Connect with us

សុខភាព

អ្វី​ទៅជា​ជំងឺ​តេតាណូស​?

បានផុស

នៅ

តេតាណូស (Tétanos) គឺជា​ជំងឺ​មួយ​កើតឡើង​ដោយសារ​ជាតិពុល​របស់ Bactérie Clostridium tetani ទៅ​ភ្ជាប់​កោសិកា​ប្រព័ន្ធ​ប្រសាទ ហើយ​បណ្តាលឲ្យ​មានការ​កន្ត្រាក់​សាច់ដុំ ចាប់ផ្ដើម​ដំបូង​នៅ​លើ​សាច់​ដុំ​ផ្ទៃមុខ សាច់ដុំ​ក។ ក្នុងនោះ បណ្តាល​ឲ្យ​មាន​ការ​ឈឺ​ចាប់ ពិបាក​ហារមាត់ ពិបាក​លេប​ទឹក​មាត់ និង​ចំណីអាហារ ដែល​តែងតែ​ចូល​មក​ផ្នែក​សង្គ្រោះ​បន្ទាន់ ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​យើង​ជា​ញឹក​ញាប់​។​

​ជំងឺ​តេតាណូស ​អាច​កើតឡើង​ចំពោះ​មនុស្ស​យើង​គ្រប់​វ័យ​ និង​ទៅលើ​សត្វ​ពាហនៈ​ផងដែរ​។ តែបើ​កើត​លើ​កូនក្មេង​ទើបនឹង​កើត​ យើង​ច្រើន​ហៅថា​ជំងឺ​ស្កន្ទជាន់​ ដោយសារ​មិនបាន​ការ​ចាក់​ថ្នាំ​បង្ការ ឬ​ចាក់​មិនបាន​គ្រប់គ្រាន់​(Vaccination incomplète) ឬ​មិនបាន​ចាក់ រំលឹក​ឡើងវិញ​(Absence de rappel) និង​ការខ្វះ​អនាម័យ​ធ្វើឲ្យ​ជំងឺ​តេតាណូស​កើតមាន​ឡើងជា​ញឹកញាប់​ ហើយ​ធ្ងន់ធ្ងរ​ ដែល​បណ្តាល​ឲ្យ​អ្នក​ជំងឺ​ស្លាប់​។​

១) ភ្នាក់ងារ​បង្ក​រោគ ​៖
​មេរោគ​ នៃ​ជំងឺ​តេតាណូស​ឈ្មោះ​ក្លូ​ស​ទ្រី​ឌី​យ្យូ​ម​តេ​តានី (Clostridium tetani ou Bacillus tetani ou Bacille de Nicolaïer) គឺជា​បាក់​ស៊ី​ក្រាំ​បូក​ មាន​ចលនា​រស់នៅ​ដោយ​មិន​ត្រូវការ​ខ្យល់​អុកស៊ីហ្សែន​។​

​មេរោគ​តេតាណូស​រស់នៅក្នុង​ដី ក្នុង​លាមក​សត្វ​រស់នៅក្នុង​ប្រដាប់​រំលាយ​អាហារ​របស់​មនុស្ស និង សត្វ​ពាហនៈ​ដែល​ស៊ី​ស្មៅ​ជា​អាហារ​។​

​មេរោគ​តេតាណូស​មាន​ទ្រង់ទ្រាយ​ពីរ​ ៖
– ទី​១​រូបរាង​ជា​បាក់​ស៊ី (forme végétative) ដែល​យើង​អាច​សម្លាប់​ពួកវា​បាន​ដោយសារ​ថ្នាំ​ផ្សះ ដោយ សារ​កម្ដៅ ដោយសារ​ថ្នាំ​សម្លាប់​មេរោគ​ជា​ពី​សេស​ពពួក​អាល់​កា​ឡាំង​។​
– ទី​២​រូបរាង​ជា​ស្ព័​រ (forme sporulée ) ដែល​រស់នៅ​បានយូរ​ឆ្នាំ​ដែល​ធន់​នឹង​កម្ដៅ និង​ទឹក​ថ្នាំ​សម្លាប់ មេ រោគ​។​

មេរោគ​តេតាណូស​បញ្ចេញ​ជាតិពុល​ពីរ​យ៉ាង​ទៅលើ​ប្រព័ន្ធ​ប្រសាទ ​គឺ Tétanospasmine ធ្វើដំណើរ​តាម​ចរន្តឈាម​ និង​ទឹករងៃ​ រួច​ទៅ​ភ្ជាប់​នឹង​កោសិកា​ប្រព័ន្ធ​ប្រសាទ​ រីឯ​Tétanolysine ជួយ​សម្រួល ការ​កើន​ឡើង ​នៃ​មេរោគ​តេតាណូស​។​

​មេរោគ​ នៃ​ជំងឺ​តេតាណូស​ចូល​មក​ក្នុង​ខ្លួន​មនុស្ស​យើង​តាមរយៈ​របួស ដំបៅ សត្វ​ខាំ។ ​ទោះបី​របួស​នោះ​តិចតួច​ក្តី​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២) រយៈពេល​បង្ក​រោគ ៖
​ចាប់តាំងពី​ពេល​មេរោគ​តេ​តាណូ​ស​ចូលក្នុង​ខ្លួន​យើង​តាមរយៈ​មុខរបួស​ដោយ​ប្រការ​ណាមួយ ​រហូត ដល់​ចេញ​រោគសញ្ញា​តេតាណូស​មាន​រយៈពេល​ជា​មធ្យម​ប្រហែល​ពី​១០​ថ្ងៃ​ ទៅ​១៥​ថ្ងៃ​។ ​តែ​រោគ​សញ្ញា ​អាច​នឹង​កើតឡើង​ពី​រយៈពេល​តិចជាង​២៤​ម៉ោង ​ដល់​២១​ថ្ងៃ​។​ កាលណា​រោគសញ្ញា​កាន់តែ​ឆាប់​កើតឡើង ​ជំងឺ​តេតាណូស កាន់តែ​ធ្ងន់ធ្ងរ​។​

៣) រោគសញ្ញា​ នៃ​ជំងឺ​តេតាណូស​មាន ​៖
– កា​រ​កន្ទ្រាក់​សាច់​ដុំ​នៅលើ​ផ្ទៃមុខ​ធ្វើឲ្យ ​៖ ពិបាក​ហារ​មាត់​((Trismus) មុខ​ដូច​ស្វា​សើច (rire sadoni​que) ពិបាក​លេបទឹកមាត់ ឬ​ចំណីអាហារ​ និង​ធ្វើឲ្យឈ្លក់​(Dysphagie avec risque de fausse route)​។​
– កា​រក​ន្ទ្រា​ក់សាច់​ដុំ និង​សាច់ដុំ​ខ្នង​ធ្វើឲ្យ ​៖ ក្បាល​ទាញ​មក​ក្រោយ​ឆ្អឹងខ្នង​កោង ផត​មក​មុខ (opisthotonos)​។​
– កា​រក​ន្ទ្រា​ក់សាច់​ដុំ​នៅ​អវយវៈ​លើ​ធ្វើឲ្យ​ដៃ​បត់​ចូល​ហើយ​រឹង​។​
– កា​រក​ន្ទ្រា​ក់សាច់​ដុំ​នៅ​អវយវៈ​ក្រោម​ ធ្វើឲ្យ​ជើង​លាតសន្ធឹង​ត្រង់​ហើយ​រឹង​។​
– កា​រក​ន្ទ្រា​ក់សាច់​ដុំ​ទ្រូង​ និង​សន្ទះ​ទ្រូង​ ធ្វើឲ្យ​អ្នកជំងឺ​ពិបាក​ដកដង្ហើម​។​
– រោគសញ្ញា​ផ្សេងទៀត​មាន​ឡើង​ឈាម បេះដូង​ដើរ​ញាប់ បែកញើស​ខ្លាំង ក្តៅខ្លួន​។​ ក្នុងករណី ធ្ងន់​ធ្ងរ​ខ្លាំង ​បេះដូង​ដើរ​យឺត​ និង​សម្ពាធ​ឈាម​ចុះ​។​
– មានការ​ក​ន្ទ្រា​ក់សាច់​ដុំ​ជាប់ ​និង​មានការ​ឈឺចាប់​ខ្លាំង​។ កា​រ​ក​ន្ទ្រា​ក់សាច់​ដុំ​នេះ​ខ្លាំង​ឡើងៗ នៅ​ពេល​លឺ​សំឡេង ពេល​ត្រូវ​ពន្លឺ ឬ​នៅ​ពេល​គ្រូពេទ្យ​ពិនិត្យ​។​

៤) វិធានការ​ការពារ​ ៖
​ជំងឺ​តេតាណូស​ គឺជា​ជំងឺ​មួយ​ដែល​យើងទាំងអស់គ្នា​អាច​ការពារ​បាន ​៖
– ចាក់​ថ្នាំ​បង្ការ​តេតាណូស​(Vaccination antitétanique) ឲ្យ​បាន​គ្រប់គ្រាន់​ និង​ចាក់​រំលឹក​ឡើងវិញ​។​
– ក្នុង​ករណី​មាន​របួស​ដោយ​ប្រការ​ណាមួយ​យើង ​៖
• ត្រូវ​លាង​សំអាត​មុខរបួស​ដោយ​ទឹកស្អាត ទឹក​ថ្នាំ​សម្លាប់​មេរោគ​។​
• ត្រូវ​ចាក់ Sérum antitétanique (SAT) ត្រូវ​ចាក់ Vaccin antitétanique (VAT)​។​

“​ជំងឺ​តេតាណូស​ តែងតែ​កើតឡើង​ចំពោះ​អ្នក​មិនបាន​ចាក់​ថ្នាំ​ការពារ​តេតាណូស អ្នក​ចាក់​មិនបាន គ្រប់គ្រាន់ អ្នក​ចាក់​បាន​គ្រប់​គ្រាន់តែ​មិនបាន​ចាក់​រំលឹក​ឡើងវិញ នៅពេល​មាន​របួស​ដោយ​ប្រកា​រ​ណាមួយ​។ ដើម្បី​ការពារ​ជំងឺ​តេតាណូស ​សូម​បងប្អូន​ទៅ​ចាក់​ថ្នាំ​បង្ការ​នៅ​តាម​មន្ទីរពេទ្យ ​ឬ​មណ្ឌល​សុខ​ភាព​ដែល​នៅ​ជិត​អស់​លោកអ្នក​”៕​

អត្ថបទ ៖ រស្មី

ចុចអាន៖អាយុ៤០ ៥០ឆ្នាំហើយ នៅមករដូវទៀត តើមូលហេតុអ្វី?

ចុចអាន៖រឿងធំ ៣ បង្ក​ហានិភ័យ​ដល់​រាងកាយ​និង​ខួរក្បាលតែ​មនុស្ស​និយមធ្វើ​ជាប្រចាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម