Connect with us

ព័ត៌មានជាតិ

ជំនឿស្រោចទឹកលើករាសី មានប្រភពមកពីប្រាសាទនាគព័ន្ធ

បានផុស

នៅ

ប្រាសាទនាគព័ន្ធ ​ត្រូវ​បាន​គេ​ជឿជាក់​ថា​ជា​កន្លែង​លាង​បាប​កាល​ពី​សម័យ​បុរាណ តាម​រយៈ​ភស្តុតាង​បង្ហាញ​នៅក្នុង​សិលាចារឹក។

បុរាណវិទូ​នៃអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ​​ពិធី​លាង​បាបនៅប្រាសាទនាគព័ន្ធ​​ នៅ​តែមាន​​​ឥទ្ធិពល​​បន្ត​​រហូតមកដល់​សព្វថ្ងៃ ប៉ុន្តែ​​បាន​ផ្លាស់​ប្តូរ​ទម្រង់​នៃកា​រៀបចំ​ពិធី​មួយ​ចំនួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា សារិទ្ធ បុរាណវិទូ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​

លោក ជា សារិទ្ធ បុរាណវិទូ​ និងជា​​មន្រ្តីផ្នែកអភិរក្សប្រាសាទនៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឲ្យ​ដឹង​ថា កាលពី​សម័យបុរាណ ការលាង​បាប​​នៅប្រាសាទ​នាគព័ន្ធ​ត្រូវនិមន្ត​ព្រះសង្ឃឬអាចារ្យមកធ្វើកិច្ច​ពិធី។

លោកថា ការ​រៀបចំ​កិច្ច​ពិធី​លាង​បាប គឹ​​តាមរយៈ​ស្រះ​ទាំង ៥ ដែ​ល​មាន​ទំនាក់ទំនង​គ្នា​​ភ្ជាប់​ពី​ស្រះ​កណ្តាល​ទៅ​ស្រះ​តូច​ទាំង ៤ ដែល​មាន​ដំបូលនិង​​ទរ​​បង្ហូរទឹកមួយ​​។

ក្នុង​កិច្ច​ដំណើរការពិធី​​គឺ​ព្រះសង្ឃឬអាចារ្យ នឹង​ធ្វើ​​នៅ​លើ​ជណ្ដើរ​​ស្រះ​ធំដែលមានមាត់ទ​រមួយ​​លម្អ​​ជា​​ទេវរូបភេទស្រី (នៅ​សល់នៅទរខាងកើត)។​ ពេលធ្វើពិធី​រួច គេ​​ដួស​​ទឹក​ចាក់​តាម​​ទរ​ ហើយ​យើង​ចូល​ទៅ​ត្រងទឹក​ចេញពី​មាត់ដំរី មនុស្ស សឹង្ហ និងមាត់សេះ យក​មក​លាង​ជម្រះកាយ។

លោក​ប្រៀបធៀប​បច្ចុប្បន្ន​​នេះ​មានកែប្រែ​ការធ្វើពិធី​មួយចំនួន ដោយគេ​ច្រើនតែនាំគ្នាដង​ទឹក​ពី​ក្នុងស្រះ​ទៅ​ប្រគេន​ព្រះសង្ឃ ដើម្បី​ឱ្យលោក​ធ្វើកិច្ចប្រសិទ្ធីដើម្បី​លាង​ជម្រះ។

ពិធី​លាងបាបកាលពី​សម័យបុរាណបានក្លាយមកជាការ “ស្រោច​ទឹក​លើក​រាសី” តាម​បែប​អ្នក​អង្គរ ឬ “ការ​រំដោះគ្រោះ” តាម​​បែបអ្នកភ្នំពេញ នៅពេលដែលជួបគ្រោះថ្នាក់ ធ្វើការ​មិន​សូវ​រលូន ឬ​មានរឿងដាក់ខ្លួនជាដើម។

ពាក់ព័ន្ធ​ជំនឿនេះ​​មាន​ភាព​ស័ក្តិសិទ្ធិកម្រិត​ណា លោក ជា សារិទ្ធ​ បញ្ជាក់ថា​​គឺអាស្រ័យ​ទៅលើ​ការជឿជាក់​របស់បុគ្គលម្នាក់ៗ។ យ៉ាងណា សម័យបុរាណ ជំនឿនិង​សាសនា​មាន​ភាពជឿជាក់​​មុតមាំ​ខ្លាំងក្លា​ណាស់។

«ភស្តុតាង​គឺ​បើគ្មានជំនឿមុតមាំទេ ដូនតា​យើង​ក៏​មិន​ចំណាយ​ពេល​រាប់​សិប​ឆ្នាំ កម្លាំង​ពលកម្ម និងការផ្គត់ផ្គង់​អាហារដ៏មហាសាល ដើម្បីសាងសង់ប្រាសាទធំៗដូចជា នាគព័ន្ធ អង្គរវត្ត ឬ​បាយ័ន​នោះឡើយ»។ លោក ជា សារិទ្ធ បញ្ជាក់។

​ប្រាសាទនាគព័ន្ធ ក្រៅតែ​ជា​ទីតាំងស័ក្កសិទ្ធ​​សម្រាប់ការ​រៀបចំ​ពិធី​​លាងបាបលើករាសីកាល​ពីបុរាណ​ អ្នកស្រុក​ក៏មាន​​ជំនឿ​មួយទៀតគឺ​ពិធី​សុំទឹកភ្លៀង នៅ​ពេល​ស្រុក​ទេស​ជួបប្រទះ​គ្រោះ​រាំងស្ងួត​ខុស​ពី​ធម្មតា ដែល​អ្នក​ស្រុក​តែងតែ​ប្រមូល​ផ្ដុំ​គ្នា​ធ្វើពិធី​តាម​បែប​ជំនឿ​បែប​ជីវចលដោយ​មានការ​លេងភ្លេង និង​សូត្រមន្ត។

ពិធីសុំ​ទឹកភ្លៀង​នេះ​​អ្នក​​ស្រុក​ហៅថា ​“ចាក់ត្រពោក​រាហូ” ​​ដែល​តែង​ធ្វើ​​ឡើង​ក្រោយរដូវចូលឆ្នាំ ឬក្រោយពិធីឆ្លងចេត្រ ដោយ​​មាន​ការ​ចូលរួម​ពីអ្នក​ភូមិ​ជុំវិញដូច​ជា ​ភូមិ​លាងដៃ ភូមិ​ភ្លង់ និង​ភូមិ​តាប្រុក ​ដោយ​​មានរៀបចំ​​កិច្ច​ពិធីបែប​សាសនា​ផង​ដែរ​។

ប្រាសាទនាគព័ន្ធត្រូវបានសាងសង់ឡើងនៅរាជ្យ​ព្រះបាទជ័យវរ្ម័នទី៧ ក្នុងអំឡុង​ឆ្នាំ ១១៩១ ដើម្បីឧទ្ទិសថ្វាយព្រះពុទ្ធសាសនា​មហាយាន។

​សាងសង់​ឡើងនៅចំកណ្តាលបារាយណ៍ «ជ័យតដាក» ឬវាលរាជដាក (បារាយណ៍ខាងជើង ឬបារាយណ៍​នាគព័ន្ធ) ភ្ញៀវ​ទេសចរជាតិនិងអន្តរជាតិ អាចធ្វើដំណើរទៅទស្សនាប្រាសាទនាគព័ន្ធ ដោយដើរឆ្លងកាត់ស្ពានឈើដែលមានប្រវែងជិត ២០០ ម៉ែត្រ។

ការ​ដើរកាត់ស្ពាន​ឈើ​មក​ទស្សនា​ប្រាសាទនាគព័ន្ធ​ ភ្ញៀវទេសចរអាចគយគន់ផ្ទៃទឹកដែលមានផ្កាឈូក រុក្ខវារីជាតិផ្សេងៗ ហើយមិនអាចភ្លេចបាន​គឺ​មក​​ថត​ថ្ងៃ​លិច​​ឆ្លុះ​ជាមួយស្ពានសាងសង់កាត់បារាយណ៍ហុំព័ទ្ធ​ដោយ​​លំហ​ទឹកល្ហរល្ហេវ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម