Connect with us

សុខភាព

តើកត្តាអ្វីខ្លះ ដែលបណ្តាលឲ្យកើតមានជំងឺឫសដូងបាត?

បានផុស

នៅ

១) អ្វីទៅជាជំងឺឫសដូងបាត?

ជំងឺឫសដូងបាត គឺជាជំងឺដែលកើតឡើង ដោយសារការរីកប៉ោងនៃសរសៃឈាម ដែលមាននៅជុំវិញក្រសាល់គូទ។ គេ​សង្កេតឃើញថា ជំងឺ​ឫសដូងបាត​ជា​មូលហេតុ​ចម្បង​ទី​១ ដែល​នាំ​ឲ្យ​អ្នកជំងឺ​មក​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ចំពោះ​បញ្ហា​ផ្នែក​ក្រសាល់គូទ​។ ជំងឺ​ឫសដូងបាត​នេះ​មិនអាច​វិវត្តន៍​ទៅជា​ជំងឺមហារីក​បាន​នោះទេ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២) តើ​ជំងឺ​ឫសដូងបាត​មាន​ប៉ុន្មាន​ប្រភេទ​?

ជំងឺ​ឫសដូងបាត​មាន ២​ប្រភេទ​គឺ ៖

– ឫសដូងបាត​ក្នុង​: ជា​ជំងឺ​ដែល​កើត​ឡើងលើ​សរសៃឈាម​ឫសដូងបាត​ខាងក្នុង​រន្ធ​គូទ​

– ឫសដូងបាត​ក្រៅ​: ជា​ជំងឺ​ដែល​កើត​ឡើងលើ​សរសៃឈាម​ឫសដូងបាត​នៅ​ខាងក្រៅ​រន្ធ​គូទ​

៣) តើ​កត្តា​អ្វីខ្លះ​ដែល​បណ្តាល​ឲ្យ​កើតមាន​ជំងឺ​ឫសដូងបាត​?

មាន​កត្តា​ជាច្រើន​ដែល​បណ្តាល​ឲ្យ​មាន​ជំងឺ​នេះ​កើតឡើង ដែលមាន​ដូចជា ៖

– បញ្ហា​នៃ​ការ​បន្ទោរ​បង់​លាមក​: ការ​ទល់លាមក​ជា​ញឹកញាប់ ឬ​ការ​រាគ​ខ្លាំង​

– ស្ត្រី​មានគភ៌ និង​ស្ត្រី​ក្រោយ​សម្រាល​

– បញ្ហា​ដុំ​នៅ​អាង​ត្រគាក ឬ​ទាច​ទឹក ដែល​ធ្វើ​ឲ្យ​មាន​សំពាធ​ខ្លាំង​ទៅលើ​សរសៃឈាម​ឫសដូង​

៤) តើ​ជំងឺ​ឫសដូងបាត​មាន​រោគសញ្ញា​អ្វីខ្លះ​?

អ្នកជំងឺ​អាចមាន​រោគសញ្ញា​ដូចជា បន្ទោ​បង់​លាមក​មាន​ឈាម លាន​ឫសដូង​ចេញមកក្រៅ ការឈឺចាប់​នៅ​ក្រសាល់គូទ។​

ក​. ចំពោះ​ឫសដូងបាត​ខាងក្នុង​មាន​រោគសញ្ញា​ជា ៤​ដំណាក់កាល ៖

– ដំណាក់កាល​ទី​១: អ្នកជំងឺ​បន្ទោ​បង់​លាមក​មាន​ឈាមក្រហម​ស្រស់​

– ដំណាក់កាល​ទី​២: ពេល​បន្ទោ​បង់ អ្នកជំងឺ​មាន​អារម្មណ៍​ថា​មាន​អ្វី​លៀន​ចេញមកក្រៅ តែ​ចូល​វិញ​ដោយ​ខ្លួនឯង​

– ដំណាក់កាល​ទី​៣: ពេល​បន្ទោ​បង់ អ្នកជំងឺ​មាន​អារម្មណ៍​ថា​មាន​អ្វី​លៀន​ចេញមកក្រៅ​តែ​ចូល​វិញ​ដោយ​យកដៃ​រុញ​បញ្ចូល

– ដំណាក់កាល​ទី​៤: អ្នកជំងឺ​មាន​អារម្មណ៍​ថា​មាន​អ្វី​លៀន​ចេញមកក្រៅ ដោយ​មិន​ចូល​វិញ​ទេ ទោះបី​រុញ​ក៏ដោយ​

ខ​. ចំពោះ​ឫសដូងបាត​ក្រៅ ៖

អ្នកជំងឺ​មាន​អារម្មណ៍​ថា មាន​ដុំ​មួយ​ឬ​ច្រើន​នៅ​ក្រសាល់គូទ ដែល​ដុំ​នោះ​មានការ​ឈឺចាប់​ខ្លាំង ហើយ​អាចមាន​ឈាម​នៅពេលដែល​ដុំ​នោះ​បែក​។ ចំពោះ​រោគសញ្ញា​នេះ យើង​ត្រូវ​ប្រយ័ត្ន​ជាមួយនឹង​ជំងឺ​បូស​នៅ​ជុំវិញ​រន្ធ​គូទ។​

* សំគាល់​: ការ​បន្ទោ​បង់​លាមក​មាន​ឈាម មិនមែន​សុទ្ធតែ​បណ្តាលមកពី​ជំងឺ​ឫសដូងបាត​ទេ គឺអាច​មាន​បញ្ហា​នៅ​ពោះវៀនធំ​ដូចជា មហារីក​ពោះវៀនធំ ឬ​ដំបៅ​នៅ​ពោះវៀនធំ ដូចនេះ​អ្នកជំងឺ​ត្រូវ​មកជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​ដើម្បី​ធ្វើការ​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​។​

468 Bleeding Hemorrhoids Stock Photos, Pictures & Royalty-Free Images -  iStock

៥) តើ​មាន​វិធី​អ្វីខ្លះ​ដើម្បី​ព្យាបាល​ជំងឺ​ឫសដូងបាត​?

ក​. ចំពោះ​បញ្ហា​ឫសដូងបាត​ខាងក្រៅ​៖

អ្នកជំងឺ​អាច​ត្រូវបាន​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​គ្រាប់​បំបាត់​ហើម និង​បំបាត់​ការឈឺចាប់​រួមទាំង​ថ្នាំ​បន្ទន់​លាមក ក្នុងពេល​ជាមួយគ្នា​នោះ​អ្នកជំងឺ​អាច​ប្រើ​ក្រែ​ម (Crème) សម្រាប់​លាប​លើ​ដុំ​នោះ​។ ពេលខ្លះ​គ្រូពេទ្យ​អាចធ្វើ​ការ​កាត់​យក​កំណក​ឈាម​នៃ​ឫសដូង​ក្រៅ​នោះ​ចេញ បើសិនជា​ដុំ​ឫសដូងបាត​ក្រៅ​មិន​ហើម​ខ្លាំង ហើយ​មាន​តែមួយ​ដែល​ធ្វើ​ឲ្យ​អ្នកជំងឺ​បាន​ធូរស្បើយ​ពី​ការឈឺចាប់​ភ្លាមៗ​។​

ខ​. ចំពោះ​បញ្ហា​ឫសដូងបាត​ក្នុង​៖

ការព្យាបាល​ចម្បង​ គឺ​ការព្យាបាល​ទៅលើ​បញ្ហា​បន្ទោ​បង់​លាមក​មានដូចជា​ កា​រទ​ល់លា​មក​ឬ​ការ​រាគ​។​

មាន​ឧបករណ៍ ៣​យ៉ាង ដែល​អាច​ព្យាបាល​ជំងឺ​ឫសដូងបាត​មានដូចជាៈ​

– ការដុត​កម្ដៅ​(Infrarouge photocoagulation)

– ការចាក់ (Sclérothérapie)

– ការចង (Ligature)

ការព្យាបាល​ដោយ​ឧបករណ៍ អាច​អាស្រ័យទៅលើ​ដំណាក់កាល​របស់​រោគសញ្ញា​ឫសដូង​បាតៈ​

● ដំណាក់កាល​ទី ១ : អាច​ព្យាបាល​ដោយ​ការដុត​កម្ដៅ​ឬ​ការចាក់​

● ដំណាក់កាល​ទី ២ និង​ទី​៣ : អាច​ព្យាបាល​ដោយ​ការចង​

● ចំពោះ​ការវះកាត់​ឫសដូងបាត គឺធ្វើឡើង​ចំពោះ​ឫសដូងបាត​នៅ​កម្រិត​ទី ៤ ឬ ឫសដូងបាត​ដែល​បរាជ័យ​ ក្នុងការ​ព្យាបាល​ដោយ​ឧបករណ៍​ទាំង​៣ ខាងលើ ។​

Symptoms, causes and types of Hemorrhoids - Terra Lab International

៦) តើ​មាន​វិធី​អ្វីខ្លះ​ដែល​អាច​បង្ការ​ជំងឺ​ឫសដូងបាត​?

​កត្តា​មួយចំនួន​ដែល​អាច​ការពារ​ជំងឺ​ឫសដូងបាត មានដូចជា​៖

– អ្នកជំងឺ​ត្រូវ​ពិសាបន្លែ និង​ពិសា​ទឹក​ឲ្យ​បាន​ច្រើន​

– លំ​ហាត់ប្រាណ​ជាប្រចាំ​

– មិនត្រូវ​បន្ទោ​បង់​លាមក​ដោយ​ប្រើ​រយៈពេល​យូរ​

– មិនត្រូវ​ប្រឹង​ខ្លាំង​ពេល​បន្ទោ​បង់​

* បញ្ជាក់​៖ ជំងឺ​ឫសដូងបាត មិនមែនជា​ជំងឺ​កាច​សាហាវ​ទេ វា​គ្រាន់តែ​រំខាន​ដល់​អ្នកជំងឺ ប៉ុន្តែ​អ្នកជំងឺ​ត្រូវ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​បញ្ជាក់ថា​ ពិតជា​ជំងឺ​ឫសដូងបាត​មែន ហើយ​ការព្យាបាល​ទៀតសោត​ត្រូវ​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​ផលវិបាក​ក្រោយ​ព្យាបាល ដូចជា​ការព្យាបាល​ដោយ​ការចាក់ បើសិនជា​ព្យាបាល​មិន​ត្រឹមត្រូវ​ទេ​អ្នកជំងឺ​អាចមាន​ដំបៅ​នៅ​រន្ធ​គូថ​ឬ​អាច​ត្បៀត​ក្រសាល់គូទ​ដែលជា​បញ្ហា​ធ្ងន់ធ្ងរ​។​

Top Signs of a Thrombosed Hemorrhoid: Betsy F. Clemens, M.D.: Board  Certified Physician

​ព្យាបាល​ទាន់ពេលវេលា ដោយ​គ្រូពេទ្យ​ជំនាញ នាំមក​នូវ​ការ​សះស្បើយ​ឆាប់​រហ័ស ៕​

អត្ថបទ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម