អ្នកការពាកម្ដៅថ្ងៃ ឬ SPF (Sun protection factor) គឺជាសារធាតុការពារកម្តៅថ្ងៃនៅក្នុងឡេ ឬសម្លៀកបំពាក់ ដែលអាចការពារស្បែកពីកាំរស្មី UVA និងកាំរស្មី UVB ពីព្រះអាទិត្យ។ វាជារង្វាស់នៃរយៈពេលដែលស្បែកត្រូវឆេះពីកាំរស្មីយូវី ដែលជាទូទៅ SPF 30 មានប្រសិទ្ធិភាព ៣០ ម៉ោង រីឯ SPF 50 អាចមានប្រសិទ្ធិភាព ៥០ ម៉ោងឬច្រើនជាងនេះ អាស្រ័យលើការប្រើត្រឹមត្រូវឬអត់។
តើ SPF អ្វីដែលគួរប្រើ ?
វិធីការពារស្បែកល្អបំផុតពេលនៅខាងក្រៅពេញមួយថ្ងៃដូចជា អាងហែលទឹក ឧទ្យាន សួនកម្សាន្ត ឆ្នេរ ឬកន្លែងផ្សេងទៀត យើងត្រូវប្រើឡេដែលមានសារធាតុ SPF ចាប់ពី ៣០ ឡើងទៅ។ នេះបើយោងតាមអាជ្ញាធរសុខាភិបាលបានណែនាំ។
យ៉ាងណាមិញ គួរប្រើឡេ SPF 15 បានហើយ បើគ្រាន់តែចេញទៅធ្វើការក្នុងការិយាល័យ។ ប៉ុន្តែវេជ្ជបណ្ឌិតរោគសើស្បែកអាមេរិក ទូន្មានថា ប្រសិនបើប្រើ SPF ត្រឹម ១៥ យើងគួរលាបឡេស្បែករៀងរាល់ ២ ម៉ោងម្តង ទើបជាការល្អ។
ក្នុងនោះ អ្នកជំនាញបន្ថែមថា ដើម្បីការពារកាំរស្មី UVA និងកាំរស្មី UVB ពីព្រះអាទិត្យឲ្យមានប្រសិទ្ធភាព ត្រូវប្រាកដថាឡេការពារកម្តៅថ្ងៃដែលនឹងទិញមកប្រើមានបញ្ជាក់ SPF យ៉ាងច្បាស់នៅលើដប។
ចំពោះ SPF 100 មានលក្ខណៈបែបណា?
Set with SPF sunscreen cosmetics, sketch in doodle style. Sun protection factor for summer face and body care, icons with bright grunge watercolor stains. Fashion and beauty concept
ចាប់ពីដើមទសវត្សឆ្នាំ ២០០០ យីហោគ្រឿងសម្អាងជាច្រើន ផ្តើមប្រកួតប្រជែងគ្នា ដោយដាក់ឡេការពារកម្តៅថ្ងៃរបស់ខ្លួនដែលមាន SPFs ខ្ពស់រហូតដល់ ១០០ ដើម្បីទាក់ទាញអតិថិជន។
បើតាមការសិក្សាដែលបានចុះផ្សាយក្នុងទស្សនាវដ្តីនៃវិទ្យាស្ថានវិទ្យាសាស្ត្ររោគស្បែកអាមេរិក (JAAD) កាលពីចុងឆ្នាំ ២០១៧ បានបញ្ជាក់ថា យើងទាំងអស់គ្នាគួរតែទិញ SPF ខ្ពស់បំផុតតាមដែលអាចធ្វើទៅបានដោយសង្កត់បន្ថែមថា SPF 100+ អាចការពារប្រឆាំងនឹងពន្លឺព្រះអាទិត្យបានល្អជាង SPF 50 ។
ដោយឡែក នៅក្នុងឆ្នាំ ២០១៩ ការសិក្សាមួយទៀតដែលចេញផ្សាយនៅក្នុង JAAD ដដែលបានបង្កើតលទ្ធផលស្រដៀងគ្នានេះដោយអះអាងថា SPF 100+ ពិតជាមានប្រសិទ្ធិភាពខ្ពស់ពិតមែន។
ទោះយ៉ាងណាអ្នកជំនាញខ្លះជំទាស់ថា ឡេការពារកម្តៅថ្ងៃមាន SPF 100+ ផ្តល់កម្រិតការពារខ្ពស់ជាង SPF 50 តែ ១% ប៉ុណ្ណោះ ដោយ SPF 50 រារាំងកាំរស្មីយូវីបាន ៩៨% ខណៈ SPF 100 អាចទប់ស្កាត់បាន ៩៩%។ ចំណុចខុសគ្នាត្រង់ថា បើប្រើឡេមានសារធាតុ SPF ខ្ពស់ យើងមិនចាំបាច់លាបឡេញឹកញាប់ប៉ុណ្ណោះឯង។
ការណែនាំពីការប្រើឡេការពារកម្តៅថ្ងៃឲ្យបានត្រឹមត្រូវ៖
១. មនុស្សគ្រប់គ្នា គួរតែលាបឡេការពារកម្តៅថ្ងៃកុំគិតពីសម្បុរស្បែក ព្រោះអ្នកណាក៏អាចកើតជំងឺមហារីកស្បែកបានដែរ។
២. ឡេការពារកម្តៅថ្ងៃដែលអាចការពារប្រឆាំងទាំងការខូចស្បែកនិងស្នាមជ្រួញត្រូវមានដាក់អក្សរ UVB ។
៣. ឡេការពារកម្តៅថ្ងៃទាំងអស់មិនថាមាន SPF ប៉ុន្មានក៏ដោយ វានឹងលែងសូវមានប្រសិទ្ធភាព បើយើងបែកញើសខ្លាំងឬងូតទឹក។ ហេតុនេះ ត្រូវលាបឡេការពារកម្តៅថ្ងៃរៀងរាល់ពីរម៉ោងម្តង ដើម្បីទទួលការការពារបានល្អ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Cnet