Connect with us

សុខភាព

លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន​: ជំងឺ​កូ​វីដ​-១៩ ប​ម្លែ​ង​ថ្មី អាច​ចម្លង​ពី​៦ ទៅ​៧ នាក់​ក្នុងពេល​តែមួយ​

បានផុស

នៅ

ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២១ ទាក់ទង​ច្បាប់ ស្តីពី​ការទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បានបញ្ជាក់ ថា ជំងឺ​កូ​វីដ​-១៩ ប​ម្លែ​ង​ថ្មី មានលទ្ធភាព​ចម្លង​បាន​លឿន​ជាង​មុន គឺអាច​ការចម្លង​ពី ៦​ទៅ​៧​នាក់ ក្នុងពេល​តែមួយ ដែល​វីរុស​មុន គឺអាច​ចម្លង​តែ​៣ ឬ ៤​នាក់ ប៉ុណ្ណោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បាន​លើកឡើងថា កូ​វីដ​១៩ ដែល​ប​ម្លែ​ង​ថ្មី​នេះ មានលទ្ធភាព​នៃ​ការចម្លង​លឿន​ហើយ​អាច​វ៉ៃ​លុក​លឿន​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ទៀតផង​។ ការចម្លង​ត្រូវបាន​រកឃើញ ៧​នាក់​ក្នុងពេល​តែមួយ បើ​យើង​ប្រៀបធៀប​នឹង​ការចម្លង​នៅពេល​មុន​មានតែ ៣ ទៅ ៤​នាក់ ប៉ុន្តែ​មកដល់​វីរុស​កូ​វីដ​-១៩ ថ្មី​នេះ ការចម្លង​គឺ ៦ ទៅ ៧​នាក់​។ លោកស្រី​បន្តថា វីរុស​កូ​វីដ​ថ្មី​នេះ​សាហាវ​ជាង​មុនៗ ដែល​ដែល​អាចធ្វើឱ្យ​បុគ្គល​ស្លាប់​បាន ដែល​ថ្មីៗ​នេះ មាន​មាន​ករណី​ស្លាប់​ម្នាក់​រួចទៅហើយ ។ ជាមួយគ្នានេះ ក៏​នៅមាន​អ្នក​ដែល​ស្ថិតក្នុង​សភាព​ធ្ងន់ធ្ងរ​មួយចំនួនទៀត​ដែរ ដែល​ក្រុមគ្រូពេទ្យ​កំពុងតែ​ជួយ សង្គ្រោះ​។

​បើតាម​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន​ វីរុស​កូ​វីដ​-១៩ ប​ម្លែ​ង​ថ្មី កំពុងតែ​ចរាចរ​យ៉ាងសកម្ម​ខ្លាំង​ក្លា​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​យើង​មិនដឹងថា វា​នៅទីណា​ខ្លះ​នោះទេ ។ ជាពិសេស​នៅ​រាជធានី​ភ្នំពេញ​នេះ​តែម្តង ដែលមាន​ការចម្លង​បន្ត​គ្នា​លឿន​ណាស់ និង​ឆ្លង​បន្តទៅ​ខេត្ត មួយចំនួន​រួចទៅហើយ​។ ជាមួយគ្នា​នោះ លោកស្រី​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​ការប្រុងប្រយ័ត្ន​ខ្ពស់​លើ​ស្ថានភាព​ឆ្លង​របស់​វីរុស​កូ​វីដ​-១៩ ប​ម្លែ​ង​ថ្មី ដូច្នេះ ពេលនេះ បើ​មិនមាន​ករណី​ចាំបាច់​ទេ សូម​នៅផ្ទះ កុំ​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ហើយក៏​មិន​ត្រូវ​បង្ក​ការជួបជុំ​គ្នាច្រើន​នោះដែរ ដូចជា​ពិធីមង្គលការ និង​បុណ្យ​សាសនា​ផ្សេងៗ​។

​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ទៀតថា ដំណាក់កាល​នេះ​ជា​ដំណាក់​លំបាក ដែល​បុគ្គល​គ្រប់រូប​មាន​កាតព្វកិច្ច​ចាំបាច់​ក្នុង ការចូលរួម​អនុវត្តន៍​វិធានការ​សុខាភិបាល និង​វិធានការ​ផ្សេងៗ​ទៀត ដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងសុខាភិបាល​បានដាក់​ចេញ ដូចជា​ការ​អំពាវនាវ​ខាងលើនេះ​ជាដើម ហើយ​រួម​សាមគ្គី​គ្នា​ប្រយុទ្ធ​នឹង​សត្រូវ​អត់​ស្រមោល​ទាំងអស់គ្នា ហើយ​បរាជ័យ ឬ​ជោគជ័យ​លើ​ការ​ប្រយុទ្ធ​នឹង​កូ​វីដ​-១៩ នា​ពេល​នេះ គឺ​អាស្រ័យ​លើ​ការចូលរួមរ​បស់បង​ប្អូន​ទាំងអស់គ្នា​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម