អ្នក​គួរ​ធ្វើ​អ្វី ពេល​ពស់​ចឹក​?
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

អ្នក​គួរ​ធ្វើ​អ្វី ពេល​ពស់​ចឹក​?

បានផុស

នៅ

​ពស់​ចឹក​ នៅតែ​ជា​គ្រោះថ្នាក់​មួយ​ដែល​គេ​ជួបប្រទះ​ជារឿយៗ ជាពិសេស​នៅ​តំបន់​ស្រែចម្ការ​ខ្មែរ​យើង​និង​ជាពិសេស​នៅ​ពេល​មាន​គ្រោះទឹកជំនន់​ជន​លិច​។ ថ្វីបើ​ដំបូង​ឡើយ​ស្នាម​ខាំ​ជា​របួស​តូច​បន្តិចបន្តួច តែ​ក្នុង​ករណីខ្លះ​វា​អាច​បណ្តាល​ជា​ជំងឺ​ធ្ងន់ធ្ងរ​ភ្លាមៗ និង​អាច​បណ្តាល​ឲ្យ​ស្លាប់​ផង​ក៏មាន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក​) ប្រភេទ​ពស់​ពិស​

​ក្នុងចំណោម​ពស់​ប្រមាណ​ជិត ៦០​ប្រភេទ ដែល​គេ​ស្គាល់​ក្នុងប្រទេស​កម្ពុជា ក្រុម​អ្នកជំនាញ​ខាង​សត្វ​ពស់​បាន​សំគាល់​ឃើញថា មាន​ពស់​ពិស​១២ ប្រភេទ ជា​មូលហេតុ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​។​

​ក្នុងនោះ​ពស់​៦ ប្រភេទ​ដែល​បង្ក​គ្រោះថ្នាក់​ញឹកញាប់​ដោយសារ​វា​រស់នៅ​ជិតៗ​ភូមិឋាន​យើង​មានៈ​

– ពស់វែកក្របី​

– ពស់វែកដំបូក​

– ពស់​ហនុមាន​

– ពស់ក្រាយ​ឬ​ថ្នាំងអំពៅ​ស​ខ្មៅ​

– ពស់​បៃតង ២​ប្រភេទ​ទៀត​

​មាន ៥ ប្រភេទ​ទៀត​វា​ច្រើន​រស់នៅ​ក្នុងព្រៃ​ឆ្ងាយ​ពី​ភូមិៈ​

– ពស់វែករនៀម​

– ពស់ពព្លាក់​

– ពស់​ស្រកា​ចាស​

– ពស់ក្រាយ លឿង​ខ្មៅ​

– ពស់ក្រាយ​ក្បាល​ក្រហម​

​ពស់​ទី​១២ គឺ​ពស់​សមុទ្រ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នកនេសាទ​សមុទ្រ​។​

​ខ​) រោគសញ្ញា និង​ការព្យាបាល​

​ជាការ​ពិត ​ថ្នាំបន្សាប​ពិសពស់​ មាន​ប្រសិទ្ធភាព​តែ​ក្នុង​ករណី​មាន​ពិសពស់​ចូលក្នុង​ខ្លួន​មនុស្ស ហើយ​ពិស​នោះ​នៅ​មាន​សកម្មភាព​។ មាន​សញ្ញា ឬ អាកា​រៈ​មួយចំនួន​ ដែល​គ្រូពេទ្យ​តាមដាន​ស្វែងរក ហើយ​វត្តមាន​របស់​វា​តម្រូវ​ឲ្យ​ប្រើ​ថ្នាំ​បន្សាបពិស​ភ្លាម ទោះ​ដឹងថា​វា​អាចមាន​ប្រតិកម្ម​កើតឡើង​ក្តី​។​

​សញ្ញា​ទាំងនោះ​មានដូចជា​៖

– ស្រវាំងភ្នែក ងងឹតមុខ ធ្លាក់​ត្របកភ្នែក​ដូច​ងងុយដេក​

– រឹង​មុខមាត់​ពិបាក​និយាយស្តី​

– ទន់​ក ក្អួតចង្អោរ​

– មាន​អាកា​រៈ​ស្ហុ​ក (​ខ្សោយ ត្រជាក់​ចុងដៃ ជើង ស្លេកស្លាំង ជីពចរ​ញាប់ )

– បែកញើស​ត្រជាក់ និង​ចេញ​ទឹកមាត់​នៅ​ដំណាក់កាល​ដំបូង​នៃ​ប្រតិកម្ម​របស់​ពិស​

– ជើងដៃ​ចេះតែ​កន្ត្រាក់​តិចៗ​

– ពិបាក​ដកដង្ហើម​ជា​សញ្ញា​ចុងក្រោយ ដែល​ត្រូវ​ព្យាបាល​ជាបន្ទាន់​។​

​សញ្ញា​ផ្សេងទៀត​ដែល​ត្រូវ​ប្រើ​ថ្នាំ​ជាបន្ទាន់​ដែរ​មាន​៖

– កន្លែង​ដែល​ពស់​ខាំ រាលដាល (​ឡើង​ហើម ក្រហម ) លឿន​

– មាន​ចេញ​ពងទឹក​ដូច​រលាកភ្លើង​

– មាន​ចេញ​ស្នាម​ជាំ​លើ​ខ្លួន​

– ដំបៅ​ហូរឈាម​មិន​ឈប់​

– ឡេះឡះ រវើរវាយ សន្លឹម​ងងុយដេក​

– គ្មាន​ទឹកនោម ជាដើម ។​

​សញ្ញា​ខាងលើនេះ​សុទ្ធតែជា​សញ្ញា​នៃ​អាកា​រៈ ដែល​ធ្ងន់ធ្ងរ​អាច​គ្រោះថ្នាក់​ដល់​ជីវិត ក៏ប៉ុន្តែ​ថ្នាំ​បន្សាបពិស​ប្រើ​ទាន់ពេលវេលា​អាចជួយ​ជីវិត​បាន​។ ចំណុច​មួយទៀត​ដែល​ជួយ​ជីវិត គឺ​វិធី​ដែល​អាច​ពន្យារ​ពេល​កុំ​ឲ្យ​ពិស​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ឈាម​រត់លឿន​ពេក ក្នុង​គោលបំណង​នេះ ក្រោយ​ត្រូវ​ពស់​ខាំ​ភ្លាម គប្បី​ទប់​អប​អវយវៈ ​ដែល​រង​ការ​ខាំ​នោះ​ឲ្យ​នៅ​ហ្នឹង កុំ​ឲ្យ​សាច់ដុំ​កន្ត្រាក់​ខ្លាំង​។​

​ឧទាហរណ៍៖ ប្រសិនបើ​ជើង​ត្រូវ​ពស់​ខាំ ការ​ខំប្រឹង​រត់​ឬ​ដើរ​នឹង​នាំ​ឲ្យ​ពិស​កាន់តែ​ឆាប់​ចូលដល់​ប្រព័ន្ធ​ឈាម​រត់ នឹង​ឆាប់​ចេញ​រោគសញ្ញា​នៃ​ពិស​។ ក្នុងករណីនេះ​គេ​គប្បី​រក​អ្នក​ជួយ​គ្រា​ឬ​សែង​ទៅរក​កន្លែង​សង្គ្រោះ​ឬ​មន្ទីរពេទ្យ​។​

​សំគាល់​៖ វិធី​មួយចំនួន​ ដែល​ធ្លាប់​អនុវត្ត​ពីមុនមក​ភាគច្រើន​ឲ្យ​គុណវិបត្តិ​ជាង​ឲ្យ​ផល​ប្រយោជន៍​ដូចជាៈ​

– ការ​ចងរឹត​ពី​ខាងលើ​របួសៈ ភាគច្រើន​វា​អាច​បណ្តាល​ឲ្យ​ផ្នែក​ខាងក្រោម​ចំណង​ខ្វះ​ឈាម​ទៅ​ចិញ្ចឹម​និង​ត្រូវស្លាប់​កោសិកា​សាច់ដុំ ដែល​ជា​រឿយៗ​តម្រូវ​ឲ្យ​កាត់ចោល​ដើម្បី​សង្គ្រោះ​ជីវិត​។​

– ការ​វះ​បើកមុខ​កន្លែង​ស្នាម​ខាំ​ក្នុង​បំណង​ឲ្យ​ពិស​ហូរ​ចេញ​វិញ ជួនកាល​បណ្តាល​ឲ្យ​ហូរឈាម​មិន​ឈប់​និង​បាត់បង់​ឈាម​ជាច្រើន រហូតដល់​សភាព​ស្ហុ​ក​។​

– ការ​បឺត​ជញ្ជក់​កន្លែង​ខាំ​ក៏​មិនអាច​បឺត​យក​ពិស​ចេញ​បាន​ដែរ​។​

– កន្លែង​មាន​របួស​ជាទី​ដែល​ប្រព័ន្ធ​ការពារ​លើ​ស្បែក​យើង ​ត្រូវ​មាន​ចន្លោះប្រហោង​អាច​ឲ្យ​មេរោគ​ផ្សេងៗ​ចូល​បាន​យ៉ាង​ងាយ ដូចនេះ​ការដាក់​បំពោក​នូវ​វត្ថុ​ផ្សេងៗ ឬ​ថ្នាំ​ដែល​មិន​ស្អាត​អាច​បន្ថែម​មេរោគ​នឹងធ្វើ​ឲ្យ​ដំបៅក្លាយ​។​

​គ​) ចំណុច​គួរ​ចងចាំ និង​អនុវត្ត

– ថ្នាំ​ប្រឆាំង​ពិសពស់​ជា​ឱសថ​ដ៏​សំខាន់ តែ​វា​អាច​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បានដែរ​។​

– ថ្នាំ​ពិសពស់​មាន​ផល​ប្រយោជន៍ និង​ប្រសិទ្ធភាព​តែ​កាលណា​មាន​ពិសពស់​ក្នុង​ខ្លួន​ជនរងគ្រោះ ជាពិសេស​ក្នុង​របត់​ឈាម​។​

– គ្រប់​ករណី​ពស់​ចឹក​ឬ​សង្ស័យ​ថា ​ពស់​ចឹក​មិន​សុទ្ធតែ​ចាំបាច់​ត្រូវ​ចាក់​ថ្នាំ​បន្សាបពិស​ទេ​។​

– បើ​មាន​ពស់​ខាំ មុន​មកដល់​មន្ទីរពេទ្យ គប្បី​ទប់​អប​អវយវៈ​ ដែល​រងរបួស​នោះ​កុំ​ឲ្យ​វា​មាន​ចលនា​ខ្លាំង​។​

– មិនត្រូវ​ចងរឹត​តឹង​ពី​ខាងលើ ឬ វះ​បង្ហូរឈាម ឬ បឺត​ឈាម​ទេ ព្រោះ​វា​នាំ​ឲ្យ​ខាត​ពេល​និង​អាចមាន​គ្រោះថ្នាក់​។​

– ប្រសិនបើ​ប្រាកដជា​ពស់​ខាំ ត្រូវ​ប្រញាប់​មក​មន្ទីរ​ពេទ្យ​ ដែល​មាន ហើយ​អាច​ប្រើ​ថ្នាំ​បន្សាបពិស​ដោយ​សុវត្ថិភាព​បាន​។​

– ក្នុង​ករណី​មាន​សញ្ញា​ពិស​ក្នុង​ខ្លួន​ជនរងគ្រោះ ក្រុមគ្រូពេទ្យ​នឹង​វិនិច្ឆ័យ​ប្រភេទ​ក្រុម​ពស់​ ដែល​បង្ក​ហេតុ ដើម្បី​ត្រូវ​ប្រើ​ថ្នាំបន្សាប​ឲ្យ​ត្រូវ​នឹង​ក្រុម​ពស់​។ ក្រោយ​កំណត់​បាន​ហើយ​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត នឹង​រៀបចំ​ត្រៀម​មធ្យោបាយ​សម្រាប់​ព្យាបាល​ករណី​មានប្រតិកម្ម​ជាយថាហេតុ និង​ប្រើប្រាស់​ថ្នាំ​បន្សាបពិស ដោយ​ចាក់​តាម​សរសៃ​វ៉ែន​ផ្ទាល់​ឬ​លាយ​ជាមួយ​សេរ៉ូម​។ ជួនកាល​គ្រូពេទ្យ​ត្រូវ​ប្រើប្រាស់​មធ្យោបាយ​ផ្សេងៗ​ទៀត ដូចជា​ម៉ាស៊ីន​ដកដង្ហើម អុកស៊ីហ្សែន ថ្នាំ​ជំនួយ​បេះដូង ឬ​ការប្រើ​ផលិតផល​ឈាម ឬ​កា​រ​បង្គ្រប់​ជាតិ​ទឹក ជាដើម​រួមផ្សំ​ជាមួយ រហូតដល់​ថ្នាំ​ព្យាបាល​ពិស​មាន​ប្រសិទ្ធភាព និង​ដើម្បី​ជួយ​ជីវិត​បាន​៕

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​វិធីសាស្ដ្រ​ព្យាបាល​ការ​បាក់ក​ឆ្អឹងភ្លៅ និងការ​យល់​ដឹង​ពី​ការ​គំរាមកំហែង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ម៉ោង មុន

តេ​ក្វាន់​ដូ​ITF​កម្ពុជា រៀបចំ​ការប្រកួត​វិ​ញ្ញាសា​មេគុន​តាម​អន​ឡាញ​ជា​លើកដំបូង

ព័ត៌មានជាតិ៧ ម៉ោង មុន

ផ្ទុះអាវុធ​នៅ​កណ្តាល​ក្រុងព្រះសីហនុ​៥​គ្រាប់ សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​មនុស្ស​ចំនួន​៣​នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេច​សខេង​ណែនាំ​ឱ្យ​អភិបាល​រាជធានី​ខេត្ត​សហការ​ជាមួយ​គ​.​ជ​.​ប​ក្នុងការ​ពិនិត្យ​បញ្ជី​ឈ្មោះ​និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២១

ព័ត៌មានជាតិ៧ ម៉ោង មុន

ប្រជាពលរដ្ឋ​៣​ភូមិ​នៅ​សង្កាត់​បឹង​សាឡាង​ទទួលបាន​អំណោយ​ពីស​ម្តេច​ទាំង​ទ្វេ ខណៈ​បិទ​ខ្ទប់​យក​សំណាក

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង​រក​ឃើញ​កូ​វីដ​១៩ បំប្លែង​ថ្មី​(Delta)​ចំនួន ២​នាក់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services