Connect with us

សុខភាព

វិធី​ការពារ និង​ព្យាបាល​ជំងឺ​ឆ្កែឆ្កួត ដែល​បណ្តាលមកពី​ឆ្កែ​ខាំ​!

បានផុស

នៅ

​ជំងឺ​ឆ្កែឆ្កួត ដែល​បណ្តាលមកពី​ឆ្កែ​ខាំ​(LA RAGE DECLAREE) គឺជា​ជំងឺ​រលាក​ខួរក្បាល​និង​ខួរឆ្អឹងខ្នង ដែល​បណ្តាលមកពី​វីរុស​ឈ្មោះ Lyssavirus (​នៅក្នុង​ក្រុម Rhabdoviridae) ក៏​ជា​ជំងឺ​មួយ​ធ្ងន់ធ្ងរ ហើយ​បណ្តាល​ឲ្យ​អ្នកជំងឺ​ស្លាប់​១០០% នៅ​ពេលចេញ​រោគសញ្ញា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​របាយការណ៍​រប​ស់​អង្គការ​សុខភាព​ពិភពលោក​នៅ​ឆ្នាំ​២០១៧ នៅលើ​ពិភពលោក​ជំងឺ​ឆ្កែឆ្កួត ដែល​បណ្តាលមកពី​ឆ្កែ​ខាំ ស្លាប់​ប្រហែល ៥៩០០០​នាក់​ក្នុង​មួយ​ឆ្នាំ ជាពិសេស​នៅ​ក្នុង​តំបន់​អាស៊ី​និង​អាហ្វ្រិក​។​

​ក​) មូលហេតុ និង​ការចម្លង​៖

– ការចម្លង​វីរុស​ជំងឺ​ឆ្កែឆ្កួត​ពី​សត្វ​មក​មនុស្ស ដោយសារ​ការ​ខាំ (morsure), ខ្វាច (griffure), លិ​ត​លើ​ដំបៅ​ឬ​របួស (léchage) ដែល​៩៩%​តាមរយះ​សត្វ​ឆ្កែ​ដែលមាន​ផ្ទុក​វីរុស​ឆ្កែឆ្កួត​

– ការចម្លង​វីរុស​ជំងឺ​ឆ្កែឆ្កួត​ពី​មនុស្ស​មក​មនុស្ស​ គឺជា​ក​រ​ណី​មួយ​កម្រ​មាន​។ តែ​អាច​ឆ្លង​ពី​ម្តា​យមក​កូន​នៅ ពេល​មាន​ផ្ទៃពោះ​។​

​ខ​) រោគសញ្ញា​និង​ការបង្ក​រោគ​៖

១) ការបង្ក​រោគ (Période d’incubation)៖ ចាប់ពី​ពេល​ឆ្កែ​ខាំ​រហូតដល់​ពេលចេញ​រោគសញ្ញា មានការ​ប្រែប្រួល​ពី​៧​ថ្ងៃ​រហូតដល់​លើសពី​១​ឆ្នាំ​។ តែ​ជា​មធ្យម​ប្រហែល​ពី​១៥​ថ្ងៃ​ដល់​៦០​ថ្ងៃ​។​

២) រោគសញ្ញា (Symptômes)៖

– រោគសញ្ញា​ដំបូង (Période prodromique) មាន​រយៈពេល​ពី​២​ថ្ងៃ​ទៅ​១០​ថ្ងៃ​៖

• មាន​ការឈឺ​ចុកចាប់​នៅ​កន្លែង​ខាំ​បែប​រមាស់ ក្តៅ ឬ​ស្ពឹក​

• ជួន​មាន​ក្តៅខ្លួន ជួន​អត់​មាន​ក្តៅខ្លួន​

• អត់ឃ្លាន​ចំណីអាហារ ចង្អោរ ក្អួត រាគ​

• ឈឺក្បាល វិលមុខ តប់ប្រមល់​ក្នុង​ខ្លួន ដេក​មិន​លក់ យល់សប្តិ វង្វេងៗ​

– រោគសញ្ញា​ដំណាក់កាល​បន្ទាប់មកទៀត (Période d’état) គឺជា​ដំណាក់​កាលដែល​រលាក​ខួរក្បាល​និង​ខួរឆ្អឹងខ្នង​ដែលមាន​រោគសញ្ញា​ដូចតទៅ​៖

• អ្នកជំងឺ​គ្រប់គ្រង​ខ្លួនឯង​លែង​បាន​

• អ្នកជំងឺ​នៅ​មិន​ស្ងៀម​មាន​ចលនា​រហូត (Hyperactivité)

• រោគសញ្ញា​ពិសេស​របស់​ជំងឺ​ឆ្កែឆ្កួត​គឺ​៖ ខ្លាច​ទឹក (hydrophobie) និង​ខ្លាច​ខ្យល់ (aérophobie)

• ចេញ​ទឹកមាត់​ច្រើន (Hypersalivation) ចេញ​ញើស​ច្រើន ចេញ​នោម​អត់​ដឹងខ្លួន​

• ពិបាក​លេប​ចំណីអាហារ (Dysphagie)

• មាន​ប្រកាច់ (convulsions) រហូតដល់​សន្លប់​(Coma)

• ការស្លាប់​ជា​មធ្យម​៥ ថ្ងៃ​ក្រោយពី​ចេញ​រោគសញ្ញា​ណាមួយ​ខាងលើនេះ​

​គ​) ការព្យាបាល​ក្រោយពី​ឆ្កែ​ខាំ​៖

– ក្រោយពី​ឆ្កែ​ខាំ​ភ្លាម​ត្រូវ​លាង​សំអាត​មុខរបួស​ ដោយ​ទឹក​និង​សាប៊ូ​យ៉ាងតិច​បំផុត​ក៏​១៥​នាទី​ដែរ បន្ទាប់មក​លាង​សំអាត​ជាមួយ​ទឹក​ថ្នាំ​សម្លាប់​មេរោគ​ដូចជា អាល់កុល ឬ​អ៊ីយ៉ូត​

– មិនត្រូវ​ដេរ​របួស​ដែល​ឆ្កែ​ខាំ​

– ចាក់​វាក់​សាំង​ការពារ​តេតាណូស​

– ព្យាបាល​ដោយ​ថ្នាំ​ផ្សះ (​បើ​ចាំបាច់​)

– ការចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​ឆ្កែឆ្កួត (​យក​ល្អ​ត្រូវធ្វើ​ក្នុង​២៤​ម៉ោង​ក្រោយពី ឆ្កែ​ខាំ​ឬ​ប៉ះពាល់​ជាមួយ​សត្វ​ដែល​យើង​សង្ស័យថា​ មាន​ផ្ទុក​មេរោគ​ឆ្កែឆ្កួត​)

– ជួប​ប្រឹក្សា​យោបល់​ជាមួយ​វេ​ជ្ជេ​បណ្ឌិត​ដែល​នៅ​ជិត​អ្នក​

​ឃ​) វិធានការ​ការពារ​៖

– ការការពារ​ជំងឺ​ឆ្កែឆ្កួត​គឺ​ផ្អែកលើ​ការចាក់​ថ្នាំ​បង្ការ​

– ចាក់​វ៉ាក់សាំង​ការពារ​ប្រឆាំង​វីរុស​ឆ្កែ​ឆ្កូត ចំពោះ​សត្វ​ដែល​យើង​ចិញ្ចឹម​(​ឆ្កែ ឆ្មា ជាដើម​)​ឲ្យ​បាន​ទៀងទាត់​

– ចាក់​វ៉ាក់សាំង​ការពារ​មុន ចំពោះ​អ្នក​ដែល​មាន​ហានិភ័យ​ខ្ពស់​ចំពោះ​ជំងឺ​ឆ្កែឆ្កួត​ដូចជា​៖​ពេទ្យសត្វ បុគ្គលិក មន្ទីរ​ពិសោធ​ន៏​ឯកទេស អ្នក​រស់​ជាមួយ​សត្វ​

– ជៀសវាង​កុំឲ្យ​ ឆ្កែ ឬ ឆ្មា​ខាំ ឬ​លិ​ត​លើ​របួស​ឬ​ដំបៅ​។​

– ចាក់​វ៉ាក់សាំង​ការពារ​ក្រោយពី​ឆ្កែ​ខាំ​(Prophylaxie post-expositionnelle)​។​

​ប្រសិនបើ​លោកអ្នក​មាន​ឆ្កែ​ខាំ ឬ សត្វ​ដែល​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ ហើយ​ស៊ីសាច់​ជា​អាហារ​ខាំ សូម​មក​ពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖​​ គ្រួស​ក្នុង​ថង់ទឹកប្រមាត់ ពិតជា​ជំងឺ និង​ក្តីបារម្ភ​មែនដែរ ឬទេ​?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម