Connect with us

សុខភាព

រលាក​ច្រមុះ​រ៉ាំរ៉ៃ ជាការ​រំខាន​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​លោកអ្នក​!

បានផុស

នៅ

​ក​) អ្វី​ជា​ជំងឺ​រលាក​ច្រមុះ​រ៉ាំរ៉ៃ​?

​ការ​រលាក​ច្រមុះ និង​រលាក​ប្រអប់​ឆ្អឹង​អម​រន្ធ​ច្រមុះ (Rhinosinusites) ជា​ជំងឺ​ជួបប្រទះ​ញឹកញាប់ ហើយ​ជួនកាល​អ្នកជំងឺ​គិត​ថា ​ជា​ភាព​ធម្មតា​របស់គាត់​។ ប៉ុន្តែ​លើសពី​រោគសញ្ញា​ដែល​ធ្វើទុក្ខ​គាត់​ជាប្រចាំ​នេះ យើង​ឃើញ​មានការ​វិវត្តន៍​ទៅជា​រ៉ាំរ៉ៃ ឬ​លាប់​សារ​ចុះ​សារ​ឡើង​។ ជា​ផលវិបាក​ជំងឺ​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ខ​) មាន​សញ្ញា​មួយចំនួន​ចំពោះ​ជំងឺ​រលាក​ច្រមុះ​រ៉ាំរ៉ៃ​៖

១. ជំងឺ​រលាក​ច្រមុះ​មាន​រោគសញ្ញា​ច្រើន​ដូចជា​៖

– តឹង​ច្រមុះ ហៀរ​សំបោរ កណ្តាស់ រមាស់​ច្រមុះ​ជាដើម​

– តឹង​ច្រមុះ អាច​តឹង​ម្ខាង សង្ខាង ឬ​ឆ្លាស់គ្នា​

​ការ​តឹង​ច្រមុះ​នេះ​មាននៅ​ពេល​គេង ហើយ​អាចមាន​ភាពខុសគ្នា​ពី​ម្នាក់​ទៅ​ម្នាក់ ជួនកាល​រំខាន​នៅពេល​ព្រឹក ជួនកាល​នៅពេល​សម្រាក​ដែល​ធ្វើ​ឲ្យ​អ្នកជំងឺ​មិនអាច​គេង​បាន​។ ហើយ​វា​ក៏​អាច​ស្តែងចេញ​ជា​សញ្ញា​ផ្សេងទៀត​រួមមាន ហ៊ឹង​ត្រចៀក គេង​ស្រ​ម៉ុក ស្ងួត​មាត់ ក្អក​ស្ងួត ឈឺបំពង់ក រលាក​បំពង​ខ្យល់ និង​រលាក​ទងសួត​ញឹកញាប់​។ អ្នកជំងឺ​អាច​កណ្តាស់​ជាប់ៗ​គ្នា​ជា​ខ្សែ ឬ​ទៅតាម​ពេល ជួនកាល​ហូរ​សំបោរ​ធ្លាក់​ទៅក្រោយ ធ្វើ​ឲ្យ​អ្នកជំងឺ​មាន​អារម្មណ៍​ទើសៗ​នៅ​គល់​បំពង់ក មាន​ភាព​ក្តៅក្រហាយ ឬ​រមាស់​នៅ​បំពង់ក​។​

២. សញ្ញា​រួមផ្សំ​៖

​ជួនកាល​អ្នកជំងឺ​មាន​ឈឺក្បាល ឬ​មាន​អារម្មណ៍​រំខាន​ដល់​ការដកដង្ហើម ដែល​បញ្ជាក់ថា​ការដកដង្ហើម​តាម​ច្រមុះ​មិន​គ្រប់គ្រាន់​។ អាកា​រៈរ​មាស់​ច្រមុះ ភ្នែក រន្ធ​ត្រចៀក តែងតែ​ជួបប្រទះ​ជា​ញឹកញាប់ ជាពិសេស​ក្នុងករណី អា​លែ​ហ្ស៊ី​ច្រមុះ​ទៅតាម​រដូវ​កាល​។ ជួនកាល​អ្នកជំងឺ​អាច​បាត់​ក្លិន នៅពេល​ដកដង្ហើម​ចូល ឬ​អាច​បាត់បង់​ការដឹងរ​ស់​ជាតិ​អាហារ​ផងដែរ​។ លើសពីនេះ​អ្នកជំងឺ​អាចមាន​បញ្ហា​ដល់​ទងសួត ហើយ​មិនបាន​ចាប់អារម្មណ៍ ដូចជា ក្អក ហត់​ពេល​ប្រឹង​ដកដង្ហើម ឬ​ដកដង្ហើម​លឺ​សូរសំលេង​ពេល​ល្ងាច តឹងទ្រូង​ជាដើម​។ ការឡើង​ស្លេស​ដែល​បណ្តាលមកពី​ប្រតិកម្ម​របស់​ទងសួត ច្រើន​ជួបប្រទះ​ញឹកញាប់​លើ​អ្នក​រលាក​ច្រមុះ​រ៉ាំរ៉ៃ ហើយ​នេះ​ជា​កត្តា​ប្រឈម​មួយ ដែល​អ្នកជំងឺ​អាច​ទៅជា​កើត​ហឺត​ពេល​ក្រោយ​។ នៅពេល​ខ្លះ​ក្នុង​រន្ធ​ច្រមុះ​សភាព​សាច់​ក្នុង​រន្ធ​ច្រមុះ អាច​បញ្ជាក់បាន​ខ្លះ​ពី​អា​លែ​ហ្ស៊ី ឬ​ជំងឺ​ច្រមុះ​ផ្សេងទៀត​។​

​គ​) មូលហេតុ​ជំងឺ​រលាក​ច្រមុះ​៖

​រោគសញ្ញា និង​សភាព​ក្នុង​ច្រមុះ​ពុំមាន​លក្ខណៈពិសេស​ណាមួយ​ដែល​អាច​ឲ្យ​យើង​កត់សំគាល់​ពី​មូលហេតុ របស់​ជំងឺ​រលាក​ច្រមុះ​រ៉ាំរ៉ៃ​ឡើយ​។ រលាក​ច្រមុះ​រ៉ាំរ៉ៃ​មាន​មូលហេតុ​ច្រើនណាស់ ក្នុងនោះ​អា​លែ​ហ្ស៊ី គឺជា​មូលហេតុ​មួយ​ក្នុងចំណោម​មូលហេតុ​ជាច្រើន​ទៀត​។ មួយ​ចំណែក​ធំ​ទៀត​រលាក​ច្រមុះ​រ៉ាំរ៉ៃ​មិនមែន​មូលហេតុ​អា​លែ​ហ្ស៉ី ហើយ​ប្រហែល​៣០%​នៃ​ការ​រលាក​ច្រមុះ​រ៉ាំរ៉ៃ​ក៏​អាច​បណ្តាលមកពី​មូលហេតុ​ទាំងពីរ​រួមគ្នា​។​

​ក្នុងចំណោម​រលាក​ច្រមុះ​រ៉ាំរ៉ៃ​មិនមែន​អា​លែ​ហ្ស៉ី អាចមាន​មូលហេតុ​ដូចជា​៖

១. មកពី​កត្តា​ខាងក្រៅ​ដូចជា​៖

– ការប្រើប្រាស់​ថ្នាំ​លើសឈាម ថ្នាំ​បំបាត់​តឹង​ច្រមុះ​ជាដើម​

– បណ្តាលមកពី​មុខរប​រ​ដូចជា​៖ កម្មករ​រោងចក្រ ឧស្សាហកម្ម​គីមី​ធំៗ ជាងឈើ ។​ល​។​

– រលាក​បណ្តាលមកពី​ចំណីអាហារ ញ៉ាំ​ជាតិ Ethanol ញ៉ាំ​អាហារ​រស់ជាតិ​ហឹរ​ខ្លាំង ឬ​គ្រឿង​សមុទ្រ​ជាដើម​។​

– រលាក​ច្រមុះ​បណ្តាលមកពី​បរិស្ថាន​ជុំវិញ​

២. មកពី​កត្តា​ខាងក្នុង​ដូចជា​៖

– ការប្រែប្រួល​នៃ​អ័រម៉ូន ដូចជា​នៅពេល​ពរ​ពោះ ឫ Hypothyroïdie ជាដើម​

– រលាក​ច្រមុះ​រ៉ាំរ៉ៃ​បណ្តាលមកពី​វ័យ​ជរា​

– រលាក​ច្រមុះ​បណ្តាលមកពី​សាច់​ច្រមុះ​រួម​ស្វិត (Rhinites Atrophiques)

– រលាក​ច្រមុះ​ដោយសារ​ប្រព័ន្ធ​សរសៃប្រសាទ​ក្នុង​ច្រមុះ (Rhinite vaso motrice)

​ឃ​) ការព្យាបាល​៖

– ក្នុងករណី​រលាក​ច្រមុះ​រ៉ាំរ៉ៃ​ដោយ​អា​លែ​ហ្ស៊ី ការប្រើ​ថ្នាំ​បាញ់​ច្រមុះ (Corticoïdes Locaux) អាចមាន​ប្រសិទ្ធិភាព​ខ្ពស់ ហើយ​មិនមាន​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​អ្នកជំងឺ​ឡើយ​។​

– ករណី​ប្រើ​ថ្នាំ​បាញ់​ច្រមុះ​មិន​ធូរស្រាល យើង​ប្រើ​ថ្នាំ Antihistaminique រួមបញ្ចូល​ទៀត អាចធ្វើឲ្យ​ការព្យាបាល​កាន់​តែមាន​ប្រសិទ្ធភាព​។​

– ក្នុងករណី​ការ​រលាក​ច្រមុះ​ដោយសារ​ថ្នាំ នោះ​ត្រូវ​បញ្ឈប់​ប្រើប្រាស់​ថ្នាំ គឺជា​ការចាំបាច់​។​

– រលាក​ច្រមុះ​នៅពេល​មាន​ផ្ទៃពោះ យើង​អាចធ្វើ​ការលាង​សំអាត​ខាងក្នុង​ច្រមុះ​ដើម្បី​បាន​ធូរស្រាល​។​

​ករណី​ការ​រលាក​ច្រមុះ​រ៉ាំរ៉ៃ​បណ្តាលមកពី​ភាពមិនធម្មតា​នៅក្នុង​ច្រមុះ យើង​អាចធ្វើ​ការវះកាត់ ដើម្បី​កែសម្រួល​មុខងារ​ច្រមុះ​ឲ្យ​មាន​សភាព​ធម្មតា​វិញ​ដូចជា​៖

– ដុត ឬ​កាត់​សាច់​ច្រមុះ​ក្នុង​ករណី​ហើម​សាច់​ច្រមុះ​ ដែល​បណ្តាល​ឲ្យ​តឹង​ច្រមុះ​ជាប្រចាំ​។​

– វះកាត់​តម្រង់​ឆ្អឹង​ជញ្ជាំង​ច្រមុះ ករណី​វៀច​ឆ្អឹង​ខណ្ឌ​រន្ធ​ច្រមុះ​ខ្លាំង​

​ង​) វិធី​បង្ការ​៖

– សំអាត​ផ្ទះសម្បែង និង​ឲ្យ​មាន​ពន្លឺ​ថ្ងៃ​ចេញចូល​គ្រប់គ្រាន់​

– ស្នាក់នៅ​ក្នុងផ្ទះ នៅពេល​ដែលមាន​ធូលី​ហុយ​ខ្លាំង ឬ​មាន​លំអងផ្កា​ច្រើន​

– ពាក់​របាំង​ការពារ (​ម៉ាស់​) ការពារ​ធូលី​ចូល​ច្រមុះ និង​មាត់​

– ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់​ជាប្រចាំ និង​ងូតទឹក​សម្អាតខ្លួន​ឲ្យ​បាន​ស្អាត​បន្ទាប់ពី​មកពី​ខាងក្រៅ​

– សម្អាត​សត្វ​ចិញ្ចឹម​របស់​អ្នកជា​ប្រចាំ​

– បន្ទប់​គេង ត្រូវ​រើ​កម្រាលព្រំ បោសសំអាត និង​បោកគក់​ជាប្រចាំ​

– ប្រុងប្រយ័ត្ន​ចំពោះ​ចំណីអាហារ ឬ​សម្ភារៈ​ដែល​ងាយ​ធ្វើ​ឲ្យ​អា​លែ​ហ្ស៊ី​។​

“​ការធ្វើ​រោគវិនិច្ឆ័យ​ឲ្យ​បាន​ច្បាស់លាស់ គឺជា​ការចាំបាច់​ដើម្បី​កាត់បន្ថយ​ការចំណាយ​ពេលវេលា និង​ធ្វើ​ឲ្យ​គុណភាព​នៃ​ការព្យាបាល​កាន់តែ​មាន​ប្រសិទ្ធភាព​។ បើ​បងប្អូន​មាន​បញ្ហា​ដូច​រៀបរាប់​ខាងលើ សូម​អញ្ជើញ​មក​ទទួល​ការពិនិត្យ ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​នៃ​មន្ទីរពេទ្យ​កាលម៉ែត​”៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​វិធី​ការពារ ការឆ្លង​មេរោគ​រលាក​ថ្លើម​ប្រភេទ បេ ទៅ​ទារក​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម