Connect with us

ព័ត៌មានជាតិ

តំណាងកម្ពុជានៅហ្សឺណែវ ខកចិត្តចំពោះការចេញផ្សាយព័ត៌​មានរបស់អ្នករាយការណ៍ពិសេសចំនួន៤ រូប

បានផុស

នៅ

ស្ថានបេសកកម្មអចិន្រ្តៃយ៍នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងហ្សឺណែវ នៅថ្ងៃទី១៣ ខែមេសានេះ បានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះការចេញផ្សាយព័ត៌មានរបស់អ្នករាយការណ៍ពិសេសចំនួន៤ រូប ដែលបានមើលរំលងនូវទិដ្ឋភាពជារួមទាំងមូលនៃការប្រយុទ្ធប្រឆាំងរបស់កម្ពុជាទៅនឹងមេរោគកូវីដ១៩។ 

ស្ថានបេសកកម្មអចិន្រ្តៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ឱ្យដឹងថា អ្នកជំនាញខាងលើ ដែលមិនមែនជាបុគ្គលិករបស់អង្គការសហប្រជាជាតិ ប៉ុន្តែបម្រើការងារក្នុងសមត្ថភាពផ្ទាល់ខ្លួន តែងតែមានអារម្មណ៍ថា អ្វីៗគួរធ្វើទៅតាមរបៀបផ្សេង ដោយផ្អែកលើទស្សនៈផ្ទាល់ខ្លួនរបស់ពួកគាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងករណីគំនិតសាកល្បងរបស់ពួកគាត់មានការថ្លោះធ្លោយ បុគ្គលទាំងនោះពុំមានទំនួលខុសត្រូវអ្វីឡើយ។ ក៏ប៉ុន្តែ រាជរដ្ឋាភិបាលដែលត្រូវបានបោះឆ្នោតជ្រើសរើសដោយពលរដ្ឋកម្ពុជា តែងតែទទួលខុសត្រូវទាំងស្រុង ចំពោះរាល់ការសម្រេចចិត្តរបស់ខ្លួន ដោយផ្អែកលើការវាយតម្លៃអំពីហានិភ័យ ជាមួយនឹងវិធាននិងលក្ខណៈវិនិច្ឆ័យច្បាស់លាស់។

ស្ថានបេសកកម្មអចិន្រ្តៃយ៍នៃព្រះរាជាណាចក្រកម្ពុជាបន្តថា នៅទូទាំងពិភពលោក ការឆ្លើយតបនឹងការរាតត្បាតមេរោគកូវីដ១៩ តម្រូវឱ្យមានវិធានការវិសាមញ្ញ និងមិនធ្លាប់មានពីមុនមក ដោយគិតគូរអំពីស្ថានភាពប្រទេសនីមួយៗ។ ហើយនាយកប្រចាំតំបន់របស់អង្គការសុខភាពពិភពលោក និងតំណាងប្រចាំប្រទេសកម្ពុជា របស់ស្ថាប័នសុខភាពពិភពលោកមួយនេះ បានកោតសរសើរចំពោះវិធានការជាបន្តបន្ទាប់ដែលកម្ពុជាបានដាក់ចេញ និងអនុវត្តកន្លងមក រួមទាំង ការហាមឃាត់ការធ្វើដំណើរ និងការបិទខ្ទប់ដោយផ្នែកនៅតំបន់មួយចំនួន ដែលមានការឆ្លងរាលដាលនៃមេរោគកូវីដ១៩។

ម្យ៉ាងទៀតរាល់វិធានការដែលបានដាក់ចេញកន្លងមក តែងប្រកាន់ខ្ជាប់នូវគោលការណ៍នីត្យានុកូលភាព ភាពចាំបាច់ និងសមាមាត្រ។ ការសម្តែងក្តីព្រួយបារម្ភទៅលើច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ គឺជាការបំផ្លើស ព្រោះថាច្បាប់នេះពុំមានគោលបំណងដាក់ទោសទណ្ឌទៅលើបុគ្គលណាម្នាក់នោះទេ ប៉ុន្តែផ្ទុយទៅវិញ គឺដើម្បីលើកទឹកចិត្តឱ្យមានការចូលរួមប្រកបដោយទំនួលខុសត្រូវខ្ពស់ពីពលរដ្ឋគ្រប់រូប ក្នុងកិច្ចប្រឹងប្រែងដើម្បីធានាសុខភាពសាធារណៈ និងជីវិតដ៏មានតម្លៃរបស់បុគ្គលគ្រប់រូប។

ការដាក់ទោសទណ្ឌ ដែលសមាមាត្រទៅនឹងប្រភេទបទល្មើស និងចេតនានៃការប្រព្រឹត្ត គឺអនុវត្តចំពោះតែបុគ្គលបំពានច្បាប់ ដែលបង្កឱ្យមានការឆ្លងក្នុងសហគមន៍ប៉ុណ្ណោះ។ 

ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជានៅហ្សឺណែវ បន្តទៀតថា ការបង្ហាញអត្តសញ្ញាណផ្ទាល់ខ្លួនខ្លះរបស់បុគ្គលមួយចំនួនដែលមានផ្ទុកមេរោគកូវីដ១៩  ដោយរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានអនុញ្ញាតស្របតាមមាត្រា៤ នៃច្បាប់ខាងលើនិងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត។

ការបង្ហាញអត្តសញ្ញាណខាងលើតែងតែជាការសម្រេចចិត្តដ៏លំបាកនិងបន្ទាន់មួយ អាស្រ័យដោយភាពចាំបាច់បំផុត ក្នុងគោលបំណងកាត់ផ្តាច់ឱ្យបានឆាប់បំផុតនូវខ្សែសង្វាក់ចម្លងជំងឺទៅក្នុងសហគមន៍   ដែលមានការជាប់ពាក់ព័ន្ធនឹង  “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ” ដើម្បីជាផលប្រយោជន៍សុវត្ថិភាពសុខភាពសាធារណៈ និង សន្តិសុខរបស់ពលរដ្ឋទាំងមូល ដែលត្រូវបានធានាដោយច្បាប់អន្តរជាតិ។


ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជានៅហ្សឺណែវអះអាងទៀតថា បទពិសោធន៍របស់កម្ពុជាកន្លងមក ជម្រើសបណ្តោះអាសន្ននិងមានរយៈពេលកំណត់ក្នុងការបង្ហាញអត្តសញ្ញាណដូច្នេះ បានជំរុញនិងលើកទឹកចិត្តឱ្យមានការតាមរុករក ការធ្វើតេស្ត និងធ្វើចត្តាទ្បីស័ក បានលឿន និងទាន់ពេលវេលា ចំពោះបុគ្គលពាក់ព័ន្ធ។

ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំនៅទីក្រុងហ្សឺណែវ បញ្ជាក់ថាការអំពាវនាវឱ្យរដ្ឋាភិបាលផ្តល់ជំនួយសេដ្ឋកិច្ច គឺជាការធ្វើមិនដឹងមិនឮចំពោះការពិត ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងដាក់ចេញនូវគំនិតផ្តួចផ្តើមជាច្រើន ដើម្បីដោះស្រាយផលប៉ះពាល់សង្គម-សេដ្ឋកិច្ច និងគាំទ្រក្រុមងាយរងគ្រោះ ដើម្បីអនុញ្ញាតឱ្យពួកគាត់អាចឆ្លើយតបនឹងតម្រូវការមូលដ្ឋាន។

កិច្ចអន្តរាគមន៍ទាំងនោះរួមមាន ការផ្តល់ប្រាក់បៀវត្សរ៍ប្រចាំខែដល់និយោជិតក្នុងវិស័យកាត់ដេរនិងទេសចរណ៍ ដែលការងារពួកគាត់ត្រូវបានព្យួរ   កម្មវិធីផ្ទេរសាច់ប្រាក់ជូនគ្រួសារក្រីក្រ  ជំនួយឧបត្ថម្ភសម្រាប់បង់ថ្លៃទឹកភ្លើងជូនគ្រួសារដែលរងគ្រោះដោយសារមេរោគកូវីដ១៩ ការផ្គត់ផ្គង់ស្បៀងអាហារសម្រាប់តំបន់ដែលបានបិទខ្ទប់  និងសេចក្តីណែនាំឱ្យវិស័យមីក្រូហិរញ្ញវត្ថុបន្ធូរបន្ថយការបង់ប្រាក់ជាបណ្តោះអាសន្នក្នុងអំឡុងពេលនៃការរាតត្បាតសកលនេះ ជាដើម។

ទន្ទឹមនេះ យុទ្ធនាការចាក់វ៉ាក់សាំងថ្នាក់ជាតិ របស់កម្ពុជាក៏ទទួលបានការកោតសរសើរពីអង្គការយូណេស្កូ បណ្ដាអង្គទូតបរទេស និងក្រុមទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ផងដែរ។ 
ស្ថានបេសកម្មអចិន្រ្តៃយ៍កម្ពុជាសូមបញ្ជាក់ជាថ្មីថា ការប្រយុទ្ធប្រឆាំងរបស់កម្ពុជាទៅនឹងមេរោគកូវីដ ១៩ បានដាក់បញ្ចូលនូវគុណតម្លៃសិទ្ធិមនុស្ស ដោយមិនទុកបុគ្គលណាម្នាក់ចោលឡើយ។

ម្យ៉ាងវិញទៀត មានតែការអនុវត្តឱ្យបានពេញលេញនិងមានប្រសិទ្ធភាពនូវវិធានការសុខាភិបាល រដ្ឋបាល និងផ្សេងទៀត រួមបញ្ចូលគ្នា ប៉ុណ្ណោះ ទើបអាចធានាបាននូវការសង្រ្គោះជីវិត សុវត្ថិភាពសុខភាពសាធារណៈ និងការវិលត្រឡប់ទៅរកជីវភាពប្រក្រតីថ្មីបានឆាប់រហ័ស៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម