Connect with us

សុខភាព

ហេតុអ្វី​បានជា​កើត​ជំងឺ​ស្ទះផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ

បានផុស

នៅ

​ជំងឺ​ស្ទះ​ផ្លូវដង្ហើម​រ៉ាំរ៉ៃ (COPD) គឺជា​ការ​រលាក​ទងសួត​រ៉ាំរ៉ៃ និង មានការ​ត្បៀត​ទងសួត​ជាប្រចាំ ដែល​បង្កឡើង​ដោយ​សារធាតុពុល​ផ្លូវដង្ហើម​ផ្សេងៗ​ជាពិសេស​ផ្សែង​បារី​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជំងឺ​នេះ​ត្រូវបាន​គេ​ដឹងថា ​មាន​សន្ទុះ​កើនឡើង​យ៉ាង​ឆាប់រហ័ស (៦៥​លាន​នាក់ នៅ​ឆ្នាំ ២០០៥ និង​ប្រហាក់ប្រហែល ២០០​លាន​នាក់​នៅ​ឆ្នាំ​២០១០) និង​ទទួលខុសត្រូវ​អត្រា​មរណៈ ៥% នៃ​អត្រា​មរណៈ​ទាំងអស់​នៅ​ឆ្នាំ​២០០៥ (​គឺ​ជាង ៣​លាន​នាក់​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ​)​។ អត្រា​មរណៈ​ដ៏​ខ្ពស់​នេះ ត្រូវ​បាន​ទស្សន៍ទាយ​ថា​នឹង​ស្ថិតនៅ​លំដាប់​ទី ៣ នៅ​ឆ្នាំ​២០៣០​។​

១) កត្តា​បង្ក​៖

​កត្តា​ដែល​បង្កឲ្យ​មាន​ជំងឺ​ស្ទះផ្លូវ​ដង្ហើម​មាន​÷

– កត្តា​អាយុ គឺ​នៅពេលដែល​យើង​មាន​អាយុ​កាន់តែច្រើន​យើង​កាន់តែ​ប្រឈមមុខ​កើត​ជំងឺ​នេះ កាន់តែច្រើន (​ភាគច្រើន​ចាប់ពី​អាយុ​៤០​ឆ្នាំ​ឡើងទៅ​)​។​

– កត្តា​ពុល​បរិស្ថាន ។​

– កត្តា​ដកដង្ហើម​ស្រូប​ផ្សែង​ផ្សេងៗ ជាពិសេស​បារី (​រួមទាំង​ផ្សែង​ធូប ផ្សែង​ចង្ក្រាន ដោយសារ​ការដុត​អូស ឬ​ធ្យូង និង​ផ្សែង​ធូបមូស​ជាដើម​)​។​

– កត្តា​ដែល​ធ្លាប់មាន​រលាក​សួត​ធ្ងន់ធ្ងរ (​ដូចជា​ជំងឺរបេង​)​។​

– និង​កត្តា​ផ្សេងៗ​ទៀត​។​

២) រោគសញ្ញា​៖

​រោគសញ្ញា​នៃ​ជំងឺ​ស្ទះផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ​រួមមាន​

– ក្អក​រ៉ាំរ៉ៃ​

– មាន​ស្លេស​ជាប្រចាំ​ជាពិសេស​នៅពេល​ក្រោកពីដំណេក​ពេល​ព្រលឹម​

– ហត់ ឬ​ពិបាក​ដកដង្ហើម រ៉ាំរ៉ៃ​។ ឧទាហរណ៍​នៅពេល​ដើរ ឬ​ធ្វើ​អ្វីមួយ​យើង​មាន​អារម្មណ៍​ថា ​ឆាប់​ហត់​ជាង​អ្នកដទៃ​ ដែលមាន​អាយុ​ប្រហាក់ប្រហែល​នឹង​យើង​ដែរ​។​

៣) ការធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​ស្ទះ​ផ្លូវដង្ហើម​រ៉ាំរ៉ៃ​៖

​ជាទូទៅ​វេជ្ជបណ្ឌិត​ធ្វើការ​សន្និដ្ឋាន​ជា​ជំងឺ​ស្ទះផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ​បាន​ដោយ​ពឹង​ផ្អែកទៅលើ អាយុ​អ្នកជំងឺ​(​លើស​៤០​ឆ្នាំ កត្តា​ប្រឈម (​ជក់បារី​) និង​រោគសញ្ញា​គ្លីនិក (​ក្អក និង​ហត់​រ៉ាំរ៉ៃ​)​។ ក្នុង​ការមន្ទិលសង្ស័យ​លើ​រោគវិនិច្ឆ័យ គេ​អាច​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​តាមរយៈ ការប្រើ​ឧបករណ៍​វាស់​ផ្លូវដង្ហើម (Lung Function Test)​។​

៤) ការព្យាបាល​៖

​ថ្វីត្បិតតែ​ពុំមាន​ថ្នាំ​ជួយ​អោយ​ជាសះស្បើយ ប៉ុន្តែ​មានការ​ព្យាបាល​ល្អ​រួមទាំង​ការឈប់​ពិសា​បារី ផងដែរ ​អាចជួយ​ឲ្យ​អ្នកជំងឺ​បាន​ធូរស្រាល​ពី​រោគសញ្ញា​ដែល​រំខាន​ដូចជា ក្អក និង​ហត់​ជាដើម ពិសេស​ជាងនេះទៅទៀត​គឺ ការព្យាបាល​ត្រឹមត្រូវ ជួយ​ទប់ស្កាត់​កុំឲ្យ​ជំងឺ​មាន ការវិវត្តន៍​ទៅរក​ការ​ខ្សោយ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​។​

​ដូច្នេះហើយ​បើ​មាន​រោគសញ្ញា ក្អក ហត់ ឬ​ពិបាក​ដកដង្ហើម​រ៉ាំរ៉ៃ ជាពិសេស​លោកអ្នក​ដែល​ធ្លាប់ ឬ​កំពុងតែបន្ត​ការ​ពិសា​បារី សូម​មក​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​ស្ទះផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ​ឲ្យ​បាន​ច្បាស់លាស់ និង​ទទួលបាន​នូវ​ការព្យាបាល ត្រឹមត្រូវ​ប្រកបដោយ​ប្រសិទ្ធភាព​៕

អត្ថបទ៖ ​រស្មី​

​សូមចុចអាន៖ អ្នកជំងឺ​ទឹកនោមផ្អែម​គួរ​ដឹង​ពី​របប​អាហារ​ដ៏​ត្រឹមត្រូវ​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម