ម្ចាស់ក្សត្រី Suthida Bajrasudhabimalalakshana ជាព្រះមហេសីបច្ចុប្បន្ន នៃព្រះមហាក្សត្រថៃ Maha Vajiralongkorn ធ្លាប់ជាអង្គរក្សនៃព្រះរាជាផ្ទាល់។
ខាងក្រោមជាកម្រងរឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍មួយចំនួនរបស់ទ្រង់៖
១. ម្ចាស់ក្សត្រី Suthida ជាមហេសីទី៤
មុនពេលព្រះនាង Suthida តែងតាំងជាម្ចាស់ក្សត្រី ព្រះរាជា Vajiralongkorn បានអភិសេកជាមួយមហេសីទី១ ព្រះនាង Soamsawali Kitiyakara (ឆ្នាំ ១៩៧៧-៩៩៣) មហេសីទី២ព្រះនាង Sujarinee Vivacharawongse (១៩៩៤-១៩៩៦) និងទី៣ព្រះនាង Srirasmi Suwadee (២០០១-២០១៤) ។
អាពាហ៍ពិពាហ៍មុនទាំងអស់ត្រូវបានបញ្ចប់ដោយការលែងលះ។ រីឯម្ចាស់ក្សត្រី Suthida បានរៀបអភិសេកជាមួយព្រះមហាក្សត្រនៅខែ ឧសភា ឆ្នាំ ២០១៩ ។
២. ម្ចាស់ក្សត្រី Suthida ធ្លាប់ជាអ្នកបម្រើតាមយន្តហោះនិងជាអង្គរក្សបរមរាជវាំង
ព្រះមហេសី Suthida ជាអតីតនារីអាកាសចរក្រុមហ៊ុន JALways Airlines កាលពីឆ្នាំ ២០០០ ដល់ ២០០៣ ក្រោយមកទ្រង់ធ្វើការឲ្យក្រុមហ៊ុន Thai Airways ពីឆ្នាំ ២០០៣ ដល់ ២០០៨ ។
ក្នុងឆ្នាំ ២០១៣ ព្រះក្សត្រីអង្គនេះ បានចូលបម្រើការជាមួយក្រុមឆ្មាំអង្គរក្សក្នុងវាំង និងត្រូវបានតែងតាំង ជាអង្គភាពពិសេសនៃកងអង្គរក្សរបស់ព្រះអង្គម្ចាស់ Crown។ នៅខែសីហាឆ្នាំ ២០១៥ ព្រះនាងត្រូវបានដំឡើងឋានន្តរសក្ដិជាឧត្ដមសេនីយ៍ត្រី។ ក្រៅពីនោះ ទ្រង់ក៏បានចូលរួមក្នុងកងយោធពលបរមរាជវាំង និងត្រូវបានដំឡើងឋានៈជាឧត្ដមសេនីយ៍ឯកក្នុងឆ្នាំ ២០១៦ ។
៣. ការរៀបអភិសេកដ៏ភ្ញាក់ផ្អើល
ការអភិសេកជាមួយមេអង្គរក្សនៅត្រឹមពីរបីថ្ងៃមុន ពិធីឡើងគ្រងរាជ្យ បានក្លាយជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលទូទាំងប្រទេសថៃ ព្រោះព្រះរាជវាំងពុំធ្លាប់បញ្ជាក់ពីទំនាក់ទំនងមួយនេះឡើយ។ ទោះយ៉ាងណា ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានតភ្ជាប់ត្រឡប់ទៅក្រោយ រួចឃើញថា នៅខែតុលា ឆ្នាំ ២០១៦ ព្រះមហេសីនិងព្រះរាជា ធ្លាប់ត្រូវបានគេឃើញជិតស្និទ្ធនឹងគ្នាញឹកញាប់ដែរ។
៤. ការរិះគន់មហាក្សត្រិយានីនិងសមាជិករាជវង្សត្រូវជាប់ទោសបទឧក្រិដ្ឋ
ប្រទេសថៃមានច្បាប់ដាក់ទោសទណ្ឌយ៉ាងតឹងរ៉ឹងចំពោះជនណាដែលបរិហារកេរ្តិ៍ ប្រមាថ ឬរិះគន់សមាជិកណាមួយនៃគ្រួសាររាជវង្សថៃ។ ការផ្តន្ទាទោសអាចបណ្តាលឲ្យជាប់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ។
ក្នុងនោះក្រុមសិទ្ធិមនុស្សបានធ្វើការតវ៉ាលើច្បាប់នេះ ប៉ុន្តែលោកនាយករដ្ឋមន្ត្រីបានអះអាងថា វាពិតជាចាំបាច់ដើម្បីការពារគ្រួសាររាជវង្ស មិនអាចលុបចោលឡើយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ SCMP
ចុចអាន៖រឿងពិតគួរឲ្យភ្ញាក់ផ្អើលទាំង ១០ អំពីរ៉ែមាស
ចុចអាន៖ជីវិតពិត Angelina Jolie ក្លាយជាមាតាសប្បុរសក៏ព្រោះប្រទេសកម្ពុជា