Connect with us

សុខភាព

អូន​តូច​កើត​ឈាម​កកក្នុងខួរក្បាល ម៉ាក់ប៉ា​អាច​ដឹងបានដោយសញ្ញាទាំងនេះ

បានផុស

នៅ

រាល់​ទារក​ដែល​កើត​មក មិន​មែន​សុទ្ធ​តែ​សុខភាព​ល្អ​ទាំង​អស់​ទេ ខ្លះ​មាន​បញ្ហា​តាំង​ពី​ពេល​កើត​មក ដែល​នាំ​ទុក្ខ​ដល់​ទារក​តែ​ម្ដង។ ក្មេង​ខ្លះ មិន​ទាន់​ដឹង​អី​ផង ក៏​ប្រឈម​នឹង​បញ្ហា​មាន​ឈាម​កក​ក្នុង​ខួរក្បាល​បាត់​ទៅ​ហើយ។

សម្រាប់​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ជំនាញ​ផ្នែក​រោគ​កុមារ សញ្ញាប័ត្រ​ពី​បារាំង បាន​ពន្យល់​ឲ្យ​ដឹង​ថា ជា​ធម្មជាតិ នៅ​ពេល​ដែល​ក្មេង​កើត​មក តែង​មាន​ឈាម​កក​តិច​តួច​នៅ​ក្នុង​ខួរ​ក្បាល ដែល​នឹង​បាត់​ទៅ​វិញ​នៅ​ពេល​ដែល​លូត​លាស់​ធំ​ទៅៗ។ ប៉ុន្តែ​មាន​ករណី​ខ្លះ​ទៀត អា​អូន​អាច​ប្រឈម​នឹង​ជំងឺ​ឈាម​កក​នៅ​ក្នុង​ខួរ​ក្បាល បើ​សិន​ទទួល​បាន​វីតាមីន K មិន​បាន​គ្រប់​គ្រាន់។

“ចំពោះ​ទារក​ដែល​ទើប​តែ​សម្រាល​ហើយ នៅ​ក្នុង​មន្ទីរពេទ្យ​ធំៗ គឺ​គេ​បាន​ធ្វើ​អេកូ​ខួរក្បាល​ទារក នៅ​ពេល​ដែល​ជិត​ចេញ​ពី​មន្ទីរពេទ្យ​ឲ្យ​ទៅ​ផ្ទះ​បាន ឬ​ជួន​កាល​គេ​ណាត់​ឲ្យ​ទៅ​ពិនិត្យ​វិញ (២សប្ដាហ៍ ឬ១ខែ​ក្រោយ​ចេញ​ពី​ពេទ្យ) ដើម្បី​ធ្វើ​អេកូ​ខួរក្បាល អ៊ីចឹង យើង​អាច​ដឹង​ថា អា​អូន​មាន​ឈាម​កក​តាម​រយៈ​ធ្វើ​អេកូ​ខួរ​ក្បាល។”

លោក​ស្រី​បញ្ជាក់​ថា ប្រសិន​បើ​ឈាម​កក​ធំ ឬ​មាន​បរិមាណ​ច្រើន វា​អាច​សង្កត់​ទៅ​លើ​ខួរ​ក្បាល​ទារក ពី​ព្រោះ​ខួរក្បាល​អា​អូន​មាន​លក្ខណៈ​តូច វា​អាច​ឲ្យ​អា​អូន​ចេញ​រោគ​សញ្ញា​មួយ​ចំនួន​ដូច​ជា៖

– ស្រឹម ឬ​សន្លប់
– ពិបាក​បៅ​ដោះ
– ក្អួត​ញឹកញាប់ (ក្អួត​ខ្លាំង)
– ប្រកាច់ (ករណី​ធ្ងន់​ធ្ងរ)។

ក្នុង​ករណី​ដែល​ឈាម​កក​មាន​ទំហំ​ធំ ហើយ​សង្កត់​ទៅ​លើ​សាច់​ខួរក្បាល​ខ្លាំង ជាពិសេសប៉ះពាល់​ទៅ​ដល់​តំបន់​ខួរ​ក្បាល​ដែល​មាន​នាទី​គ្រប់​គ្រង​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​របស់​ទារក វា​អាច​បង្ក​ឲ្យ​ទារក​អត់​ដក​ដង្ហើម​ ជាហេតុ​បណ្ដាល​ឲ្យ​ទារក​បាត់​បង់​ជីវិត​បាន៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម