ដោយសារស្ថានភាពនៃវីរុសកូវីដ-១៩ បន្តវិវត្តខ្លួនមិនស្រាកស្រាន្ត ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យពលរដ្ឋដែលប្រឈមហានិភ័យខ្លាំងឬមន្ត្រីជួរមុខ ទទួលចាក់វ៉ាក់សាំងបន្ថែម១ដូសទៀត ដើម្បីបង្កើនប្រសិទ្ធភាពការពារកាន់តែប្រសើរទៅនឹងការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩គ្រប់ប្រភេទ។
ការចាក់វ៉ាក់សាំងដូសទី៣ ជាតម្រូវការចាំបាច់ដើម្បីធានាភាពស៊ាំឱ្យបន្តកើតមានបានយូរ។ លើសពីនេះដោយសារភាពស៊ាំពីការចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន២ដូសទំនងមានរយៈពេលតែ ៣ ទៅ ៦ ខែប៉ុណ្ណោះ ទើបការចាក់បន្ថែម១ដូសទៀតត្រូវបានទាមទារ។
ដោយឡែក ក្រៅពីមន្ត្រីជួរមុខ និងបុគ្គលងាយរងគ្រោះ ប្រជាពលរដ្ឋទូទៅប្រមាណ ១២លាននាក់ក៏នឹងទទួលបានការចាក់វ៉ាក់សាំងដូសជំរុញផងដែរ។ ក្នុងនោះក្រសួងសុខាភិបាលបានប្រកាសរួចហើយអំពីប្រភេទវ៉ាក់សាំងដែលនឹងយកមកប្រើជាដូសទី៣ ឬដូសជំរុញដែលរួមមាន វ៉ាក់សាំង AstraZeneca របស់អង់គ្លេស វ៉ាក់សាំងចិន Sinovac និង Sinopharm។ មួយវិញទៀត ពលរដ្ឋក៏អាចចាក់វ៉ាក់សាំងប្រភេទផ្សេងបាន ប្រសិនវាចរាចរនៅក្នុងស្រុក។
ចុចអានលម្អិតនៅទីនេះ៖ វ៉ាក់សាំងដូសជំរុញ អាចចាក់លាយគ្នាឬប្រភេទដដែលបានមែន ប៉ុន្តែត្រូវមានលក្ខខណ្ឌ
ខាងក្រោមនេះជាប្រសិទ្ធភាពនៃវ៉ាក់សាំង ២ប្រភេទ ក្រោយចាក់ដូសទី៣ ដែលអ្នកគួរដឹង!
វ៉ាក់សាំង Sinovac
ការស្រាវជ្រាវថ្មីមួយដែលចុះផ្សាយដោយ Global Times ការចាក់វ៉ាក់សាំង Sinovac ដូសទី ៣ បន្ទាប់ពីចាក់ដូសទី២បាន ៦ខែឬច្រើនជាងនេះ អាចនាំឲ្យមានការកើនឡើងនូវកម្រិតអង់ទីគ័រ និងនាំឲ្យមានការឆ្លើយតបយ៉ាងខ្លាំងនៃប្រព័ន្ធភាពស៊ាំចំពោះការវាយលុកពីវីរុស។ ជាពិសេសវាជួយសុខភាពបុគ្គលងាយរងគ្រោះបានខ្ពស់ និងទប់ស្កាត់ការរីករាលដាលនៃវីរុសបំប្លែងខ្លួនគ្រប់ប្រភេទ។
ស្របជាមួយគ្នាដែរ វ៉ាក់សាំងនេះមិនមានប្រតិកម្មធ្ងន់ធ្ងរណាមួយពាក់ព័ន្ធនឹងការចាក់ដូសទី៣ ត្រូវបានគេសង្កេតឃើញនៅក្នុងអំឡុងការសិក្សានោះទេ។
វ៉ាក់សាំង AstraZeneca
ចំពោះវ៉ាក់សាំង AstraZeneca វិញត្រូវបានអ្នកជំនាញអះអាងថា មានប្រសិទ្ធភាពខ្ពស់នៅពេលចាក់បន្ថែមដូសទី៣។
ការសិក្សារបស់សកលវិទ្យាល័យ Oxford បានរកឃើញថា ការចាក់វ៉ាក់សាំងប្រភេទនេះដូសទី៣ក្នុងរយៈពេល៦ខែ បន្ទាប់ពីចាក់ដូសទី២រួច អាចផលិតអង់ទីគ័រគួរឲ្យកត់សម្គាល់។ វាជួយឱ្យប្រព័ន្ធការពារខ្លួនបង្កើតអង់ទីគ័រខ្ពស់ និងកោសិកាប្រឆាំងនឹងមេរោគផ្សេងៗទៀតដែលជួយការពារខ្លួនប្រាណក្នុងគ្រាដែលអ្នកឆ្លងមេរោគ។ បន្ថែមពីលើនេះ វ៉ាក់សាំង AstraZeneca នឹងជំរុញឲ្យសរីរាង្គកាន់តែរឹងមាំជាងមុន អាចវាយបកប្រឆាំងនឹងមេរោគកូវីដ-១៩ បានខ្លាំងជាងមុន ព្រមទាំងមានសមត្ថភាពខ្ពស់ប្រឆាំងវីរុសបំប្លែងខ្លួន Delta ផងដែរ។
រីឯផលរំខាន អាចកើតមានខុសពីវ៉ាក់សាំងចិន ឬអាចមានផលរំខានច្រើនជាង ប៉ុន្តែពុំផ្ដល់ផលអវិជ្ជមានចំពោះសុខភាពឡើយ៕
អត្ថបទ៖ សន្យា
ចុចអាន៖ មកដឹងពីពាក្យចចាមអារ៉ាមជុំវិញវ៉ាក់សាំងកូវីដ ខុសពីការពិតទាំងស្រុង
ចុចអាន៖ ប្រកាន់គោលការណ៍ ៣ ធំៗនេះ ធានាថាដូសទីប៉ុន្មានក៏ដោយ សុទ្ធតែមានប្រសិទ្ធភាពខ្លាំងក្លា