ប្រផ្នូលរមែងតែងប្រាប់យើងឲ្យដឹងពីអ្វីដែលកំពុងកើត ឬអាចនឹងកើតឡើងនៅនាពេលខាងមុខ។ ប្រផ្នូលខ្លះប្រាប់ពីហេតុការណ៍ ខ្លះប្រាប់ពីសំណាង និងខ្លះទៀតប្រាប់ពីអារម្មណ៍មនុស្សណាម្នាក់មកលើយើង។
ខាងក្រោមជាសញ្ញាទាំង ៨ ប្រផ្នូលពីនរណាម្នាក់គិតវិជ្ជមាន ឬអវិជ្ជមានមកលើយើង៖
១. កណ្ដាស់
ជំនឿនេះមានឫសគល់នៅក្នុងវប្បធម៌អាស៊ីយើង។ គេជឿជាក់ថា ពេលនរណាម្នាក់គិតពីយើងពី ច្រមុះយើងចាប់ផ្ដើមរមាស់ និងធ្វើឱ្យកណ្តាស់ម្តងជាពីរដង។
ទោះយ៉ាងណា បើករណីយើងឈឺ ជំនឿនេះត្រូវបានលើកលែង។ ប៉ុន្តេ បើសុខៗស្រាប់តែកណ្ដាស់ វាមិនជាអាការៈផ្តាសាយទេ តែមានន័យថា មានមនុស្សនឹកដល់យើងច្បាស់ណាស់។
ប្រសិនកណ្តាស់ពីរដង បង្ហាញថា គេនិយាយអវិជ្ជមានពីយើង។ បើកណ្តាស់បីដងឬច្រើនជាងនេះ បង្ហាញថា គេគិតវិជ្ជមាន ថែមទាំងខ្លាចអាចបាត់យើងទៀតផង!
២. ក្ដៅស្លឹកត្រចៀកឬថ្ពាល់
សុខៗថ្ពាល់ ឬត្រចៀក ចាប់ផ្ដើមក្ដៅភាយៗ ដូចមានអ្នកទះប៉ុន្មានដៃ នោះជាសញ្ញាមានគេកំពុងនិយាយអាក្រក់ពីយើងយ៉ាងប្រាកដ។ ជួនកាលថ្ពាល់ឡើងក្រហមងូវ ទាំងដែលយើងគ្មានអារម្មណ៍អៀនប្រៀនអីផង នោះក៏បង្ហាញថា គេនិយាយមិនល្អពីក្រោយខ្នងដែរ។
៣. អួល ឬស្លាក់
ជារឿងធម្មតាទេ ដែលកំពុងតែទទួលទានអាហារ យើងអួលឬស្លាក់ឆ្អឹងជាដើម។ ប៉ុន្តែមិនញ៉ាំអីផង ក៏អួលដោយចៃដន្យ នោះជាសញ្ញាថា មាននរណាម្នាក់កំពុងគិតពីយើង ហើយ ជាធម្មតា វាមានន័យថា ម្នាក់នោះកំពុងជេរប្រមាថ ឬបង្កាច់បង្ខូចពីយើង។
ទោះយ៉ាងណា មូលហេតុដែលអួលនៅដើម ក អាចមកពី បរិភោគច្រើនជ្រុល ផឹកហួសកម្រិត ញ៉ាំលឿនពេក និង ជំងឺរលាកសរសៃប្រសាទ។ល។
៤. ញាក់ភ្នែក
អបិយជំនឿជាច្រើនជឿថា បុរសដែលញាក់ភ្នែកស្ដាំនឹងជួបរឿងល្អ ឯភ្នែកឆ្វេងប្រផ្នូលរឿងអាក្រក់។ ផ្ទុយពីស្ត្រីភ្នែកឆ្វេងមានលាភ រីភ្នែកស្ដាំនឹងជួបរឿងមិនល្អ។
ដោយឡែក បើយោងតាមក្បួនវេជ្ជសាស្ត្រមនុស្សឧស្សាហ៍ញាក់ភ្នែកអាចមកពី អាឡ័កហ្ស៊ីអ្វីមួយ ស្ត្រេសច្រើន ប្ដូររបបអាហារ ហត់នឿយ និងកត្តាមួយចំនួនទៀត។
៥. ត្អើក
ត្អើកជាទូទៅ កើតឡើងបន្ទាប់ពីការញ៉ាំអាហារ ស្លាក់ ឬអួល។ យ៉ាងណាមិញ បើពុំមានស្លាក់ ឬអួលអាហារទេ អាការៈនេះបង្ហាញថា មានមនុស្សដែលជិតដិតមានបញ្ហាស្ត្រេស ឬតានតឹងខ្លាំងមិនអាចដោះស្រាយ ហើយគេនឹកគិតដល់យើង។ ជួនកាល ការនឹកគិតនោះអាចត្រឹមជាអារម្មណ៍រំឭកពេលគេបញ្ហា និងជួនកាលទៀត គេអាចចង់សុំជំនួយពីយើង។
៦. អារម្មណ៍មានមនុស្សប៉ះរាងកាយ
តើធ្លាប់មានអារម្មណ៍ដូចមាននរណាប៉ះយើងដែរទេ? ប៉ុន្តែពេលងាករកមើល បែរជាមិនឃើញទៅវិញ។
សញ្ញានេះ មានន័យថា នរណាម្នាក់កំពុងចង់បញ្ជូនសារប្រាប់ថា គេគិតខ្វល់ជាមួយយើងខ្លាំង។ មួយវិញទៀត បើសិនទទួលអារម្មណ៍ថាដូចមានមនុស្សស្ទាបខ្នង នោះមានន័យថា គេចង់លួងលោមយើងពីទុក្ខសោកដែលកំពុងប្រឈម។
៧. ព្រឺរោម ឬសម្បុរគីង្គក់
ធម្មតា យើងរមែងព្រឺរោម ឬសម្បុរគីង្គក់ទៅនឹងអ្វីដែលធ្វើឲ្យអារម្មណ៍រំភើបខ្លាំងរួមមាន ស្ដាប់ចម្រៀង មើលភាពយន្ត ឬជួនកាលជាអារម្មណ៍ព្រឺព្រួចរន្ធត់។ល។
ផ្ទុយទៅវិញ បើមិនស្ថិតក្នុងករណីខាងលើទេ ប្រាកដណាស់ នរណាម្នាក់មានបញ្ហាផ្លូវចិត្តហើយចង់ឲ្យជួយដោះស្រាយ។
៨. សុបិន
ឃើញនរណាម្នាក់នៅក្នុងក្តីសុបិន ទាំងដែលមិនបាននឹករឮកជាយូរមកហើយ មានន័យថា គេកំពុងគិតពីយើង។ ដោយសារទំហំនៃការនឹកគិតរបស់គេខ្លាំង ដូច្នេះគេអាចបង្ហាញក្នុងសុបិនយើង។ ក្នុងករណីនេះមិនមានវិធីដើម្បីដឹងច្បាស់ថា តើគេកំពុងគិតវិជ្ជមានឬមានគំនិតមិនល្អមកលើយើងឡើយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ powerofpositivity
ចុចអាន៖ ជួបសញ្ញាទាំង ៦នេះ ជាប្រផ្នូលនៃលាភសំណាងហូរចូលពេញផ្ទះ
ចុចអាន៖ បកស្រាយអត្ថន័យ និមិត្តសញ្ញាត្រីនៅលើបាតដៃ អាក្រក់ ឬល្អ