ប្រជាកសិករ ដែលរងគ្រោះដោយទឹកជំនន់ ចំនួន៣ ស្រុក ក្រុង មាន ក្រុងសិរីសោភ័ណ ស្រុកមង្គលបូរី និងស្រុកព្រះនេត្រព្រះ នាខេត្តបន្ទាយមានជ័យ បានទទួលពូជស្រូវចម្រុះ ពីលោក ហ៊ុន ម៉ា ណែត តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹក ថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅផ្សារធំថ្មីបូរីជ័យ២ ភូមិចំការតាដោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ។
នៅក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត តំណាងសម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ ផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ អត់អាហារស្លាប់ដោយពុំបានដឹងឮពីអាជ្ញាធរនោះឡើយ។
លោកបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំយ៉ាងប្ដូរផ្ដាច់ ដើម្បីអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់ស៊ីជម្រៅ និងអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្មឧស្សាហកម្ម ដែលកំពុងតែដើរតួរនាទីយ៉ាងសំខាន់ ក្នុងការជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ រក្សានៅសន្តិសុខស្បៀងអាហារជូនប្រជាជនកម្ពុជា នឹង កាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ នៅក្នុងសមរភូមិសង្គ្រាម ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ រួមទាំងដោះស្រាយបញ្ហាប្រឈមពីគ្រោះទឹកជំនន់ផងដែរ ។
លោក ហ៊ុន ម៉ាណែត បានសំណូមពរ និង ណែនាំប្រជាកសិករទាំងអស់ សូមយកពូជស្រូវទាំងនេះ ទៅបង្កបង្កើនផល ក្នុងការស្តារ ឡើងវិញ និង ត្រូវមានការអធ្យាស្រ័យឲ្យគ្នា ក្នុងការចែករំលែកទឹកស្រោចស្រព ដំណាំស្រូវ ផងដែរ ។
លោក អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ផលប៉ះពាល់ ដោយទឹកជំនន់នាពេលកន្លងមក បានប៉ះពាល់ដល់ពលរដ្ឋ ចំនួន៥.៤៩៦គ្រួសារ ស្មើ ១៨៨.៩០១នាក់ ស្រី៩៦.២៩៦នាក់ មនុស្សស្លាប់ ចំនួន២៧នាក់ បានជម្លៀស ទៅទីទួលសុវត្ថិភាព ២០.០៨៧នាក់ ស្រី១០.៥៥៦នាក់ ស្រូវខូចដោយទឹកជំនន់ ចំនួន៦៨.៩៣៩ហិចតា ដំឡូងមី ១២.៨៤៥ហិចតា ដំណាំរួមផ្សំ៦៧៦ហិចតា និងខូចខាត ហេដ្ឋារចនាសម្ព័ន្ធ ៩៧២កន្លែង ស្មើ៧៥៤.៥៨១ម៉ែត្រ។
សូមបញ្ជាក់ថា នៅក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត បានចែកអំណោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយក្នុង១គ្រួសារ ទទួលបាន ស្រូវពូជចម្រុះ ១០០គីឡូ អង្ករ ២៥គីឡូ ទឹកត្រី ទឹកស៊ីអ៊ីវ ២យួរ ត្រីខ ១យួរ ម៉ុង ភួយ១ឆុត ថវិកា ៥០.០០០រៀល៕
អត្ថបទ ៖ វ៉ាន់ ណាង