នៅសល់តែប៉ុន្មានថ្ងៃទៀតខាងមុខនេះបុណ្យ Christmas ឬហៅថា បុណ្យណូអែលនឹងប្រាព្ធធ្វើឡើងហើយនៅស្ទើរទូទាំងពិភពលោក។ តើប្រិយមិត្តដឹងទេថា បុណ្យនេះមានប្រភពមកពីណា? មានន័យយ៉ាងម៉េចដែរទេ? ថ្ងៃនេះKPT Plus សូមនាំប្រិយមិត្តមកស្គាល់ពីប្រភពនិងអត្ថន័យនៃបុណ្យណូអែលជាមួយគ្នា។
ការប្រារព្ធបុណ្យណូអែលបានចាប់ផ្តើមដំបូងនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលីប្រហែលឆ្នាំ ៣៣៦នៃគ្រិស្តសករាជ។ បន្ទាប់មកវាធ្វើឡើងនៅប្រទេសប្រទេសអាល្លឺម៉ង់ ហើយបានរីករាលដាលដល់ផ្នែកផ្សេងទៀតនៃពិភពលោកជាពិសេសប្រទេសអង់គ្លេសនិងសហរដ្ឋអាមេរិក។ បច្ចុប្បន្នបុណ្យនេះក៏បានសាយភាយនៅអាស៊ី និងបានជ្រៀតចូលក្នុងប្រទេសកម្ពុជាយើងផងដែរ។
បុណ្យណូអែលជាពិធីបុណ្យគ្រិស្តសាសនា ដែលពិធីនេះធ្វើឡើងដើម្បីរឭកពីកំណើតរបស់ព្រះយេស៊ូ។ ក្នុងភាសាអង់គ្លេសពាក្យថា Christ ប្រែមកថា ព្រះគ្រិស្ត។ ដូច្នេះគេអាចហៅពិធីបុណ្យនេះ ថាបុណ្យកំណើតព្រះយេស៊ូវ ឬបុណ្យណូអែល ឬបុណ្យ Christmas។ ប្រភពដើមនៃការចាត់តាំងថ្ងៃទី ២៥ ខែធ្នូជាថ្ងៃកំណើតរបស់ព្រះយេស៊ូមិនច្បាស់លាស់នោះទេ។ គេគ្រាន់តែដឹងថាព្រះយេស៊ូវប្រសូតនៅរដូវត្រជាក់។ ដោយសារស្រុកកំណើតដែលព្រះយេស៊ូវប្រសូតគឺក្នុងប្រទេសអ៊ីស្រាអែល ហើយនៅទីនោះដូវត្រជាក់គឺនៅខែមេសា។ ប៉ុន្តែគេបានជ្រើសរើស រដូវត្រជាក់ជារួមរបស់ពិភពលោក ដែលភាគច្រើនរដូវត្រជាក់នៅគឺខែ ធ្នូនេះឯង។ ក្រោយមកវាបានក្លាយជាកាលបរិច្ឆេទដែលទទួលយកជាសកល។
និទានកថាពីកំណើតរបស់ព្រះយេស៊ូវដែលបានបញ្ជាក់នៅក្នុងគម្ពីរសាសនាគ្រិស្តនិយាយថា ព្រះយេស៊ូវបានប្រសូតនៅភូមិបេថ្លេហិមស្របតាមទំនាយនៃព្រះមេស្ស៊ី។ ពេលយ៉ូសែបនិងម៉ារីយ៉ាដែលជាឪពុកម្ដាយរបស់ព្រះយេស៊ូវមកដល់ទីក្រុង ផ្ទះសំណាក់ទាំងអស់គ្មានកន្លែងទំនេរសម្រាប់ពួកគេសម្រាកទេ។ ដូច្នេះពួកគេត្រូវបានឱ្យស្នាក់ក្នុងក្រោលសត្វជាកន្លែងដែលព្រះគ្រីស្ទបានប្រសូត។ នៅថ្ងៃបន្ទាប់បានមានពួកហោរាបានឃើញផ្កាយរះនៅទិសខាងកើត ដែលជាសញ្ញានៃការចាប់កំណើតរបស់ព្រះសង្រ្គោះរបស់ពួកគេ ដូច្នេះពួកហោរាទាំងនោះបាននាំយកដង្វាយទៅថ្វាយដល់បុត្រនោះ។ ដោយហេតុនេះ ទើបនៅក្នុងការពិធីបុណ្យណូអែលគេ តែងតែមានអំណោយសម្រាប់ជូនគ្នាទៅវិញទៅមក ដោយយកលំនាំតាមដំណាលនេះឯង។
ទំនៀមទម្លាប់បុណ្យណូអែលមិនមានដើមកំណើតនៅក្នុងការអះអាងខាងទ្រឹស្ដីសាសនា ឬមានចែងក្នុងគម្ពីរឡើយ។ វាគ្រាន់តែជាការប្រារព្ធឡើងដោយគ្រិស្តបរិស័ទ ដោយចង់រំឭកពីវត្តមានរបស់ព្រះយេស៊ូវនៅលើផែនដីប៉ុណ្ណោះ។
ចំពោះនិមិត្តសញ្ញាដែលគេប្រើនៅក្នុងពិធីបុណ្យនេះមានដូចជា ដើម Evergreen ដែលជាគេស្គាល់ទូទៅថាដើម Christmas ពណ៌បៃតងចាស់ វាជាតំណាងនៃជីវិតយឺនយូរ ដោយសារដើមនេះវាធន់នឹងអាកាសធាតុត្រជាក់ និងរស់បានយូរបំផុត។ ចំណែកផ្កាយពណ៌លឿង ជាតំណាងនៃការចាប់កំណើតរបស់ព្រះយេស៊ូវ។ រីឯពណ៌ក្រហមដែលគេនិយមប្រើក្នុងពិធីបុណ្យនេះ ជាតំណាងនៃលោហិតព្រះយេស៊ូដែលសុគតលើឈើឆ្កាង។ ហើយចុងក្រោយគេគឺពណ៌ស ដែលតំណាងព្រិលធ្លាក់នៅរដូវត្រជាក់៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ហេតុអ្វីបានជាប្រជាជនអេហ្ស៊ីបបុរាណគោរពបូជាសត្វឆ្មាខ្លាំងម្លេះ?
ចុចអាន៖ អំពីគ្រិស្តសាសនា ដែលមនុស្សជាតិច្រើនជាងគេលើពិភពលោកគោរពជឿតាម