អ្នកចូលចិត្តសាច់អាំងនិងនិយមលេងអ៉ិនធើណេត ប្រាកដជាស្គាល់ Salt Bae ច្បាស់ ដោយសារហាងសាច់អាំងរោយអំបិលដ៏ល្បីល្បាញរបស់លោក ដែលមានទីតាំងនៅ New York, Dubai, Istanbul និងទីតាំងផ្សេងទៀត នៅជុំវិញពិភពលោក។
មានឈ្មោះពិតថា Nusret Gökç បានក្លាយជាអ្នកនិយមអ៊ីនធឺណិត ហើយមនុស្សជុំវិញពិភពលោកបានសម្រុកចូលភោជនីយដ្ឋានរបស់លោក ដោយសារតែស្នាដៃអំបិលលើអាហារដ៏ចំណាន។
Salt Bae បានបម្រើអាហារដល់តារាល្បីៗ និងអ្នកនយោបាយមកពីជុំវិញពិភពលោក ឲ្យបានស្គាល់ពីស្នាដៃអាំងសាច់រោយអំបិល។ ដូច្នេះវាមិនមែនជារឿងចម្លែកទេ ដែល Nusret មានទ្រព្យសម្បត្តិច្រើន និងទទួលបានការចាប់អារម្មណ៍ពីភាពជោគជ័យទាំងអស់របស់លោក នៅក្នុងជាជីពជាចុងភៅ។
កើតនៅថ្ងៃទី ៩ ខែសីហា ឆ្នាំ ១៩៨៣ ក្នុងគ្រួសារជនជាតិ Kurdish នៃក្រុង Erzurum ប្រទេសតួកគី លោកបានឈប់រៀននៅអាយុ ១១ ឆ្នាំ ហើយក្លាយជាកូនជាងកាត់សាច់ និងជួយផ្នែកហិរញ្ញវត្ថុរបស់គ្រួសារ។ ពេលនោះហើយ គឺជាអំឡុងពេលដែលលោកត្រូវបានបំផុសគំនិត ឲ្យក្លាយជាចុងភៅ។
ក្នុងឆ្នាំ ២០០៩ Gokce បានផ្លាស់ទៅ Buenos Aires ជាកន្លែងដែលលោកធ្វើការនៅភោជនីយដ្ឋានមួយ ហើយបានស្វែងយល់បន្ថែមអំពីឧស្សាហកម្មសាច់។
បន្ទាប់មកនៅឆ្នាំ ២០១០ នៅអាយុ ២៧ ឆ្នាំ លោកបានបើកហាងសាច់អាំង Nusr-Et ដំបូង នៅក្នុងសង្កាត់នៃទីក្រុងអ៊ីស្តង់ប៊ុល។
មិនយូរប៉ុន្មាន ពាណិជ្ជករទួកគីម្នាក់ បានញ៉ាំអាហារនៅភោជនីយដ្ឋានរបស់លោក ហើយមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងបានបណ្ដាក់ទុន បើកទីតាំងបន្ថែមទៀតជាមួយលោក។
ក្នុងឆ្នាំ ២០១៧ កេរ្តិ៍ឈ្មោះរបស់លោក បានកើនឡើង បន្ទាប់ពីវីដេអូរបស់ Salt Bae កំពុងរៀបចំអាហារត្រូវបានបង្ហោះនៅលើ Instagram និង Twitter នៅក្នុងភោជនីយដ្ឋានរបស់លោក។ អាកប្បកិរិយាប្រកបដោយទំនុកចិត្ត និងវិធីដែលលោកប្រោះអំបិលលើអាហារ បានធ្វើឲ្យវីដេអូនេះ រីករាលដាល ហើយឈ្មោះ Salt Bae ត្រូវបានគេដាក់រហស្សនាមនិងស្គាល់យ៉ាងច្បាស់ ដោយសារភាពល្បីល្បាញតាមអ៊ីនធឺណិត និងទីតាំងដែលលោកបានបើក កាន់តែច្រើននៅជុំវិញពិភពលោក។
គិតត្រឹមឆ្នាំ ២០២១ ទ្រព្យសម្បត្តិសុទ្ធរបស់បុរសវ័យ ៣៨ ឆ្នាំនេះ គឺប្រហែល ៦០ លានដុល្លារ (៤៤ លានផោន) ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ចង់ស្គាល់ភោជនីយដ្ឋានរបស់Salt Bae បុរសម្នាក់ស្លុតចិត្ត ពេលគិតលុយ
ចុចអាន៖មុនឆ្នាំ ២០៥០ រឿងដ៏អស្ចារ្យទាំងនេះ នឹងកើតឡើងលើពិភពលោក
ចុចអាន៖ខណៈជោគជ័យក្នុងបច្ចុប្បន្ន តែក្រុមហ៊ុនល្បីៗទាំងនេះ ធ្លាប់ជួបបញ្ហាធំក្នុងអំឡុងឆ្នាំ ២០១៧