Connect with us

ព័ត៌មានជាតិ

កម្ពុជា​ប្រើ​ពេល​ពីរ​សប្តាហ៍ បញ្ជា​ទិញ​វ៉ាក់សាំង​ពី​ចិន​ លក់​​ឲ្យ​តម្លៃ​ពិសេស

បានផុស

នៅ

កម្ពុជា​បាន​បញ្ជា​ទិញ​វ៉ាក់សាំង​ពី​ប្រទេស​ចិន​របស់​ក្រុមហ៊ុន​ស៊ីណូវ៉ាក​ចំនួន ១.៥ លាន​ដូស ​ដែល​បាន​ដឹក​មក​ដល់​នៅ​ព្រឹកនេះ។

លោក វ៉ាង វិនធាន ឯក​អគ្គរាជ​ទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ថ្លែង​នៅ​ព្រឹក​នេះ​ថា វ៉ាក់សាំង​ស៊ីណូវ៉ាក់ (Sinovac) ចំនួន ១.៥ លាន​ដូស​នេះ​គឺ​ជា​ការ​បញ្ជា​ទិញដោយ​​ផ្ទាល់​លើក​ដំបូង​របស់​កម្ពុជា​ពី​ប្រទេស​ចិន។ ក្រោម​ស្មារតី​សហការ​ប្រតិបត្តិការ និង​ជា​មិត្តភ័ក្ក​ដែកថែប រដ្ឋាភិបាល​ចិន​បាន​សម្រលសម្រួលការបញ្ជាទិញ​ប្រើប្រាស់​ពេល​ត្រឹម ២ សប្ដាហ៍​ប៉ុណ្ណោះ ហើយ​លក់ឲ្យ​​​ក្នុង​តម្លៃ​ពិសេស​បំផុត។

លោក​អគ្គរាជទូត​បាន​បន្ត​ថា វ៉ាក់សាំងនេះ​​នឹង​​បង្កើត​ជញ្ជាំង​សុខភាព​ការពារ​ប្រជាជន​កម្ពុជាពីការ​វាយ​ប្រហារ​នៃ​មេរោគ​​កូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល កម្ពុជាបានចំណាយថវិកាប្រមាណ ១៥ លានដុល្លារ ដើម្បី​ទិញ​​វ៉ាក់សាំងស៉ីណូវ៉ាក់ចំនួន ១.៥ លាន​ដូសបន្ថែម​ពីប្រទេស​ចិន។

បើតាមលោកជំទាវ វ៉ាក់សាំង​ស៊ីណូវ៉ាក ដែល​រដ្ឋាភិបាល​ចិនលក់​ឲ្យ​កម្ពុជា​ក្នុង​តម្លៃ ១ ដូស ១០ ដុល្លារ។

លោក វង្សី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ថា កម្ពុជា​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ទិញ​វ៉ាក់សាំង ប៉ុន្តែ​ប្រទេសធំៗ​​ជា​ច្រើន​បាន​រិតត្បិត​ក្នុង​ការ​ចែកចាយ​វ៉ាក់សាំង​​ដល់​ប្រទេស​ក្រីក្រ។

លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា វ៉ាក់សាំង​ជាទំនិញ​យុទ្ធសាស្រ្ត ដែល​ប្រទេស​លើលោកកំពុង​ត្រូវការ ដើម្បី​ប្រយុទ្ធមេរោគ​កូវីដ ១៩។

កម្ពុជា​បាន​ទទួល​វ៉ាក់សាំងចំនួន ៦០ ម៉ឺនដូស​របស់​ក្រុមហ៊ុន​ស៊ីណូហ្វាមជា​ជំនួយ​របស់​ប្រទេសចិន និង ៣២៤ ០០០ ដូស​ទៀត ក្រោម​​គម្រោង​កូវ៉ាក់​របស់​អង្គការ​សុខភាព​ពិភពលោក។ រដ្ឋាភិបាល​គ្រោង​ចាក់ចាក់វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋឱ្យបាន ១០លាននាក់ តាមរយៈការ​ស្វះស្វែង​រក​ពី​ប្រទេសជាមិត្ត និងតាមរយៈយន្តការខូវ៉ាក់។ គិតត្រឹមថ្ងៃទី២៤ ខែមីនា កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានសរុបជាង ៣៤ម៉ឺននាក់។

បើ​តាម​ឯកអគ្គរដ្ឋទូតចិន​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ ៣១ វ៉ាក់សាំង ៧០ ម៉ឺន​ដូស​បន្ថែម​ទៀត​ពី​ប្រទេស​ចិននឹង​ដឹក​មក​ដល់​ប្រទេសកម្ពុជា៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម