អ្នកចូលចិត្តការទស្សនាសង្គម Youtube ប្រាកដជាស្គាល់នារីដ៏ស្រស់ស្អាតជនជាតិចិននាង Li Ziqi ដែលជា Youtuber កំពុងទទួលបានការចាំអារម្មណ៍ពីអ្នកចូលចិត្តប្រព័ន្ធសង្គមវីដេអូយក្សមួយនេះ។ ល្បីតាមរយៈវីដេអូធ្វើម្ហូប សំលៀកបំពាក់ និងគ្រឿងសង្ហាររឹមផ្សេងៗ Li Ziqi បានចាប់ផ្ដើមធ្វើជា Youtuber ចាប់ពីឆ្នាំ ២០១៧ នៅពេលដែលនាងបានត្រឡប់ទៅជនបទវិញដើម្បីជួយយាយរបស់នាង។
នៅថ្ងៃទី ២១ ខែសីហា Li Ziqi បានបង្កើតគណនី Youtube ហើយបីថ្ងៃក្រោយមកនាងបានបង្ហោះវីដេអូមួយដែលបានធ្វើរ៉ូបនិងយកទំពាំងបាយជូរធ្វើជាទឹកថ្នាំជ្រលក់។ វីដេអូនោះទទួលបានការចូលទស្សនាចំនួន ១០,៤ លានដង និងទទួលបាន Like ២៥៤ ០០០ ក្នុងរយៈពេលពីរឆ្នាំ។
នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៨ នាងបានបង្ហោះវីដេអូមួយដែលបានយកឫស្សីដែលបានប្រមូលមកយកទៅធ្វើជាគ្រឿងសង្ហាររឹមដោយខ្លួនឯង។ វីដេអូនោះមានការចូលទស្សនាជាង ៣០,១ លានដងនិងការ Like ៧៨២ ០០០ ក្នុងរយៈពេលមួយឆ្នាំ។
នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នាងបានបង្ហោះវីដេអូមួយទៀតដែលនិយាយពីនិទាឃៈរដូវ ដែលវីដេអូនោះដាក់ចំណងជើងថា “Peanut and melon seeds, dried meat, dried fruit, snowflake cake” ។ វីដេអូមួយនេះទទួលបានការចូលទស្សនាជាង ៣៩,៣លានដង និងការ Like ៥៩៤ ០០០ ក្នុងរយៈពេល១០ខែ។
គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៩ នាងទទួលបាន Subscriber ចំនួន ៧,២៨ លាននាក់។ ចំណែកឯ Twitter មានចំនួន ៩០០០ នាក់និងនៅលើហ្វេសប៊ុកមាន ២,៨ លាននាក់។
ខ្លះៗមុនចាប់ផ្ដើមជា YouTuber
Li Ziqi កើតថ្ងៃទី៦ កក្កដាឆ្នាំ១៩៩០ នៅ Pingwu, Mianyang, Sichuan ប្រទេសចិន។ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នាងបានធ្វើការសម្ភាសន៍ជាមួយ Goldthread ដែលទទួលបានការចូលមើលដល់ទៅ ២ លានដង។ ក្នុងការសម្ភាសន៍នាងបាននិយាយពីភាពលំបាកដែលជួបប្រទះពេលនាងនៅតូច ដែលបានជំរុញឱ្យ Li Ziqi ចាកចេញទៅរស់នៅទីក្រុងដើម្បីចិញ្ចឹមជីវិត។ ពេលនៅទីក្រុង Li Ziqi បានធ្វើការជាឌីជេ អ្នករត់តុ និងការងារផ្សេងៗទៀត រហូតដល់ពេលជីតាបានស្លាប់ ទើបនាងត្រឡប់មករស់នៅជាមួយជីដូនវិញដើម្បីមើលថែគាត់ ព្រមទាំងចាប់ផ្ដើមជីវិតជា Youtuber ៕
ប្រែសម្រួល៖ សន ផានិត
ចុចអាន៖ មហាសេដ្ឋីដែលធ្វើការងារមនុស្សធម៌លើសហួសពីអ្វីដែលយើងបានដឹង
ចុចអាន៖ ក្បាច់គុនកុងហ្វូដែលកម្លាយចេញពីការប្រយុទ្ធរវាងសត្វពស់និងឥន្ទ្រី