Connect with us

KPT+

កម្រងជីវិត៖ យុវតី សម្ដែងតួប្រុស “ព្រះបាទជ័យវរ្ម័នទី៧” ជម្នះឧបសគ្គ អភិរក្សសិល្បៈបុរាណ

បានផុស

នៅ

កាយវិការរាំត្រូវចង្វាក់យ៉ាងស្វាហាប់ ទឹកមុខម៉ឺងម៉ាត់រឹងមាំពោរពេញដោយអំណាច គ្រងឈុតព្រះមហាក្សត្រសម័យអង្គរយ៉ាងសង្ហា រួមផ្សំនឹងវង់តន្ត្រីពិណពាទ្យប្រគុំយ៉ាងរណ្ដំ ពិតជាបានខាបអារម្មណ៍ទស្សនិកជនទាំងឡាយឱ្យរសាត់ត្រសែតហាក់បានឆ្លងភពទៅដល់សម័យចក្រភពអង្គរដ៏រុងរឿងរបស់ខ្មែរយ៉ាងពិតប្រាកដ។ នារីសម្ដែងជាបុរស តួអង្គ ព្រះបាទជ័យវរ្ម័នទី៧ ក្នុងទម្រង់ល្ខោនក្បាច់បុរាណខ្មែរ រូបនេះគឺនាង “សាវ៉ាត ស្រីឡែន”។​​​​​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុវតីវ័យជិត ១៧ ឆ្នាំរូបនេះបានឱ្យដឹងថា មុននឹងអាចរាំជាតួឯកក្នុងល្ខោនហ្លួង ឬល្ខោនក្បាច់បុរាណខ្នាតធំ រឿង “ព្រះបាទជ័យវរ្ម័នទី៧ និងព្រះនាងឥន្ទ្រទេវី” បាន នាងផ្ដើមរាំចេញពីតួសិស្សានុស្សិសរបស់ព្រះនាងឥន្ទ្រទេវី បន្ទាប់មករាំជាតួព្រះនាងជ័យរាជទេវី។ ស្រីឡែន ក៏ចេះរាំរបាំក្បាច់បុរាណមួយចំនួនផងដែរ ដូចជា របាំព្រះថោង របាំបាលុតបាលឹម របាំសារៈប៊ូរង របាំបួងសួង របាំជូនពរ ជាដើមផងដែរ។

កញ្ញា សាវ៉ាត ស្រីឡែន រស់នៅភូមិកោះក្របី ដែលជាអតីតក្នុងខេត្តកណ្ដាល បច្ចុប្បន្នបានកាត់ចូលក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ឪពុកឈ្មោះ សាយ សាវ៉ាត ម្ដាយឈ្មោះ ស៊ិន សុខេង លោកទាំងពីរបានលែងលះគ្នាតាំងពីនាងនៅតូច ដោយសព្វថ្ងៃ ស្រីឡែន រស់នៅជាមួយម្ដាយ នាងបងប្អូនចំនួន ៤ នាក់ ស្រីទាំងអស់។

សិស្សថ្នាក់ទី១០ តែងទទួលចំណាត់ថ្នាក់លេខ១ លេខ២ ប្រចាំខែ និងឆមាស នៃវិទ្យាល័យ Happy Chandara School រូបនេះបានឱ្យដឹងថា បើទោះបីជានាងមិនមានយាយតា ឬសាច់ញាតិខ្សែស្រឡាយជាអ្នកសិល្បៈបុរាណ ឬសិល្បៈសម័យក្ដី ក៏គ្រួសារនាងមិនបានរារាំងហាមឃាត់ ឬក៏បដិសេធមិនឱ្យនាងចូលហាត់រៀនរបាំក្បាច់បុរាណដែរ គឺគ្រួសារគាំទ្រនាងពេញទំហឹង ដោយសារពួកគាត់ដឹងថា ស្រីឡែន ស្រឡាញ់ជំនាញនេះតាំងពីតូច។

កូនស្រីទី៣រូបនេះ និយាយដោយសម្ដីទន់ភ្លន់ និងម៉ឺងម៉ាត់ថា៖ “មូលហេតុខ្ញុំចូលហាត់របាំក្បាច់បុរាណ ព្រោះខ្ញុំស្រឡាញ់ និងចូលចិត្តតាំងពីក្មេង ខ្ញុំចង់ថែរក្សាសិល្បៈវប្បធម៌ ចង់ចេះចង់ដឹងពីក្បាច់របាំខ្មែរ។ ខ្ញុំបានចូលហាត់ដំបូងនៅចុងឆ្នាំ ២០១៩ នៅ សាលារបាំ សម្ដេចនរោត្ដម បុប្ផាទីវី ជាមួយអ្នកគ្រូ ឱម យុវណ្ណឌី តាមរយៈលោកគ្រូភ្លេងឈ្មោះ ពៅ ស្រស់ស្រេង”។

នាដការីវ័យក្មេងរូបនេះ បន្តឱ្យដឹងទៀតថា ចំពោះការចូលហាត់រៀនរបាំក្បាច់បុរាណដំបូង នាងមានអារម្មណ៍ពិបាក និងឈឺខ្លួន ព្រោះត្រូវពត់ដៃពត់ជើងដែលមិនមែនជាទម្លាប់របស់ខ្លួនពីមុនមក។

ស្រីឡែន បានពោលបញ្ជាក់ដោយហួសចិត្ត និងអស់សំណើចតិចៗថា៖ “ពិបាកលើសការស្មាន ក្បាច់ពិបាកៗច្រើន ពិបាកចាំ ត្រូវការគន្លឹះច្រើន ហើយឈឺខ្នង ឈឺខ្លួន ពេលខ្លះរមួលក្រពើ។ ខ្ញុំធ្លាប់យំ ហើយយំខ្លាំងទៀត គឺមានពេលមួយអ្នកគ្រូស្ដីឱ្យខ្លាំង។ ខ្ញុំចង់ឈប់ហាត់ដោយសារអារម្មណ៍ឆួលមួយឆាវ តែពេលគិតចុះគិតឡើងទៅគឺ អត់ឈប់ទេ ព្រោះខ្ញុំយល់ឃើញថា អ្វីដែលអ្នកគ្រូប្រាប់ គឺគាត់ជួយកែណែនាំយើងឱ្យល្អទាំងអស់”។

កញ្ញា សាវ៉ាត ស្រីឡែន បានរម្លឹកឱ្យដឹងថា ពេលអ្នកគ្រូប្ដូរឱ្យនាងមករាំជាតួនាយរោងនោះ នាងមិនរារែកចំពោះការរាំតួប្រុសនេះទេ ព្រោះនាងដឹងខ្លួនថា នាងនឹងហាត់នាយរោងនេះជាក់ជាមិនខាន ដោយសាររូបរាងនាងធំ ហើយខ្ពស់ត្រូវនឹងតួនាយរោងជាងតួនាង។ ស្រីឡែន បានឱ្យដឹងបន្តថា នៅពេលនាងប្ដូរជំនាញពីរាំតួស្រីមករាំតួប្រុស នាងមានមោទនភាព និងសប្បាយចិត្ត និងប្លែកដែរដែលបានរៀនរាំជាតួប្រុសទាំងដែលខ្លួនជាស្រី ហើយក៏ជួបការលំបាកប្លែកផងដែរ។

ស្រីឡែន លើកឡើងដោយហ្មត់ចត់ថា៖ “ការលំបាក គឺលំបាកខ្លាំងមែនទែនសម្រាប់ខ្ញុំ គឺដោយសារតែក្បាច់ប្រុសត្រូវរាំឫកឱ្យសង្ហា មាំ ហើយក្បាច់ធ្ងន់។ ដោយហេតុថា ខ្ញុំធ្លាប់តែហាត់រាំតួនាង (តួស្រី) ១ឆ្នាំជាង ហើយទើបប្ដូររាំតួនាយរោង (តួប្រុស) បានកន្លះឆ្នាំ ខ្ញុំច្រើនច្រទ្បំក្បាច់ ព្រោះក្បាច់នាយរោង បើកធំៗតាមខ្នាត ជាពិសេសគ្រប់ពេលដែលខ្ញុំរាំនាយរោង ខ្ញុំតែងតែចេញឫកនឹមនួន ម៉ិកម៉្ញក់ដូចនាង នេះជាបញ្ហាដែលធ្វើឱ្យខ្ញុំលំបាកក្នុងការហាត់។ ខ្ញុំមិនសូវមានពេលហាត់របាំ ព្រោះត្រូវរៀន (សាលាចំណេះដឹងទូទៅ) ច្រើន មិនអាចសុំច្បាប់សាលាបាន ម៉្យាងខ្ញុំហាត់ទើបតែបាន ២ឆ្នាំ ហើយក្នុងមួយសប្ដាហ៍ហាត់បានមួយថ្ងៃអាទិត្យគត់ ណាមួយកូវីដឆ្នាំទៅ សាលារបាំផ្អាកហាត់ជាច្រើមខែទៀត”។

ចំពោះដំណោះស្រាយ ស្រីឡែន លើកឡើងថា នាងនឹងខិតខំទទួលយកក្បាច់ និងគន្លឹះពីអ្នកគ្រូបន្ថែម ជាពិសេសត្រូវអនុវត្តនៅផ្ទះ ព្រោះនាងគិតថា បើគ្រាន់តែហាត់នៅសាលាមិនអាចទៅមុខទេ លុះត្រាតែខិតខំនៅផ្ទះខ្លួនឯងបន្ថែម។

ស្រីឡែន មិនមានយានជំនិះមធ្យោបាយធ្វើដំណើរមករៀនរបាំដោយខ្លួនឯងទេ នាងត្រូវសុំមិត្តភក្ដិជិះម៉ូតូមកជាមួយ ដែលពីផ្ទះរបស់នាង មកសាលារបាំ មានចម្ងាយផ្លូវជាង ១៣ គីឡូម៉ែត្រ ឬត្រូវចំណាយពេល ពី ៤០ ទៅ ៥០ នាទី។ នៅពេលជិតដល់ថ្ងៃសម្ដែង នាងត្រូវហាត់របាំដល់យប់ ពេលមកផ្ទះវិញ មានការភ័យខ្លាចពីសុវត្ថិភាពនានា ព្រោះតំបន់នាងរស់នៅមានសភាពស្ងាត់។ ប៉ុន្តែអ្វីដែលជាឧបសគ្គធំនៃការហាត់របាំក្បាច់បុរាណសព្វថ្ងៃនេះ គឺកញ្ញា សាវ៉ាត ស្រីឡែន អត់សូវមានពេលច្រើនសម្រាប់ការហាត់ និងការរាំ ព្រោះរាល់ថ្ងៃនាងរៀននៅសាលាអង្គការដែលម្ចាស់ជំនួយឧបត្ថម្ភឱ្យរៀនទាំងចំណេះដឹងទូទៅ និងរៀនភាសា គឺរៀនពេញម៉ោង តាំងពីព្រឹកដល់ល្ងាច។ ពេលខ្លះ អ្នកគ្រូរបាំហៅហាត់រាំ តែនាងត្រូវអាកខានអត់បានទៅហាត់រាំបាន ក៏មាន។

ស្រីឡែន ពោលបន្តថា៖ “ហើយពេលខ្លះខ្ញុំសុំច្បាប់ពីសាលាញឹក ធ្វើឱ្យខាងសាលាសួរនាំរកហេតុផលច្រើន ព្រោះខ្លាចខ្ញុំរៀនធ្លាក់ចំណាត់ថ្នាក់ ឬរៀនខ្សោយ ព្រោះបើខ្ញុំរៀនធ្លាក់ចំណាត់ថ្នាក់ គេនឹងតេ (ហៅទូរស័ព្ទ) មកម៉ែឪ ស្ដីឱ្យពួកគាត់ ថាម៉េចបានឱ្យកូនរៀនខ្សោយ ឬធ្លាក់លេខជាងមុន? ហើយបើគេរកឃើញហេតុផលថា យើងឈប់ច្រើនព្រោះទៅរៀនហាត់រាំ គឺគេអាចឱ្យយើងផ្អាកហាត់រាំសិល្បៈសិន គឺទាល់តែយើងរៀនចប់ថ្នាក់ទី១២ ពេលដែលយើងរៀនចប់ពីសាលាដែលគេឧបត្ថម្ភហ្នឹងសិន ដោយសារពេលនេះ គេចង់ឱ្យយើងផ្ដោតលើការរៀននៅសាលា ច្រើនជាងការរៀនអ្វីផ្សេងទៀត”។

ស្រីឡែន ស្រដីបន្តថា ដោយសារនាងអត់ដឹងត្រូវទៅខាងណា ព្រោះនាងស្រឡាញ់ទាំង២ និងដោយសារនៅក្មេងពេក ពេលខ្លះនាងអត់ទាន់អាចបែងចែកពេលវេលារៀននៅសាលា និងរៀនសិល្បៈបាន ដែលធ្វើឱ្យនាងចង់បោះបង់រៀនរាំម្ដងៗ។ ប៉ុន្តែគិតចុះគិតឡើងទៅ នាងព្យាយាមដោះស្រាយម្ដងមួយគន្លាក់ៗ រហូតដល់បានប្រសើរឡើង គឺរៀនរបាំតែថ្ងៃអាទិត្យ។

តួឯកព្រះបាទជ័យវរ្ម័នទី៧ រូបនេះ សូមសំណូមដល់ប្រជាជនខ្មែរទាំងអស់ទាំងក្នុងស្រុក និងក្រៅស្រុក ចូលរួមលើកកម្ពស់វិស័យសិល្បៈរបាំក្បាច់បុរាណខ្មែរ ឬរបាំព្រះរាជទ្រព្យ ឱ្យបានគ្រប់ៗគ្នា និងកុំអង្គុយចាំតែថា កុំចាំតែស្ដីបន្ទោស ទាំងដែលខ្លួនឯងមិនបានចូលរួមធ្វើ មិនបានចូលរួមថែរក្សានូវវប្បធម៌មួយនេះ។

ស្រីឡែន លើកឡើងថា៖ “នាងខ្ញុំសូមគោរពអរគុណអ្នកមានគុណ ព្រមទាំងសូមអរគុណអ្នកគ្រូ ឱម យុវណ្ណឌី ព្រះ​អង្គ​ម្ចាស់ ស៊ីសុវត្ថិ តេសូ និងបងៗក្នុងក្រុមរបាំ ដែលពួកគាត់បានលើកទឹកចិត្តខ្ញុំ ជួយកែតម្រូវខ្ញុំរហូតមក។ នាងខ្ញុំក៏សូមថ្លែងអំណរអគុណដល់ប្រជាជនខ្មែរទាំងអស់ដែលបានចូលរួមថែរក្សា និងស្រឡាញ់សិល្បៈរបាំក្បាច់បុរាណខ្មែរ និងសូមអគុណភ្ញៀវកិត្តយសដែលបានជួយជាវសំបុត្រចូលរួមទស្សនាក្នុងរឿង “ព្រះបាទជ័យវរ្ម័នទី៧ និងព្រះនាងឥន្រ្ទទេវី។ ខ្ញុំសូមសំណូមពរកូនខ្មែរទាំងអស់មានគំនិតជាតិនិយម និងសូមចូលរួមថែរក្សាសម្បត្តិវប្បធម៌ខ្មែរ ទោះតិចក្ដី ច្រើនក្ដី កុំនិយាយបានតែមាត់ កុំចាំពេលបរទេសលួច ប្រើប្រាស់ និងរក្សាបាន ទើបសោកស្ដាយ”។

ស្រីឡែន មិនយកជំនាញរបាំក្បាច់បុរាណធ្វើជាអាជីពចិញ្ចឹមជីវិតទេ ដោយនាងមានគម្រោងការងារផ្សេង។ ប៉ុន្តែថ្ងៃអនាគត ស្រីឡែននឹងយកជំនាញរបាំក្បាច់បុរាណខ្មែរដែលខ្លួនចេះ ទៅចែកចាយ ផ្សព្វផ្សាយបន្តដល់ក្មេងៗជំនាន់ក្រោយតាមអ្វីដែលនាងអាចធ្វើបាន និងដោយឥតលាក់លៀម ដើម្បីឱ្យពួកគេបានស្គាល់ បានដឹង បានឃើញនូវអ្វីដែលជាកេរមរតវប្បធម៌របស់បុព្វបុរសខ្មែរ។

ទស្សនីយភាពល្ខោនក្បាច់បុរាណ រឿង “ព្រះបាទជ័យវរ្ម័នទី៧ និងព្រះនាងឥន្ទ្រទេវី” នេះជាស្នាដៃសិល្បៈល្ខោនហ្លួង ឬល្ខោនព្រះរាជទ្រព្យ ឬល្ខោនក្បាច់បុរាណខ្មែរខ្នាតធំ បន្តពី ល្ខោនក្បាច់បុរាណ រឿង “ព្រះនាងឥន្ទ្រទេវី និងជ័យរាជទេវី” របស់អ្នកគ្រូ ឱម យុវណ្ណឌី ដែលធ្លាប់ការគាំទ្រ និងលើកសរសើរជាខ្លាំងពីមន្ត្រីជាន់ខ្ពស់ បញ្ញវន្ត និងមហាជនគ្រប់ស្រទាប់។ ល្ខោនព្រះរាជទ្រព្យខ្នាតធំនេះ មានតួរហូតជាង ១៥០រូប គ្រោងសម្ដែងកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ នេះ បន្ទាប់ពីបានអាកខាន និងលើកពេលវិញ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម