកញាប់​ជាងគេ​គឺ គីស​នៅ​តំបន់​ចុង​ឬ​ស​ធ្មេញ (Radicular Cyst) ដែលមាន​ប្រហែល ៦៥% ទៅ ៧០%​នៃ​ក្រុម​ប្រភេទ​គីស​ទាំងអស់​ដែល​ស្ថិតនៅក្នុង​ឆ្អឹងថ្គាម​។​

១) តើ​គីស​ចុង​ឬ​ស​ធ្មេញ​បណ្តាលមកពី​អ្វី​?

​គីស​នៅ​ចុង​ឬ​ស​ធ្មេញ​បណ្តាលមកពី​បណ្តូល​ធ្មេញ​ងាប់ ហើយ​ជំរុញ​ឲ្យ​មាន​ការ​រលា​ក និង​មាន​បម្រែបម្រួល​នៅ​តំបន់​ចុង​ឬ​ស​ធ្មេញ​នៃ​កោសិកា (Rest of Malssez)​។ មូល​ហេតុដែល​បណ្តាលឲ្យ​បណ្តូល​ធ្មេញ (Pulp) ងាប់​មាន​ច្រើន ហើយ​បញ្ហា​ចម្បង​មកពី​រោគ​ពុក​ធ្មេញ និង​ការប៉ះទង្គិច​ធ្មេញ​។​

២) តើ​គីស​នៅ​ចុង​ឬ​ស​ធ្មេញ​ធ្វើ​ឲ្យ​អ្នកជំងឺ​ឈឺ​ដែរឬទេ​?

​គីស​នៅ​ចុង​ឬ​ស​ធ្មេញ​មិន​ធ្វើ​ឲ្យ​អ្នកជំងឺ​មានការ​ឈឺចាប់​នោះទេ ដូចនេះហើយ​អ្នកជំងឺ​មិនមាន​ការចាប់អារម្មណ៍ ហើយ​អ្នកជំងឺ​អាច​ដឹង​ខ្លួនឯង​មាន​សភាព​ប្លែក​ក្នុង​មាត់ នៅពេលដែល​គីស​រីក​ធំ​ដែល​ធ្មេញ​រង្គើ​ខ្លាំង ឬ​ប៉ោង​ឆ្អឹង​។​

៣) តើ​ការធ្វើ​រោគវិនិច្ឆ័យ​អាស្រ័យទៅលើ​អ្វីខ្លះ​?

​យើង​អាចធ្វើ​រោគវិនិច្ឆ័យ​តាមរយៈ​៖

– ភាព​ព្រួយ​បារម្ភ​របស់​អ្នកជំងឺ​

– ប្រវត្តិ​សុខភាព​ទូទៅ​របស់​អ្នកជំងឺ​

– ប្រវត្តិ​ការព្យាបាល​ធ្មេញ ឬ​ការប៉ះទង្គិច​

– ការពិនិត្យ​ក្រៅ​មាត់ និង​ក្នុង​មាត់​៖ ធ្មេញ​ដូរ​ពណ៌​ក្រ​ម៉ៅ​ខ្លាំង​

– ការថត​កាំរស្មីអ៊ិច (Periapical X-Ray, Panoramic X-Ray)

– ការធ្វើ Needle Aspiration

– ការ​ច្រឹប​សាច់​យកទៅ​វិភាគ (Biopsy)

៤) តើ​មាន​វិធីសាស្ត្រ​អ្វីខ្លះ​ក្នុងការ​ព្យាបាល​?

​ការព្យាបាល​ គឺ​អាស្រ័យទៅលើ​ស្ថានភាព​ជាក់ស្តែង​របស់​អ្នកជំងឺ​ម្នាក់ៗ ព្រមទាំង​ទីតាំង និង​ទំហំ​នៃ​គីស​ដែល​មាន​ដូចជា​៖

– ព្យាបាល​ធ្មេញ​ឡើងវិញ (​ដោយ​មិនចាំបាច់​ដក​ធ្មេញ​) ក្នុងករណី​ធ្មេញ​ងាប់​បណ្តូល​ធ្មេញ ឬ​ព្យាបាល​ពីមុន​មិន​ស្អាត ហើយ​ទំហំ​គីស​តូច​ជាង​២​សង់ទីម៉ែត្រ​។ ក្រោយ​ការព្យាបាល​ត្រូវធ្វើ​ការតាមដាន​ដោយ​ការថត​កាំរស្មីអ៊ិច X-ray ជា​រៀងរាល់ ៣​ខែម្តង ដើម្បី​ឲ្យ​ដឹងពី​ការ​ជាសះស្បើយ​ឡើងវិញ​។​

– ធ្វើការ​វះកាត់​ចុង​ឬ​ស​ធ្មេញ (Apicoectomy) ដោយ​កោស​យក​គីស​ចេញ និង​ធ្វើ​ការបិទ​ប៉ះ​ចុង​ឬ​ស​ធ្មេញ (Retrograde Filling)

– ធ្វើការ​វះកាត់​យក​ផ្នែក​ណាមួយ​នៃ​ឬ​ស​ធ្មេញ​ចេញ ឬ​ធ្មេញ​មួយ​ចំហៀង​ចេញ (Hemisection of Root) ដោយ​កោស​យក​គីស​ចេញ​

– ជម្រើស​ចុងក្រោយ​គឺ ដក​ធ្មេញ​ចេញ និង​កោស​សំអាត​គីស​ចេញ​។​

៥) តើ​ការផឹក​ថ្នាំ​អាច​ព្យាបាល​គីស​ធ្មេញ​បាន​ឬទេ​?

​ការផឹក​ថ្នាំ​តែមួយ​មិនអាច​ព្យាបាល​គីស​ធ្មេញ​បានទេ គឺ​ត្រូវ​ព្យាបាល​ទៅតាម​បច្ចេកទេស​ដែល​បាន​ជម្រាបជូន​ខាងលើ​។​

៦) ក្នុងករណី​មិន​ព្យាបាល តើ​គីស​ចុង​ឬ​ស​ធ្មេញ​បង្ក​ផលវិបាក​អ្វីខ្លះ​?

– ពេលដែល​គីស​រីក​ធំ​ខ្លាំង នាំឲ្យ​ប៉ោង​ឆ្អឹង ធ្មេញ​រង្គើ ទម្រង់​មុខខូច​ទ្រង់ទ្រាយ​

– បណ្តាល​ឲ្យ​បាក់ឆ្អឹង​ថ្គាម ស្ពឹក​បបូរមាត់ ខុស​ង៉ាំ​ទំពា​

– ចំពោះ​ថ្គាម​លើ​អាច​បំផ្លាញ​ដល់​ថង់​ខ្យល់ (Sinus Maxilla)

– ពេល​មានការ​រលាក​នាំ​ឲ្យ​ហើម​មុខ​ខ្លាំង និង​គ្រោះថ្នាក់​ដល់​ជីវិត​

– ការព្យាបាល​កាន់តែ​ពិបាក និង​ស្មុគស្មាញ​

​មន្ទីរពេទ្យ​កាល់ម៉ែត​សូម​ផ្តល់​អនុសាសន៍​ក្នុងការ​ការពារ​៖

– អនាម័យ​សុខភាព មាត់​ធ្មេញ​ជាប្រចាំ ដោយ​ការ​ដុះ​សំអាត​ធ្មេញ និង​ការប្រើប្រាស់​អំបោះ​ទាក់​ធ្មេញ​។​

– ស្វែងរក​សេវា​ព្យាបាល​ធ្មេញ​ជាមួយ​ទន្ត​បណ្ឌិត​ជំនាញ​ដែល​ត្រឹមត្រូវ រាប់​ចាប់ពី​ការសំអាត​ធ្មេញ ការ​ប៉ះ​ធ្មេញ និង​ការព្យាបាល​ធ្មេញ​ជាដើម​។​

– ណាត់ជួប​ប្រឹក្សា​ពី​បញ្ហា​សុខភាព​មាត់​ធ្មេញ​ជា​ទៀងទាត់ រៀងរាល់ ៦​ខែម្តង​។​

– ទន្ត​បណ្ឌិត​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​ស្វាគមន៍ លោក លោកស្រី ក្នុងការ​មក​ទទួល​ការ​ប្រឹក្សា​យោបល់ និង​ពិនិត្យ​ព្យាបាល​នូវ​សុខភាព​មាត់​ធ្មេញ​របស់​លោកអ្នក​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​៕

​អត្ថបទ៖ រស្មី

សូមចុចអាន៖ ​ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល អាច​បណ្ដាល​ឲ្យ​បាត់បង់​អាយុជីវិត ឬ​ធ្លាក់ខ្លួន​ពិការ​បាន​យ៉ាង​ងាយ​(Stroke)!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម