យោងតាម franchising.com ដែលទើបនឹងចេញផ្សាយ ប្រេន កាហ្វេ Gloria Jean’s របស់សហរដ្ឋអាមេរិក ជាប់ចំណាត់ថ្នាក់ ជាម៉ាកហាងកាហ្វេកំពូលទាំងបីនៅក្នុងលោក ផ្អែកលើវិធីបម្រើសេវាកម្មដ៏ល្បីដែលអតិថិជនទទួលស្គាល់។
យ៉ាងណាមិញ កាសែត Newsweek កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០១៩ ក៏បានលើកឡើងដែរថា Gloria Jean’s Coffees បានផ្តល់នូវរសជាតិឈ្ងុយឆ្ងាញ់ប្រមាណ ៤០ ឆ្នាំមកហើយនេះ ត្រូវបានគេឱ្យចំណាត់ថ្នាក់កំពូល ដោយការស្ទង់មតិលើអតិថិជនដឹកនាំដោយក្រុមស្រាវជ្រាវរបស់កាសែត Newsweek ។
ការស្ទាបស្ទង់នេះ ធ្វើឡើងលើ អតិថិជនជាង ២ ម៉ឺននាក់នៅសហរដ្ឋអាមេរិក ដោយស្នើសុំឱ្យចូលរួមវាយតម្លៃម៉ាកកាហ្វេ Gloria Jean’s Coffees ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យ ៥ រួមមាន ១. គុណភាពនៃការទំនាក់ទំនង ២. រសជាតិ ៣. បច្ចេកទេស ៤. កម្រិតសេវាកម្ម ៥. ភាពងាយស្រួល។
លោក Sam Ferreira ប្រធានក្រុមហ៊ុន Gloria Jean’s Coffees មានប្រសាសន៍ថា Gloria Jean’s រីករាយណាស់ដែលបានជាប់ឈ្មោះក្នុងចំណោមហាងកាហ្វេកំពូល ៗ ទាំងបីសម្រាប់ភាពល្អឥតខ្ចោះក្នុងសង្វាក់សេវាកម្មជូនអតិថិជន។
ដោយមានហាងប្រមាណ ៥៨ នៅទូទាំងអាមេរិក Gloria Jean’s Coffees កំណត់យកតែកាហ្វេសុទ្ធពីធម្មជាតិ ១០០% ដោយប្រមូលពីបណ្តាចម្ការកម្រនានានៅពាសពេញពិភពលោក ហើយគ្រាប់កាហ្វេគឺទិញមកឆៅទំាងអស់ ទើបដុតផ្ទាល់ដៃអ្នកជំនាញ នៅទីស្នាក់ការកណ្តាល Gloria Jean’s Coffees រដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូង។
ម៉ាកសញ្ញានេះកំពុងផ្តល់សិទ្ធិក្នុងការលក់បន្តជាង ១០០០ កន្លែងលើ ៣៩ ប្រទេសក្នុងនោះមានជាង ៤៦០ ហាងមានទីតាំងនៅប្រទេសអូស្រ្តាលី។ កម្ពុជាយើងក៏មានប៉ុន្មានសាខាដែរ។
ហាងកាហ្វេ Gloria Jean’s ដំបូងគេបង្អស់ បានត្រូវបង្កើតឡើងនៅឡុងហ្គ្រោន រដ្ឋអ៊ីលីណីយ នាឆ្នាំ ១៩៧៩ ដោយប្រើឈ្មោះ Gloria Jean Kvetko ៕
ប្រែសម្រួល៖ សាយ ពេជ្រ
ចុចអាន៖ ៨ យ៉ាងត្រូវគិតមុនសម្រេចចិត្តបើកហាងកាហ្វេ
ចុចអាន៖ វីរបុរសរបស់ STARBUCKS ៖ «មានជំនឿ១០០ភាគរយសិន សឹមចាប់ផ្ដើមអាជីវកម្ម»