១)អ្វីទៅជាជំងឺមហារីកពោះវៀនធំ?
ជំងឺមហារីកពោះវៀនធំ គឺជាជំងឺមួយដែលគេតែងតែជួបប្រទះជាញឹកញាប់ទៅលើមនុស្សដែលមាន អាយុលើសពី៥០ឆ្នាំ។ កត្តាជាច្រើន ដែលបង្កឲ្យមានជំងឺមហារីកពោះវៀនធំរួមមាន៖
– ការបរិភោគសាច់ច្រើន
– អាយុលើសពី៥០ឆ្នាំ
– ផឹកស្រា
– ជក់បារី
– និងការប្រែប្រួលនៃហ្សែន
ជំងឺមហារីកពោះវៀនធំ ដែលបង្កមកពីការប្រែប្រួលនៃហ្សែន គឺអាចចម្លងទៅឲ្យសមាជិកជំនាន់ក្រោយ ដែលធ្វើឲ្យជំងឺនេះ ក្លាយជាជំងឺតំណពូជ។
២)តើធ្វើយ៉ាងណាទើបដឹងថា អ្នកជំងឺមានជំងឺមហារីកពោះវៀនធំដោយសារហ្សែន?
ជាទូទៅការធ្វើរោគវិនិច្ឆ័យ គឺគេធ្វើការវិភាគរកបម្រែបម្រួលរបស់ហ្សែន។ ប៉ុន្តែមិនមែនគ្រប់ករណីទាំងអស់នៃជំងឺមហារីកពោះវៀនធំត្រូវតែធ្វើការវិភាគទៅលើហ្សែនទាំងអស់នោះទេ។កត្តាមួយចំនួនអាចឲ្យយើងសង្ស័យថា អ្នកជំងឺមហារីកពោះវៀនដែលបណ្តាលមកពីបម្រែបម្រួល ហ្សែនដែលកត្តានោះរួមមាន៖
– អ្នកជំងឺមានបងប្អូន ឬឳពុកម្តាយបង្កើតមានមហារីកពោះវៀនធំ (យ៉ាងតិច២នាក់)
– អ្នកជំងឺមានអាយុតិចជាង ៦០ឆ្នាំ
– ការឆ្លុះពោះវៀនឃើញថា អ្នកជំងឺមានចំនួនដុំសាច់(ប៉ូលីព)ច្រើនជាង ១០០ ក្នុងពេលឆ្លុះពោះវៀន។
៣) នៅពេលដែលជំងឺមហារីកពោះវៀន ដែលបង្កមកពីហ្សែនត្រូវបានរកឃើញ តើកត្តាអ្វីខ្លះ ដែលគ្រួសារអ្នកជំងឺចាំបាច់ត្រូវធ្វើ?
យើងដឹងហើយថា ជំងឺមហារីកពោះវៀនធំ ដែលបណ្តាលមកពីហ្សែន គឺជាជំងឺតំណពូជដូចនេះនៅពេលដែលរោគវិនិច្ឆ័យបានបញ្ជាក់ថា ហ្សែនជាមូលហេតុបង្កឲ្យមានជំងឺមហារីក គ្រួសារអ្នកជំងឺចាំបាច់ត្រូវតែធ្វើការតាមដាន និងបង្ការដើម្បីរកឲ្យឃើញជំងឺនេះ នៅដំណាក់កាលដំបូងដើម្បីឲ្យការព្យាបាលមានប្រសិទ្ធភាពខ្ពស់។
៤)តើការតាមដាន ត្រូវធ្វើឡើងតាមវិធីណា?
វិធីតែមួយគត់ ដែលអាចធ្វើឲ្យយើងអាចរកឃើញជំងឺមហារីកពោះវៀនធំ នៅដំណាក់កាលដំបូង និងបង្ការជំងឺនេះ បានគឺការឆ្លុះពោះវៀន។ ដោយសារការប្រឈមមុខខ្ពស់ទៅនិងការកើតមហារីកពោះវៀន ដូចនេះគ្រួសាររបស់អ្នកជំងឺទាំងអស់ ត្រូវតម្រូវឲ្យធ្វើការឆ្លុះពោះវៀន១ទៅ២ឆ្នាំម្តង នៅពេលដែលពួកគេមានអាយុចាប់ពី២០ឆ្នាំឡើងទៅ អ្នកជំងឺអាចតម្រូវឲ្យមានការឆ្លុះក្រពះ និងការតាមដានជំងឺមហារីកស្បូនបន្ថែមក្នុងករណីចាំបាច់។ បើមិនមានការតាមដានឲ្យបានដិតដល់នោះទេ អ្នកជំងឺអាចនិងប្រឈមមុខក្នុងការធ្វើរោគវិនិច្ឆ័យយឺតយ៉ាវ ដែលអាចធ្វើឲ្យការព្យាបាល គ្មានប្រសិទ្ធភាព (មិនអាចជាសះស្បើយ)។
៥)តើការព្យាបាលជំងឺមហារីកពោះវៀន ដែលបណ្តាលមកពីហ្សែនគេធ្វើដូចម្តេច?
ជាទូទៅរបៀបនៃការព្យាបាលជំងឺមហារីកពោះវៀន គេធ្វើដូចគ្នាទៅនិងជំងឺមហារីកពោះវៀនដែលបណ្តាលមកពីមូលហេតុផ្សេងទៀតៈ
– ការវះកាត់ជាវិធីសាស្ត្រ ដែលមានប្រសិទ្ធភាពបំផុត ក្នុងករណីជំងឺនេះ មិនទាន់មានការរីករាលដាល
– ក្នុងករណីជំងឺមានការរីករាលដាលទៅសរីរាង្គផ្សេងទៀត គឺគេត្រូវព្យាបាលដោយថ្នាំគីមី។ក្នុងករណីនេះ ការព្យាបាលមិនអាចជាសះស្បើយឡើយ។
– ការឆ្លុះពោះវៀនជាវិធីសាស្ត្រមួយដែលអាចព្យាបាល និងបង្ការជំងឺមហារីកពោះវៀនបាន។ការឆ្លុះពោះវៀនអាចឲ្យយើងកាត់យកចេញនូវដុំសាច់តូចៗដែលបម្រុង និងក្លាយជាជំងឺមហារីកបើ ដុំសាច់តូចៗទាំងអស់ត្រូវបានយកចេញអ្នកជំងឺអាចជៀសផុតពីជំងឺមហារីកពោះវៀនបាន។
“ដូចនេះបើលោកអ្នកមានបងប្អូន និងគ្រួសារមានជំងឺមហារីកពោះវៀនធំ សូមបងប្អូនមកពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកថ្លើម ក្រពះ ពោះវៀននៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការពិគ្រោះ និងស្វែងរកវិធីការពារកុំឲ្យមានការយឺតយ៉ាវ ក្នុងការព្យាបាលដែលអាចឲ្យមានគ្រោះថ្នាក់ដល់ជីវិត”៕
អត្ថបទ៖ រស្មី
សូមចុចអាន ៖ តើអ្វីទៅជាជំងឺមហារីកមាត់ស្បូន?