Connect with us

សុខភាព

សូម​ស្វែងយល់​ពី​ផលវិបាក​ នៃ​ជំងឺ​លើស​សម្ពាធ​ឈាម

បានផុស

នៅ

ជំងឺ​លើស​សម្ពាធ​ឈាម ​ជា​បញ្ហា​ចម្បង​មួយ​សម្រាប់​សុខភាព​សាធារណៈ​របស់​ប្រជាជន​កម្ពុជា​ ដែល​ជា​ទូទៅ​ វា​ជា​មូលហេតុ​ចម្បង​តម្រូវ​ឲ្យ​អ្នកជំងឺ​មក​ជួប​គ្រូពេទ្យ​។ ជំងឺ​លើស​សម្ពាធ​ឈាម​ អាច​បង្ក​នូវ​ផល​វិបាក​ជាច្រើន ដែល​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ​ខួរក្បាល បេះដូង​សរសៃឈាម និង​តម្រង​នោម​។​

ក​) តើ​អ្វី​ទៅជា​ជំងឺ​លើស​សម្ពាធ​ឈាម​?

ជំងឺ​លើស​សម្ពាធ​ឈាម​ ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​ដោយ​គ្រូពេទ្យ ហើយ​​បែងចែក​សម្ពាធ​ឈាម​ទៅតាម​ចំណាត់ថ្នាក់ ដូចតទៅ​:
សម្ពាធ​ឈាម​នៅ​ពេល Systole (mmHg)
– សម្ពាធ​ឈាម​ធម្មតា តូច​ជាង ១២០
– ជិត​លើស​សម្ពាធ​ឈាម ចាប់ពី ១២០-១៣៩
– លើស​សម្ពាធ​ឈាម​ដំណាក់កាល​ទី​១ ចាប់ពី ១៤០-១៥៩
– លើស​សម្ពាធ​ឈាម​ដំណាក់កាល​ទី​២ ធំ​ជាង ១៦០

សម្ពាធ​ឈាម​នៅ​ពេល Diastole (mmHg)​​
– សម្ពាធ​ឈាម​ធម្មតា តូច​ជាង​៨០
– ជិត​លើស​សម្ពាធ​ឈាម ចាប់ពី ៨០-៨៩
– លើស​សម្ពាធ​ឈាម​ដំណាក់កាល​ទី​១ ចាប់ពី ៩០-៩៩
– លើស​សម្ពាធ​ឈាម​ដំណាក់កាល​ទី​២ ធំ​ជាង ១០០

ខ​) មូល​ហេតុ​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​ ៖

ក្នុងចំណោម​អ្នកជំងឺ​លើស​សម្ពាធ​ឈាម ប្រហែលជា​៩០​ភាគរយ យើង​ពុំ​អាច​រកឃើញ​ពី​មូលហេតុ​បង្ក​នៅឡើយ​ទេ (Hypertension artérielle essentielle ou primitive) តែ​មាន​ប្រហែលជា​១០​ភាគរយ​ប៉ុណ្ណោះ មាន​មូលហេតុ​បង្ក​ច្បាស់លាស់។ ដែល​នៅ​ក្នុង​នោះ​រួមមាន ​៖
– ការប្រើប្រាស់​ថ្នាំ​បំបាត់​ការឈឺចាប់​ប្រភេទ AINS, Corticoïdes
– ជំងឺ Cushing (Maladie de Cushing)
– ជំងឺ​ដុំ​ក្រពេញ​លើ​តម្រងនោម (Phéochromocytose)

– ជំងឺ​ដុំ​គីស​ច្រើន​នៅ​តម្រងនោម (Polykystose rénale)
– ជំងឺ​លើស​សម្ពាធ​ឈាម​ដោយសារ​សរសៃឈាម​តម្រងនោម (Hypertension artérielle rénovasculaire)

– ជំងឺ​ត្បៀត​សរសៃឈាម​អា​អក (Coartation aortique)
– ជំងឺ​សរសៃឈាម​អាអក (Maladie aortique)

គ​) រោគសញ្ញា​ នៃ​ជំងឺ​លើស​សម្ពាធ​ឈាម​

ជាទូទៅ​ជំងឺ​លើស​សម្ពាធ​ឈាម ​មិន​មាន​រោគសញ្ញា​អ្វី​ឲ្យ​ច្បាស់លាស់​ទេ តែ​ភាគច្រើន ​នៃ​រោគសញ្ញា ស្តែង​ចេញ​ជា​ផលវិបាក​ នៃ​ជំងឺ​នោះ​។​

ឃ​) ផលវិបាក​ នៃ​ជំងឺ​លើស​សម្ពាធ​ឈាម​

១) ការប៉ះពាល់​ទៅលើ​បេះដូង​ ៖
ជំងឺ​លើស​សម្ពាធ​ឈាម គឺជា​កត្តា​ដែល​បង្កឲ្យ​មាន​កំណក​ខ្លាញ់​ក្នុង​សរសៃឈាម​បេះដូង​(athérome) ដែល​អាច​បណ្ដាលឲ្យ​មាន​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង (cardiopathie ischémique)​។ ជំងឺ​នេះ​ ក៏​ជា​កត្តា​ធ្វើឲ្យ​សាច់ដុំ​បេះដូង​ឡើង​ក្រាស់ (Hypertrophie ventriculaire gauche) ដែលជា​កត្តា​មួយ ធ្វើឲ្យ​សាច់ដុំ​បេះដូង​ត្រូវការ​អុកស៊ីហ្សែន​លើស​ពី​ធម្មតា បណ្ដាលឲ្យ​មាន​ជំងឺ​បេះដូង​កាន់តែ​ធ្ងន់ធ្ងរ​។

​រោគសញ្ញា​ដែល​ស្ដែង​ចេញ​មាន​ដូចជា ​៖
– ឈឺទ្រូង​ចាក់​មក ក ឬ ដើមដៃ​ឆ្វេង (Angine de poitrine)
– ហត់​នៅពេល​ធ្វើ​ការងារ​ប្រចាំថ្ងៃ ឬ ក៏​ហត់​នៅ​ពេល​សម្រាក​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២) ការ​ប៉ះពាល់​ទៅលើ​សរសៃឈាម​ ៖

ជំងឺ​លើស​សម្ពាធ​ឈាម​បង្កឲ្យ​មាន​
– កំណកខ្លាញ់​នៅក្នុង​សរសៃឈាម (arthérome)
– ការរីក​ប៉ោង​ធំ​ នៃ​សរសៃឈាម (Anévrysmes)
– ការ​បែក​នូវ​សរសៃឈាម​ធំ (dissections aortiques)
– ការស្ទះ​សរសៃឈាម​នៅ​ជើង (artériopathie oblitérante des membres inférieurs) ដែល​ស្ដែង​ចេញ​ឲ្យ​ថមថយ​នៅ​ចម្ងាយ​ដើរ​របស់​អ្នកជំងឺ (claudication intermittente)

៣) ការប៉ះពាល់​ទៅលើ​ប្រព័ន្ធ​ប្រសាទ​ ៖

ជំងឺ​លើស​សម្ពាធ​ឈាម អាច​បង្កឲ្យ​មាន​ជា​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ឬ បែក​សរសៃឈាម​នៅ​ខួរក្បាល (Accident vasculaire cérébral ischémique ou hémorragique) ដែល​រោគសញ្ញា​ស្ដែង​ចេញ​ដោយ​អ្នកជំងឺ​ទន់ដៃទន់ជើង ឬ មួយ​ចំហៀង​ខ្លួន និយាយ​មិន​ច្បាស់​ឈឺក្បាល និង​បាត់បង់​ស្មារតី​។

៤) ការ​ប៉ះពាល់​ទៅលើ​តម្រងនោម ​៖

ជំងឺ​លើស​សម្ពាធ​ឈាម​អាច​បង្កឲ្យ​មាន​ជំងឺ​ខ្សោយ​តម្រងនោម ដែល​ធ្វើឲ្យ​មាន​ជាតិ​សាច់​ចេញ​តាម​ទឹកនោម (​ទឹកនោមប្រៃ​) ដោយសារតែ​ផល​ប៉ះពាល់​ទៅលើ​សរសៃឈាម​តម្រងនោម ​ហើយ​ធ្វើឲ្យ​លើស​សម្ពាធ​ឈាម​កាន់តែ​ធ្ងន់ធ្ងរ ​រោគសញ្ញា​ស្ដែង​ចេញ​មាន​ដូចជា​ ហើម​ជើង​ទាំងសងខាង ហើម​មុខ ពិសេស​ត្របកភ្នែក​។

៥) ការ​ប៉ះពាល់​ទៅលើ​ភ្នែក ​៖

វា​អាច​ធ្វើ​ឲ្យ​គំហើញ​របស់​ភ្នែក​មាន​ការ​ធ្លាក់ចុះ ឬ​ធ្ងន់ធ្ងរ​ រហូតដល់​មើល​ពុំ​ឃើញ​។​
ជាទូទៅ​ ផលវិបាក​ នៃ​ជំងឺ​លើស​សម្ពាធ​ឈាម​អាច​ត្រូវ​បាន​ធើ្វ​ការ​បង្ការ ដោយ​អ្នកជំងឺ​ត្រូវ​ ៖
– ពិសា​ថ្នាំ​តាម​វេជ្ជបញ្ជា​
– មក​តាមដាន តាម​ការ​ណាត់​ជួប​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ជាប់​លាប់
– អនុវត្ត​តាម​ដំបូន្មាន​របស់​គ្រូពេទ្យ តាមរយៈ​ការ​ពិសា​តម​ប្រៃ​ខ្លាញ់ និង​ធ្វើ​លំ​ហាត់ប្រាណ​ឲ្យ​បាន​ទៀង​ទាត់​។​

ប្រសិនបើ​លោកអ្នក​មាន​រោគសញ្ញា និង​កត្តា​គ្រោះថ្នាក់​ដូច​បាន​រៀបរាប់​ខាងលើនេះ សូម​មក​ពិគ្រោះ​ជាមួយ​ក្រុមគ្រូពេទ្យ​ឯកទេស​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ស្វែងរក​ការ​ការពារ និង​ការ​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា មាន​ប្រសិទ្ធភាព ចៀសវាង​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​៕

អត្ថបទ ៖ ​រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម