Connect with us

សុខភាព

ហេតុអ្វី​បានជា​សុក​ពាំង​មាត់ស្បូន​?

បានផុស

នៅ

​ជាទូទៅ ទីតាំង​របស់​សុក​ធម្ម​តា គឺ​ស្ថិតនៅ​កំពូល​ស្បូន​ឬ​មុខ​ចំហៀង​នៃ​ស្បូន និង​ឆ្ងាយ​ពី​មាត់ស្បូន​។ សុក​ពាំង​មាត់ស្បូន គឺជា​ការ​តាំងនៅ​របស់​សុក នៅ​នឹង​មាត់ស្បូន ឬ​ក្បែរ​មាត់ស្បូន​។ អត្រា​នៃ​សុក​ពាំង​មាត់ស្បូន​មាន ពី​0,9 ទៅ 2,6% នៃ​ផ្ទៃពោះ និង ការ​បង្ហាញ​ក្នុង​ទម្រង់​ធ្លាក់ឈាម​ពេល​មាន​ផ្ទៃពោះ (Forme hémorragique) មាន ពី 0,28 ទៅ 0,50 % ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក​) តើ​មាន​មូលហេតុ​អ្វីខ្លះ​ ដែល​បណ្តាល​ឲ្យ​មាន​ជំងឺ​នេះ​?

​គេ​ពុំ​រក​ឃើញ​មូលហេតុ​ពិតប្រាកដ​ណាមួយ ​ដែល​បណ្តាល​ឲ្យ​មាន​ជំងឺ​នេះ​ទេ ប៉ុន្តែ​មាន​កត្តា​ជាច្រើន​ ដែល​បង្ក​ឲ្យ​សុក​នៅ​ទីតាំង​ខុស​ប្រក្រតី​។ កត្តា​នោះ​មាន​ដូច​ជា៖

– ប្រវត្តិ​សុក​ពាំង​មាត់ស្បូន Antécédents de placenta praevia

– ម្តាយ​មាន​កូន​ច្រើន (Multiparité)

– ម្តាយ​មាន​អាយុ​ច្រើន (Age maternel avancé)

– ប្រវត្តិ​វះកាត់​កូន​លើក​មុន (Antécédents de césarienne)

– ប្រវត្តិ​បូម​សំអាត​កូន Antécédents d’aspiration endo-utérine (​ការ​រលូត ឬ​ការ​រំលូត​កូន​)

– ប្រវត្តិ​រលាក​ភ្នាស​ក្នុង​នៃ​ស្បូន (Antécendents d’endométrites)

– កូនភ្លោះ​ពីរ​ឬ​ច្រើន (Grossesses multiples)

– ដុំ​ស្បូន (Fibrome sous-muqueux) ភាព​មិន​ប្រក្រតី​នៃ​ស្បូន (Maformation utérine)

– បារី (Tabac)

​ខ​) តើ​មាន​រោគសញ្ញា​គ្លីនិក និង​អម​គ្លីនិក អ្វីខ្លះ​ដែល​អាច​បញ្ជាក់​ថា ​ស្ត្រី​មាន​សុក​ពាំង​មាត់ស្បូន​?

​ពេលខ្លះ ​ស្ត្រី​អាច​ពុំ​មាន​រោគសញ្ញា​អ្វី​ទាំងអស់ និង​រក​ឃើញ​ដោយ​ចៃដន្យ​ពេល​ធ្វើ​អេកូ​ផ្ទៃពោះ​។ ករណី​ខ្លះ​ អាច​ស្តែង​ចេញ​ជា​រោគសញ្ញា​មួយ​ចំនួន​ដូច​ខាង​ក្រោម​៖

– ការ​ធ្លាក់​ឈាម​ភ្លាមៗ ពណ៌​ក្រហម​ស្រស់ និង​ជាទូទៅ​កើតមាន​ច្រើនដង​ពេល​ពរ​ពោះ (Hémorragie récidivante) ហើយ​ពុំ​មានការ​ឈឺពោះ (Indolores) ។​

– អាច​ឲ្យ​ស្ត្រី មាន​ភាព​ស្លេកស្លាំង ជីពចរ​ដើរ​ញាប់ សំពាធ​ឈាម​ទាប ក្នុង​ករណី​មានការ​ធ្លាក់ឈាម​ច្រើន។​

– អាច​មានការ​កន្ត្រាក់ ឬ​ចំកោង​ស្បូន ចុក​រោយ​ចង្កេះ​

– ស្ត្រី​ពុំមា​ន​ប្រវត្តិ​លើសឈាម​ពេល​ពពោះ​

– អេកូ​ផ្ទៃពោះ អាច​បញ្ជាក់​ច្បាស់​ពី​ទីតាំង​របស់​សុក ទម្រង់​កូន សុខភាព​កូន​

– ការ​តាម​ដាន​ចង្វាក់បេះដូង​កូន (Monitoring foetal) ដើម្បី​ដឹង​ពី​ស្ថានភាព​របស់​កូន​។​

​គ​) តើ​មានការ​ព្យាបាល​ដូច​ម្តេចខ្លះ​?

១) ក្នុង​ករណី​ពុំ​មានការ​ធ្លាក់ឈាម ​ក្នុង​ពេល​អំឡុង​ពេល​ពរ​ពោះ​

– ស្ត្រី​ត្រូវ​មក​ពិនិត្យ តាមដាន​ផ្ទៃពោះ​ឲ្យ​បាន​ទៀងទាត់ និង​ពិនិត្យ​អេកូ​ផ្ទៃពោះ តាម​ការ​ណាត់​ជួប​រប​ស់​វេជ្ជបណ្ឌិត​

– ស្ត្រី​ត្រូវ​សម្រាក​ឲ្យ​បាន​ច្រើន ជៀសវាង​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​

– ស្ត្រី​ត្រូវ​ត្រៀមខ្លួន ​ក្នុង​ការ​វះកាត់​យក​កូន​ពេល​ផ្ទៃពោះ​គ្រប់​ខែ ប្រសិនបើ​សុក​ពាំង​ចំ​មាត់ស្បូន​ឬ​ចំ​ផ្នែក​ខ្លះ​នៃ​មាត់ស្បូន​។​

– ស្ត្រី​ត្រូវ​មក​មន្ទីរពេទ្យ​ជាបន្ទាន់ ប្រសិនបើ​មានការ​ធ្លាក់ឈាម​ឬ​មានការ​កន្ត្រាក់​នៃ​ស្បូន​។​

២) ក្នុង​ករណី​មានការ​ធ្លាក់ឈាម​

– ស្ត្រី​ត្រូវ​សម្រាក​នៅ​មន្ទីរពេទ្យ (Hospitalisation)

– ជៀសវាង​ការ​ធ្វើ​ចលនា (Repos strict au lit)

– តាមដាន ​សម្ពាធ​ឈាម ជីពចរ និង​ការ​ធ្លាក់ឈាម​របស់​ម្តាយ​

– តាមដាន​ ចង្វាក់បេះដូង​កូន​និង​ការ​កន្ត្រាក់​របស់​ស្បូន (monitoring fœtal)

– ប្រើ​ថ្នាំ​បញ្ឈប់​ការ​កន្ត្រាក់​របស់​ស្បូន និង​ប្រើ​ថ្នាំ​បន្ទុំ​សួត​កូន ក្នុង​ករណី​ផ្ទៃពោះ​អាយុ​តិច​ជាង ៣៤​សប្តាហ៍​

– ត្រៀម​វះកាត់​យក​កូន (Césarienne programmée) ពេល​ផ្ទៃពោះ​គ្រប់​ខែ​

– ប្រសិនបើ​ ស្ត្រី​ធ្លាក់ឈាម​ខ្លាំង ឬ​កូន​ខ្សោយ ត្រូវ​ធ្វើ​ការវះកាត់​យក​កូន​ជាបន្ទាន់ (Césarienne en urgence)​។​

​ឃ​) អនុសាសន៍​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​

​សុក​ពាំង​មាត់ស្បូន ​គឺជា​ជំងឺ​មួយ ​ដែល​អាច​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ម្តាយ​និង​កូន ដោយ ស្ត្រី​អាច​ប្រឈម​នឹង​ការ​ធ្លាក់ឈាម​ធ្ងន់ធ្ងរ​ភ្លាមៗ​ ដែល​អាច​ប៉ះពាល់​ដល់​អាយុជីវិត ឬ​បង្ក​ឲ្យ​មាន​ភាព​ស្លេកស្លាំង​ខ្លាំង និង មានការ​បង្ក​រោគ ព្រមទាំង​សម្រាល​បុត្រ​មិន​គ្រប់​ខែ។​

“ ក្នុង​ករណី​ ស្ត្រី​មាន​រោគសញ្ញា​ណាមួយ​ដូច​រៀបរាប់​ខាងលើ ស្ត្រី​ត្រូវតែ​រួសរាន់​មក​មន្ទីរពេទ្យ​ ដើម្បី​ទទួល​ការពិនិត្យ​និង​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា​ តាម​បច្ចេកទេស ជាពិសេស​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដែល​មាន​ទាំង​គ្រូពេទ្យ​ជំនាញ និង​ឧបករណ៍​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​គ្រប់គ្រាន់​ ដើម្បី​សង្គ្រោះ​ម្តាយ និង​ទារក​“៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​កត្តា​ប្រឈម និង​មូល​ហេតុ​ ដែល​បណ្តាល​ឲ្យ​កើតមាន​មហារីក​សុដន់​លើ​ស្ត្រី​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម