ភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធរបស់បេះដូង គឺជាជំងឺដែលសំបូរជាងគេក្នុងចំណោមភាពមិនប្រក្រតីពីកំណើត ដែលមានអត្រាប្រហែល ១% លើពិភពលោក។ ភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធរបស់បេះដូង មានចែកចេញជាប្រភេទស្រាល ដែលមិនប៉ះពាល់ទៅដល់ការលូតលាស់របស់ទារក និងកុមារ ដែលប្រភេទនេះមានចំនួនច្រើន ដែលអាចវិវត្តទៅជាសះស្បើយ ដោយខ្លួនឯង ឬបន្ទាប់ពីធ្វើការវះកាត់។
ចំណែកភាពមិនប្រក្រតីនៃបេះដូងប្រភេទធ្ងន់ធ្ងរអាចធ្វើឲ្យខ្សោយបេះដូង និងបាត់បង់ជីវិតប៉ុន្តែអាចជួយព្យាបាលបានជាមួយបច្ចេកវិទ្យាទំនើបថ្មីៗនាពេលបច្ចុប្បន្ននេះ បើសិនរកឃើញ និងបញ្ជូនទៅអ្នកជំនាញ ឬមន្ទីរពេទ្យឲ្យបានទាន់ពេលវេលា។
ការរកមើលភាពមិនប្រក្រតីនៃបេះដូង អាចធ្វើទៅបានក្នុងអំឡុងពេលមានផ្ទៃពោះ ក្នុងចន្លោះរយៈពេល ១៨ ទៅ ២២សប្ដាហ៍ នៃគភ៌ ដែលអត្រាអាចរកមើលឃើញត្រឹម ៨០ ទៅ៩០%តែប៉ុណ្ណោះ។ ការធ្វើអេកូបេះដូងលើទារកក្រោយកើត ដែលធ្វើឡើងជារបៀប ស្វែងរកជាលក្ខណៈទូទៅ គឺជាវិធីសាស្ត្រល្អ ដែលមានលទ្ធផល (Sensibilité និង Spécificité) ខ្ពស់ក្នុងការរកឃើញជំងឺបេះដូងពីកំណើត ហើយម្យ៉ាងទៀតជាវិធីសាស្ត្រងាយ និងមិនបង្កឲ្យមានការឈឺចាប់ តែតម្រូវឲ្យប្រើពេលវេលា និងអ្នកជំនាញប្រកបដោយសមត្ថភាពបទពិសោធន៍ច្បាស់លាស់។
ក្រោយការរកឃើញជំងឺបេះដូងពីកំណើត គ្រូពេទ្យឯកទេសនឹងធ្វើការណែនាំថាត្រូវតាមដានបន្តឬត្រូវបញ្ជូន? បើជាលក្ខណៈប្រភេទស្រាល គ្រូពេទ្យអាចណាត់មកតាមដានមើលលើកក្រោយក្នុងរយៈពេល១ខែ ២ខែ ៣ខែ ឬ៦ខែទៅតាមសភាពជាក់ស្តែង។ បើជាប្រភេទធ្ងន់ធ្ងរ គ្រូពេទ្យនឹងធ្វើការបញ្ចូនទៅផ្នែកអគារបេះដូងកុមារនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការព្យាបាលដោយថ្នាំ ឬដោយការវះកាត់។
ការរុករកមើលជំងឺបេះដូងពីកំណើតដោយវិធីសាស្ត្រអេកូបេះដូងលើទារក និងការបញ្ជូនទៅផ្នែកជំនាញបេះដូងកុមារឲ្យបានទាន់ពេលវេលា គឺជាការចាំបាច់បំផុត៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ តើមុនបាញ់កាំរស្មី អ្នកជំងឺត្រូវយល់ដឹងអ្វីខ្លះ?