លោកគ្រូ ម៉ិច សីហា ៖ អ្នករកស៊ីឆ្លាត ជាអ្នករកស៊ីដែលស្គាល់បន្ទាត់ក្រហម មិនឲ្យផុងខ្លួននឹងបំណុល
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

លោកគ្រូ ម៉ិច សីហា ៖ អ្នករកស៊ីឆ្លាត ជាអ្នករកស៊ីដែលស្គាល់បន្ទាត់ក្រហម មិនឲ្យផុងខ្លួននឹងបំណុល

បានផុស

នៅ

អ្នកជំនាញផ្នែកអប់រំ និងបណ្ដុះបណ្ដាលមួយរូប បានលើកឡើងថា អ្នករកស៊ីដែលឆ្លាត គឺជាអ្នករកស៊ី ដែលស្គាល់​បន្ទាត់​ក្រហម មិនឲ្យផុងខ្លួននឹងបំណុល ហើយថាអ្នករកស៊ី ដែលឆ្លាតគេស្វែងរកចំណេះវិជ្ជាជាមុនសិន ទើបគេ​ចាប់ផ្ដើមចេញរកស៊ី។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកគ្រូ ម៉ិច សីហា អគ្គនាយកវិទ្យាស្ថានអន្តរជាតិikey បានឲ្យដឹងនៅថ្ងៃទី២០ ខែតុលានេះថា​ ឲ្យតែជាបំណុល មិនដែលល្អនោះទេ គឺអាក្រក់ទាំងអស់ គ្រាន់តែនៅពេលដែលយើងចេញរកស៊ី យើងអត់មានដើមទុន ឬក៏យើងខ្វះដើមទុន។ ដូច្នេះ យើងត្រូវខ្ចីបំណុលពីគេមករកស៊ី ដោយពឹងផ្អែកទៅលើសេដ្ឋកិច្ច ពឹងផ្អែកទៅលើក្រុមការងារ ពឹងផ្អែកទៅលើការ​ប្រកួតប្រជែង ចំណេះជំនាញ ទេសកោសល្យ និងវិជ្ជាជីវៈជាដើម។

បន្ទាប់មកយើង យកផលចំណេញដែល​ទទួល​បាន ទៅសងម្ចាស់បំណុលវិញ ហើយនៅពេលយើងសងគេវិញ និង​រក​ស៊ីជោគជ័យនោះ លោកគ្រូ ម៉ិច សីហា យល់​ថា ជាបំណុលល្អ។ តែបើយើងរកស៊ីមិនជោគជ័យវិញ យើងយកអ្វី​ទៅ​បញ្ចាំគេ គឺយើងលក់សងគេវិញទៅ។

អគ្គនាយកវិទ្យាស្ថានអន្តរជាតិikey បានលើកឡើងថា «ហើយយើងហ៊ានស៊ី ហ៊ាន​សងតែប៉ុណ្ណឹង ហ៊ានស៊ី ហ៊ានសង ព្រោះអីពេលដែលយើងខ្ចីបំណុលទៅរកស៊ី ឬក៏ខ្ចីទៅធ្វើអីមួយ មានន័យថា យើង ដូចឡើងសៃវៀនប្រដាល់ចឹង អាហ្នឹងខ្ញុំនិយាយភាសាគ្រាមៗ ឲ្យងាយយល់ មិននិយាយភាសាទ្រឹស្ដីវែងឆ្ងា​យ​ទេ ដូចឡើងប្រដាល់អញ្ចឹង តែហ៊ានវាយ ហ៊ានចាញ់ហើយ អ្នករកស៊ីតែហ៊ានខ្ចីលុយគេហើយ ដាក់របស់ហើយ តែ​ដួលៗ ហើយ អស់ហើយ អាហ្នឹងមានអី»។

នៅពេលសួរថាតើ យើងត្រូវគ្រប់គ្រងបំណុលបែបណាដែរ ទើបជាការគ្រប់គ្រងត្រឹមត្រូវនោះ? លោកគ្រូ ម៉ិច សីហា មានប្រសាសន៍ថា យើងអត់និយាយពីការគ្រប់គ្រងបំណុលទេ យើងនិយាយពីលទ្ធភាពដំបូង នៅពេលដែលយើងទៅ​ខ្ចី​លុយគេ ហើយនឹងនិយាយយើងទៅមុខមិនដល់ ប្រើត្រឹមខ្សែបន្ទាត់ក្រហម។

លោកថា «ចឹងមនុស្សម្នាក់ៗ យើង​ឲ្យ​ចម្លើយអត់ត្រូវទេកន្លែងនេះ យើងសួរថា ខ្សែបន្ទាត់ក្រហមរបស់មនុស្សម្នាក់ៗ នៅកន្លែងណា អញ្ចឹងឧទាហរណ៍ថា បុគ្គល ក ចុះ គាត់រកស៊ី គាត់ទៅខ្ចីលុយគេ ១០ម៉ឺនដុល្លារ អញ្ចឹងគាត់យក​ប្លង់​ផ្ទះមួយតម្លៃ ២០ម៉ឺនយកទៅ យក​ទៅ​​ដាក់ ហើយបានលុយ ១០ម៉ឺនរកស៊ី ចឹងគាត់រកស៊ីបរាជ័យ ដល់បន្ទាត់ក្រហម ចឹងជម្រើសរបស់គាត់ មានពីរ ទី១ លក់ផ្ទះសងគេ ទី២ ទៅរកដៃគូវិនិយោគ ចឹងគាត់លក់ផ្ទះសងគេ គាត់ទៅនៅឯ​ណា គាត់ទិញផ្ទះ ២០ម៉ឺន គាត់ទៅទិញផ្ទះណា ១០ម៉ឺនទៅ ហើយគាត់ចាប់ផ្ដើម កវែង កឆ្នាំង ពីសាមញ្ញទៅវិញ​ទៅ ពីព្រោះគាត់ដឹងថា លទ្ធភាពរបស់គាត់ហ្គេមមួយនេះ ទៅអត់ដល់ទេ ហ្គេមពាណិជ្ជកម្មមួយនេះ ទៅអត់រួចទេ ចឹងឈប់រកទៅ ចឹងគាត់ទៅរកអី ដែលសមនឹងសមត្ថភាព»។

តាមលោកគ្រូ ម៉ិច សីហា មនុស្សយើងបំណុលលុយ មិនសំខាន់ប៉ុន្មាននោះទេ សំខាន់គឺបំណុលវិជ្ជាទៅវិញទេ ដោយ​​ខ្លួន​ឯងគ្មានសមត្ថភាព ទៅដល់កម្រិតនោះផង ចេះតែនឹកឃើញចង់ធ្វើដែរ។ លោកបន្តថា បំណុលសម្បត្តិ​វាមិនសំខាន់ ជាងបំណុលវិជ្ជានោះទេ បើអត់មានវិជ្ជាទេ គឺចប់ហើយ។

អគ្គនាយកវិទ្យាស្ថានអន្តរជាតិikey រូបនេះ បានលើកឡើងបន្តទៀតថា «ហើយបើយើងនិយាយកត្តា ជំរុញ​ផ្សេង​ទៀត ថាបើសិនជាគាត់ធ្លាក់ដល់បំណុលហ្នឹងហើយ អញ្ចឹងគាត់អត់ចង់លក់ផ្ទះទេ តែគាត់មានដៃគូមួយទៀត មក​វិនិយោគ មកជ្រែងពាណិជ្ជកម្មហ្នឹង ហើយដៃគូហ្នឹងអាចវិនិយោគបានតទៅមុខ ជាលក្ខណៈ Shareholder ពីមុន​ធ្លាប់ ១០០ហ៊ុន ឥឡូវសល់ ៥០ហ៊ុនម្នាក់ ហើយជ្រែងលុយ ៥០ហ៊ុនហ្នឹងតទៅមុខទៀតទៅ អាហ្នឹងគេហៅថា ការជ្រែងពាណិជ្ជកម្ម»។

លោកគ្រូ ម៉ិច សីហា អគ្គនាយកវិទ្យាស្ថានអន្តរជាតិikey បានគូសបញ្ជាក់ថា «និយាយរួមទៅ បើសិនជាយើងយកបំណុលមួយម៉ាត់ មិនដឹងថាយកបំណុលស្អីគេ យកទៅទិញស្អី លក់ស្អី ខ្ចីលុយអី យើងអត់ដឹង តែបើនិយាយពីបំណុល​​រកស៊ី គឺអាហ្នឹងធ្វើសម្មកម្មវិភាគវែងណាស់ តែបើយើងនិយាយថា យកលុយបំណុលមិនមែនទៅរកស៊ីទេ គ្រាន់តែខ្ចីទិញរបស់របរ ខ្ចីអីទេ អាហ្នឹងរកថ្ងៃណា សងគេថ្ងៃហ្នឹង ពីព្រោះយើងនិយាយខ្លី អញ្ចេះងាយយល់ម៉ង យើងខ្ចីលុយគេ យើងស្រលាញ់លុយ បានយើងទៅខ្ចីគេ ដើម្បីយកមករកស៊ី តែម្ចាស់បំណុល ក៏គេស្រលាញ់គេដែរ ហើយលុយគេក៏មិនមែនបោះពុម្ពដែរ គេត្រូបង្វិលពីណេះ ទៅណុះ ជួនកាលគេត្រូវជំពាក់ណេះ ណុះដែរ គេត្រូវដល់ថ្ងៃសងគេដែរណា៎ យើងស្រលាញ់កិត្តិយស គេក៏ស្រលាញ់កិត្តិយស អញ្ចឹងបានថា វាជាបញ្ហាចោទហើយ និយាយរួមទៅ មនុស្សដែលគេឆ្លាត គេរកស៊ី មិនអាចឲ្យខ្លួនគេផុងនឹងបំណុលទេ គេរកវិជ្ជាសិន ដើម្បីចេះគ្រប់គ្រងថាតើពេលណា ទើបប្រើលុយ ពេលណាមិនប្រើលុយ អ្នករកស៊ីគេឆ្លាតៗណាស់ រឿងប្រើលុយ»៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services